មនុស្ស​មួយ​ចំនួន ​ហេតុ​ម្ដេច​​ចាប់​ជាតិ​ថ្មី​ហើយ ក៏នៅតែ​​​ចាំជាតិមុន​?


យើង​បាន​ជួប​ប្រទះ​នឹង​មនុស្ស​ចាំជាតិ​ច្រើន​ណាស់ ពាក្យ​ថា​«​ចាំជាតិ​»​គឺ​មនុស្ស​ដែល​ចាប់​កំណើត​មក​ហើយ​មាន​អាយុ​ប្រហែលជា​៤​ទៅ​៥​ឆ្នាំ ឬ​៧​ទៅ​៨​ឆ្នាំ​ក្មេង​នោះ​នៅ​ចាំជាតិ​របស់​ខ្លួន​ព្រោះ​ក្មេង​នោះ​ចេះ​និយាយ​រៀបរាប់​អំពី​រឿងហេតុ ផ្សេង​ៗ និង​ប្រវត្តិ​របស់​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​នៅ​មុន​ពេល​ក្មេង​នេះ​បាន​ចាប់កំណើត ។ វា​បាន​និយាយ​ប្រាប់​គេ​ថា កាលពី​ជាតិ​មុន​វា​ជាតា​ចាស់​ម្នាក់ ឬ​ជា​ស្រី​ម្នាក់​ឈ្មោះ​នេះ ឈ្មោះ​នោះ ហើយ​រស់នៅ​កន្លែង​ណា រកស៊ី​របរ​អ្វី ស្លាប់​ដោយសារ​អ្វី ។​ល​។

កាលបើ​ឃើញ​ក្មេង​នេះ​និយាយ​រឿង​ជាក់ស្ដែង​យ៉ាងនេះ អ្នកផង​ទាំងឡាយ​ក៏​មានការ​ឆ្ងល់​សម្បើម ហើយ​ក៏​ជឿ​ទាំងស្រុង​ថា មនុស្ស​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​នោះ​បាន​មក​ចាប់កំណើត​ម្តងទៀត ។ តែ​ធាតុ​ពិត​ក្នុង​រឿង​ចាប់កំណើត​នេះ​គ្មាន​នរណា​រក​ឃើញ​ស្មោះ ។

ចំពោះ​មនុស្ស​ស្លាប់​ហើយ អាច​ចាប់កំណើត​ឡើង​វិញ​នេះ យើង​គ្មាន​ឆ្ងល់ ឬ​មន្ទិល​សង្ស័យ​សូ​ម្បី​បន្តិច​សោះ ព្រោះ​យើង​បាន​តាមដាន​ស្រាវជ្រាវ​អស់​រយៈពេល​១៤​ឆ្នាំ​មក​ហើយ គឺ​ចាប់ពី​ឆ្នាំ​១៩៥៧​ម្ល៉េះ ពេល​នោះ​យើង​បាន​ស្រាវជ្រាវ​តាម​វិជ្ជាពេទ្យ វិជ្ជា​ជីវសាស្ត្រ វិជ្ជា​សត្ដវិទ្យា និង​ទស្សន​វិជ្ជា ។ ១៤​ឆ្នាំ​កន្លង​មក យើង​បាន​ប្រមូល​ឯកសារ​គ្រប់​បែប មក​ពិចារណា​ផ្សំ​ជាមួយ​ការ​អង្កេត​ជាក់ស្ដែង​នូវ​មនុស្ស​មួយ​ចំនួន​នៅ​គ្រប់​ខេត្ត​ដូច​នៅ​កំពង់កន្ទួត មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​នាង​អូន អាយុ​៧​ឆ្នាំ បាន​ប្រាប់​គេ​ថា នាង​កាលពី​ជាតិ​មុន​ស្លាប់​ដោយ​ត្រូវ​បារាំង​បាញ់ ។

នៅ​ស្លាប​លែង ខេត្ដកំពង់ស្ពឺ មាន​ក្មេង​ម្នាក់​អាយុ​១០​ឆ្នាំ បាន​ប្រាប់​គេឯង​ថា​វា​មាន​ប្រពន្ធ​មួយ​នៅ​ភូមិ​ថ្មី ប្រពន្ធ​ឈ្មោះ​នាង​ខ្សុក រកស៊ី​ធ្វើស្រែ​។ កាលពី​ជាតិ​មុន​ស្លាប់​ដោយ​ធ្លាក់​ពី​ចុង​ត្នោត ។

នៅ​ច្រាំង​ចំរេះ មាន​ចាម​ម្នាក់​ឈ្មោះ​នី នៅ​ពោធិ៍សាត់ មាន​កូនចៅ​ចិន​ម្នាក់​ឈ្មោះ​ហេង មួយ នៅ​កំពង់ឆ្នាំង​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​នាង​ស្អាត​នៅ​ក្រចេះ នៅ​ព្រៃវែង កំពង់ចាម កំពត បាត់ដំបង ភ្នំពេញ ។​ល​។ ស្ទើរតែ​គ្រប់​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា យើង​បាន​ទៅ​ជួប​ផ្ទាល់​នឹង​សាមីខ្លួន ហើយ​បាន​ទាំង​តាមដាន​ស្រាវជ្រាវ​ឫសគល់ ដើមហេតុ​នៃ​អ្នក​ចាំជាតិ និង​គ្រួសារ ពិសេស​យើង​បាន​តាមដាន​អ្នក​ម្ដាយ​ដែល​បង្កើត​ក្មេង​ចាំជាតិ​នោះ ។

លុះ​ការ​ព្យាយាម​តាមដាន យូរ​ៗ​ទៅ​យើង​បាន​ជួប​ប្រទះ​នូវ​រឿងហេតុ ចម្លែក​ៗ ដ៏​ច្រើន​មហិមា​យក​រឿងហេតុ​ទាំងនេះ​មក​ផ្ទឹម​គ្នា ហើយ​ពិចារណា​វែកញែក​តាម​របៀប​ជីវវិទ្យា និង​ក្បួន​ពេទ្យ យោង​តាម​ទស្សនវិជ្ជា​សម្ភារ​និយម បដិច្ចសមុប្បាទ គឺ​ស្រាវជ្រាវ​តាម​របៀប​វិទ្យាសាស្ដ្រ នៅ​ទីបំផុត​យើង​ដាក់​សេច​កី្ដ​សន្និដ្ឋាន​ដោយ​យោង​ទៅ​តាម​ហេតុផល​វិទ្យាសាស្ត្រ​ជា​ច្រើន​ប្រកា​រថា​មនុស្ស​ដែល​កើតមក​ហើយ​អាច​ចាំជាតិ​កំណើត​របស់​ខ្លួន​បាន គឺ​មាន​ទាក់ទង​ជា​សំខាន់ នឹង​ម្តាយបង្កើត​របស់​ខ្លួន ។

យើង​បាន​ពិនិត្យ​ឃើញ​មាន​ស្ដ្រី​ខ្លះ ប្ដី​ប្រពន្ធ មាន​សម្បុរ​សាច់​ស្បែក​ស​ទាំងអស់​គ្នា តែ​លុះ​បង្កើត​កូន​មក​មាន​សម្បុរ​ខ្មៅ​ព្រីក​ស្រអែម​ទៅ​វិញ​ហើយ​មាន​ប្តី ប្រពន្ធ​ខ្លះ​ខ្មៅ​មើល​តែ​ជនជាតិ​អាហ្វ្រិក លុះ​កើតកូន​មក​សស្គុស​មេ​ើ​ល​តែ​កូន​បារាំង ហើយ​មុខមាត់​ក៏​ស្អាតបាត កូន​ខ្លះ​កើតមក​មិន​ស្រ​ដៀង ឬ​ដូច​ឪពុក​ម្ដាយបង្កើត​ទេ បែរជា​ទៅ​ដូច​អ្នក​ដទៃ​ទៅ​វិញ ។

ត្រង់​ចំណុច​នេះ​យើង​បាន​តាមដាន​រក​ឫសគល់ ដោយ​បាន​ពិនិត្យ​ឃើញជាក់ស្ដែង​ជា​ច្រើន គឺ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​វា​មាន​សរសៃវិញ្ញាណ ផ្សេង​ៗ​ត​ភ្ជាប់​ជាមួយនឹង​ម្ដាយ វាទ​ទួល​អាហារ​ជាមួយ​ម្តាយ វា​បញ្ចេញ​លាមក​ជាមួយ​ម្ដាយ វា​ដកដង្ហើម​ជាមួយ​ម្ដាយ ដូច្នេះ​ឈាម​របស់​វា​ធ្វើ​ចលនា​ស្រប​ទាំងស្រុង​ជាមួយ​ឈាម​ម្ដាយ ។

បើ​អ្នក​ម្តាយ​នោះ​មាន​សុខភាព​មិន​ស្រួល ទារក​ក្នុង​ផ្ទៃ​នោះ​ក៏​ប្រែប្រួល​សុខភាព​ទៅ​តាម​ម្តាយ​ដែរ ។ ត្រង់នេះ​យើង​បាន​ពិនិត្យ​ឃើញ​ស្ត្រី ដែល​បង្កើតកូន​មក​មុខមាត់​ដូច​អ្នក​ដទៃ គឺ​បណ្តាល​មក​ពី​នៅ​ពេល​មាន​ទម្ងន់​ស្ត្រី​នោះ​ឯង​មានការ​ចាប់អារម្មណ៍​ច្រើន​ជា​អតិបរមា​ទៅ​លើ​រូប​មនុស្ស​ណា​ម្នាក់ អារម្មណ៍​នេះ​វា​នឹង​ធ្វើ​ឱ្យ​ខួរក្បាល​ស្ត្រី​នោះ​កម្រើក ការ​កម្រើក​ខួរក្បាល​នៃ​ស្ត្រី​មានគភ៌​នោះ វា​នឹង​ជះ​ឥទ្ធិពល​ទៅ​ដល់​ខួរក្បាល​ទារក​នោះ ក្នុង​ពេល​ជាមួយ​គ្នា​ដែរ បើ​សតិអារម្មណ៍​នេះ​ចេះ​តែ​កើត​មាន​ឡើង​ញឹកញយ​ទៅ សរសៃវិញ្ញាណ​ទាំងឡាយ​នៃ​អ្នក​ម្តាយ​នោះ នឹង​បញ្ជា​ទៅ​សរសៃ​វិញ្ញាណ​នៃ​ទារក​នោះ​គ្រប់​កាលៈទេសៈ ។ អាស្រ័យ​ហេតុនេះ លុះ​ទារក​នេះ​កើតមក វា​នឹង​មាន​សម្បុរ​និង​រូបរាង​ស្រ​ដៀង ឬ​ប្រហាក់ប្រហែល​គ្នា​នឹង​មនុស្ស​ម្នាក់​ដែល​ស្ត្រី​នោះ​បាន​ចាប់​អារម្មណ៍។

ដូច​ជា​នៅ​តា​ខ្មៅ មាន​ស្ត្រី​ម្នាក់​មានគភ៌​អាយុ​២៣​ឆ្នាំ នាង​ចូល​ចិត្ត​ដឹក​ក្មេង​ប្រុស​ម្នាក់​អាយុ​៣​ឆ្នាំ​ដែល​ជា​ក្មួយបង្កើត​របស់​ខ្លួន ទៅ​ដើរ​លេង​សួនច្បារ​និង​ទៅ​ដើរ​ផ្សារ​គឺ​ព្រោះ​នាង​ស្រឡាញ់​ក្មេង​ប្រុស​នោះ​ទៅ​ណា​បាត់​មុខ​មិន​បាន លុះ​ថ្ងៃក្រោយ​នាង​ប្រសូត​បានកូន​ប្រុស​មួយ កូន​នោះ​មាន​រូបរាង​សម្បុរ​សាច់ឈាម​ដូច​គ្នា​ទាំងរ​ស់នឹង​ក្មួយ​ប្រុស​នាង ។ នេះ​គ្រាន់តែ​ជា​ឧ​ទារ​ណ៍​មួយ​ក្នុង​ឧទាហរណ៍​រាប់រយ​ប៉ុណ្ណោះ ។

រឿង​ចាប់ជាតិ និង​រឿង​ខាងលើ​នេះ​មាន​សភាព​ប្រហាក់ប្រហែល​គ្នា គឺ​វា​មាន​ហេតុតែ​មួយ ។

នៅ​កំពង់កន្ទួត នាង​អូន អាយុ​ទើបតែ​បាន​មិន​ទាន់​ដប់​ឆ្នាំ​ផង នាង​អាច​និយាយ​រៀបរាប់​អំពី​ជាតិ​មុន នាង​ជា​ស្ត្រី​មេម៉ាយ​ម្នាក់​រកស៊ី​ទូល​អំបុក​ដើរ​លក់​ស្រាប់តែ​សម័យ​ថ្ងៃមួយ​នាង​កំពុង​ដើរ​កាត់​តាម​ភ្លឺស្រែ​ចេញ​មក​ថ្នល់​កៅស៊ូ ស្រាប់តែ​ត្រូវ​បារាំង​បាញ់​ផាំង​ដួល​ថ្មោ​ល ស្លាប់​មួយ​រំពេច​នៅ​ក្បែរ​ចិញ្ចើមថ្នល់​សម័យ​អាណានិគម ហើយ​នាង​និយាយ​ថា​នាង​ស្គាល់ឈ្មោះ​មនុស្ស​ច្រើន​ដែល​មាន​ទាក់ទង​រឿង​លក់ដូរ​ជាមួយ​នាង ។

ចំពោះ​រឿង​នេះ​យើង​តាមដាន​ទៅ​រក​ឃើញ​ថា​នៅ​ពេល​ដែល​ស្ត្រី​មេ​ម៉ា​យ​នោះ​នៅ​រស់​នៅ​ឡើយ គាត់​បាន​និយាយ​រឿងរ៉ាវ​សព្វគ្រប់ និង​ចុះឡើង​ផ្ទះ​ម្តាយ​នាង​អូន ម្តាយ​ជាតិ​ថ្មី ជា​រៀងរាល់ថ្ងៃ ហើយ​​នៅ​ពេល​ដែល​ស្ត្រី​មេម៉ាយ​នោះ​ត្រូវ​បារាំង​បាញ់​ស្លាប់ មីង​សាន ម្តាយ​ថ្មី​របស់​នាង​អូន បាន​មើលឃើញ ហើយ​បាន​ទាំង​ជួយ​លើកសព​ស្ត្រី​មេម៉ាយ​នោះ​យក​ទៅ​កាយ​ដី​កប់​ផង ។

ចំពោះ​​រឿង​នេះ យើង​បាន​ខំព្យាយាម​តាម​អង្កេត​ច្រើន​ពេលវេលា ដោយ​ចំណាយ​អស់​រយៈ​ជិត​១​ឆ្នាំ​ទីបំផុត​ទើបបាន​លទ្ធផល​ដូច​តទៅ​នេះ​៖

កាល​ដើម​ឡើយ អ្នក​មីង​សាន និង​ស្ត្រី​មេម៉ាយ​នោះ​ធ្លាប់​រកស៊ី​ជួញដូរ​ជាមួយ​គ្នា ធ្លាប់​រាប់អាន​គ្នា​ណាស់ លុះ​សម័យ​ថ្ងៃមួយ មីន​សាន​កំពុង​ធ្វើ​ដំណើរ​បម្រុង​ទៅ​ធ្វើ​ជំនួញ​នឹង​ស្ត្រី​មេម៉ាយ​នោះ ស្រាប់តែ​ទៅ​មិន​ទាន់​ដល់​ផ្ទះ​គាត់​ផង គាត់​ក្រឡេក​ទៅ​ឃើញ​ឡាន​ទាហាន​មួយ​បើក​វ៉ កាត់​តាម​ស្ពានថ្ម ពេល​នោះ​គាត់​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ផាំង​ចេញពី​ឡាន​ដែល​នៅ​លើ​ឡាន​សុទ្ធតែ​ជា​ទាហាន​បារាំង ។

មួយ​រំពេច​នោះ​មាន​សំឡេង​ស្ត្រី​ម្នាក់​ស្រែក​អូយ​មីង​សាន​ក៏​ក្រាប​បៀត​ភ្លឺស្រែ ចោល​ភ្នែក​ទៅ​ក៏​ស្រាប់តែ​ឃើញ​សព​ស្ត្រី​មេម៉ាយ​នោះ នៅ​ដេក​ស្តូ្ក​ក​ក្បែរ​ស្ពានថ្ម មាន​ឈាម​ហូរ​សស្រាក់​ពេញ​ក្បាល​។ លុះ​ឡាន​ទាហាន​ទៅ​ផុត​មីង​សាន​ស្ទុះ​ទៅ​ចាប់​អង្រួន​សព​នោះ​ទាំង​ទឹកភ្នែក​រហាម ។

មីង​សាន​ភ័យរន្ធត់​ជា​អតិបរមា គាត់​ក្រឡេក​មើល​ជុំវិញ​ខ្លួន ហើយ​ក៏​ប្រញាប់ប្រញាល់​យក​កម្ទេច​ធ្យូង​ក្បែរ​ទីនោះ​ចៃដន្យ​ដែល​កម្ទេច​ធ្យូង​នៃ​អ្នកស្រែ​បាន​មក​ចំអិន​អាហារ​នៅ​ក្បែរ​ស្ពាន​នោះ មក​គូស​ស្មងជើង​សព​ស្ត្រី​មេម៉ាយ​នោះ​។ ត្រង់នេះ​យើង​សូម​បញ្ជាក់​បន្តិច មីង​សាន​ជា​អ្នកមាន​ជំនឿ​ខាង​កម្មផល គាត់​មាន​អារម្មណ៍​ថា កាលណា​គាត់​គូស​ធ្យូង ឬ​កំបោរ​នៅ​លើ​ខ្លួន​មនុស្ស​ដែល​ស្លាប់​ទៅ​នោះ វេលា​ណាមួយ​ព្រលឹង​នៃ​សព​នោះ​នឹង​វិល​មក​ចាប់កំណើត​វិញ ហើយ​ស្នាម​គូស​នោះ​នឹង​នៅ​ដិត​ជាប់​មក​ជាមួយ នៅ​ជាតិ​ក្រោយ ជំនឿ​នេះ​បាន​ស្ថិត​ក្នុង​សតិអារម្មណ៍​មីង​សាន​តាំងពី​តូច​មក​ម្ល៉េះ ។

លុះ​គូសវាស​ស្រេចបាច់​ហើយ មីង​សាន​ប្រញាប់ប្រញាល់​ប្រមៀល​ស្ត្រី​មេម៉ាយ​នោះ​ចុះ​ទៅ​កាយ​ដី​ក្បែរ​មាត់​ស្ទឹង​កប់​លុប​បាត់ ។ រួច​ក៏​វិល​ត្រឡប់​មក​ផ្ទះ​ទាំង​ទឹកមុខ​ក្រៀមក្រំ ។ យើង​សូម​បញ្ជាក់​បន្ថែម​ថា ពេល​ស្ត្រី​នោះ​ស្លាប់ មីង​សាន​មាន​ផ្ទៃពោះ​ចំនួន​២​ខែ​ហើយ ។

ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​កើតឡើង​មក មីង​សាន​ចេះ​តែ​នឹក​ស្រមៃ​ឃើញ​ស្ត្រី​មេម៉ាយ​នោះ គាត់​នឹក​អាណិត​ស្ទើរ​ខ្លោចចិត្ត ដោយ​យល់​ថា ស្ត្រី​នោះ​ជា​មនុស្ស​ស្លូតបូត​ត្រឹមត្រូវ​ណាស់ មិន​គួរ​មក​ស្លាប់​ដោយ​ត្រូវ​គ្រាប់​សោះ ជួនកាល​នឹក​ខ្លាំង​ទៅ​គាត់​ទៅ​ជា​ភ្លេច​បាយ ភ្លេច​ទឹក​បណ្តាល​ឱ្យ​ខ្យល់​ចាប់ ម្តង​ៗ ។ គាត់​ធ្លាប់​យល់សប្តិ​ឃើញ​ស្ត្រី​មេម៉ាយ​នោះ​យក​អំបុក​មក​លក់​ឱ្យ​គាត់ ។ ពេល​ដែល​ធ្វើ​ដំណើរ​កាត់​ស្ពានថ្ម ម្តង​ៗ​មីង​សាន​តែងតែ​ក្រឡេក​មើល​នៅ​កន្លែង​កប់ស​ពស្ត្រី​មេម៉ាយ​នោះ​ដោយ​ទឹកភ្នែក​រលីងរលោង​។ យប់​ខ្លះ​គាត់​បាន​យល់សប្តិ​ឃើញ​ស្ត្រី​មេម៉ាយ​នោះ​មក​អង្គុយ​លេង​សើច​ជាមួយ​គាត់​ផង ។ ការ​នឹក​ស្រមៃ​ឃើញ​ហួសហេតុ​នេះ​ធ្វើ​ឱ្យ​អារម្មណ៍​មីង​សាន​ស្លុង​ទៅ​តែ​រឿង​អតីតកាល ដែល​ជា​ប្រវត្តិ​នៃ​ការ​រស់នៅ​រវាង​ស្ត្រី​នោះ​និង​មីង​សាន​។

លុះ​អារម្មណ៍​នេះ​បាន​កើតឡើង យូរ​ៗ​ទៅ​សរសៃវិញ្ញាណ​ទាំងឡាយ​ក្នុង​ខ្លួន​គាត់ ពិសេស​ផ្នែក​ខួរក្បាល​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​ក្នុង​ស្បួ​ន​បណ្តាល​ឱ្យ​ទារក​នោះ​ទទួល​អារម្មណ៍​ពី​ម្តាយ​ផ្ទាល់ ។ លុះ​ប្រសូត​ចេញ​មក​បាន​កូនស្រី ហើយ​ឱ្យឈ្មោះ​ថា នាង​អូន​ៗ​នោះ​ឯង​មាន​អារម្មណ៍ និង​វិញ្ញាណ​ដូច​គ្នា​នឹង​មីង​សាន​សើ្ទ​រទាំង​ស្រុង ។

ហើយ​ដល់​នាង​អូន​អាយុ​បាន​៤-៥​ឆ្នាំ​មក មីង​សាន​ក៏​តែងតែ​រំឭក​រឿង​ដែល​គាត់​បាន​ទៅ​ជួប​ប្រទះ​នៅ​ចុងស្ពាន​ថ្ម រំលឹក​រឿង​អតីត​របស់​ស្ត្រី​មេម៉ាយ​នោះ​ដោយ​គាត់​បានឃើញ​ស្នាម​ជាំ​នៅ​ស្មងជើង​កូន​គាត់ ដូច្នោះ​គាត់​ជឿ​ទាំងស្រុង​ថា​នាង​អូន​នេះ​ពិតជា​ព្រលឹង​ស្ត្រី​មេម៉ាយ​នោះ​មក​ចាប់កំណើត ។ ការ​ជឿ​ឥត​ល្អៀង​យ៉ាងនេះ បណ្តាល​ឱ្យ​គាត់​ចេះ​តែ​និយាយ​ប្រាប់​គេឯង ហើយ​តែងតែ​និយាយ​លេងសើច​ជាមួយ​កូន ។

លុះ​កូន​ធំ​ល្មម​ដឹងក្តី​ហើយ វា​មាន​អារម្មណ៍​យ៉ាង​ជ្រៅ​ទៅ​លើ​រឿ​នេះ វា​ក៏​ចេះ​និយាយ​រឿងរ៉ាវ​ទាំ​អស់​ដែល​មីន​សាន​បាន​រំលឹក​ទាំង​អម្បាលម៉ាន​ដោយ​សរសៃវិញ្ញាណ​វា​បាន​ដិត​ជាប់​រឿង​នេះ​ផង​។ ប៉ុន្តែ​ពុំ​អាច​និយាយ​បាន​គ្រប់សព្វ​ទាំងអស់​ទេ គឺ​និយាយ​តែ គោល​ៗ​ខ្លះ​ដែល​វា​ចាំ​ពី​សម្តី​របស់​ម្តាយ​វា​ប៉ុណ្ណោះ ។

នេះ​ជា​ឧទាហរណ៍​មួយ​ក្នុង​ឧទាហរណ៍​រាប់រយ​យើង​សូម​រៀបរាប់​តែ​មួយ​សម្រាប់​ពិចារណា​ពុំ​អាច​លៃលក​ទំព័រ​រ៉ាយរ៉ាប់​ឱ្យ​បាន​គ្រប់​រឿង​ទេ តែ​ឧទាហរណ៍​មួយ​ក៏​មាន​ហេតុផល​ដូច​រឿង ផ្សេង​ៗ​ទៀត​ដែរ ៕ ស្រង់​ចាក​សៀវភៅ​«១​សែន​បញ្ហា​» (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ