ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​២​សំខាន់​នៃ​​​ផ្ទះ​បណ្តែត​ទឹក​លើ​បឹង​ទន្លេសាប​ នៃ​ខេត្ត​សៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​លោក​អ៊ុ សារី ចៅសង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប បាន​ប្រាប់​កោះ​សន្តិ​ភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រជាជន​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​នៃ​បឹង​ទន្លេសាប ចែក​ចេញ​ជា​២​ចំណុច​សំខាន់…

ខេត្តសៀមរាប ៖ បើ​តាម​លោក​អ៊ុ សារី ចៅសង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប បាន​ប្រាប់​កោះ​សន្តិ​ភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រជាជន​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​នៃ​បឹង​ទន្លេសាប ចែក​ចេញ​ជា​២​ចំណុច​សំខាន់ ៖

ទី​១-​ផ្ទះ​បណ្តែត​ទឹក​របស់​ពលរដ្ឋ​ខ្មែរ មាន​ចំនួន​៤៨៣​គ្រួសារ ស្មើនឹង​៤៨៣​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ​សរុប​ចំនួន​១៧៧៣​នាក់ ប្រកប​មុខរបរ​នេសាទ​៩០% ក្រៅពី​នោះ​ជា​អ្នក​លក់ដូរ និង​កម្មករ​លី​សែង​មួយ​ចំនួន​។ ពួក​គាត់​ត្រូវ​រដ្ឋបាល​ខេត្តសៀមរាប បាន​ចេញ​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​ជូន​ពួក គាត់ ចំនួន​៤៨៣​គ្រួសារ កាលពី​អំឡុង​ឆ្នាំ​២០០៧ ហើយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ដី​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ប៉ុន្តែ​ពួក​គាត់​ភាគច្រើន​មិន ចង់​ឡើង​មក​លើគោក​ប្រហែល​៦០% ចាប់ ពី​កំពង់​ផែ​ស៊ូ​ជី​ង​ដល់​ក្បាល​កន្ទុយ​កូន​ប៉ែក​ខាង កើត​នៃ​សង្កាត់​ចុង​ឃ្នៀស ។

ចំណុច​ទី​២-​ប្រជាជន​វៀតណាម​ដែល​រស់នៅ ផ្ទះ​បណ្តែត​នៅ​លើ​បឹង​ទន្លេសាប កាលពីមុន​មាន​ចំនួន​៤៥៧​គ្រួសារ ស្មើនឹង​៤៥៧​ខ្នង​ផ្ទះ សរុប​ប្រជា ជន​ចំនួន​១៦៤៤​នាក់ ។ ពួក​គាត់​ប្រកប​មុខរបរ​ជា​អ្នកនេសាទ​៩០% និង​១០% ជា​អ្នក លក់ដូរ ។

ចំពោះ​សន្តិសុខ ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ។ ចំណែក​លោក​សួន ឆៃ មេ​ភូមិ​៧ សង្កាត់​ចុង ឃ្នៀស ប្រាប់​ថា ប្រជាជន​វៀតណាម ដែល កំពុង​រស់នៅ​លើ​ទឹក​បឹង​ទន្លេសាប សព្វថ្ងៃ​មាន ចំនួន​​៣៤៨​គ្រួសារ ស្មើនឹង​៣៤៨​ខ្នង​ផ្ទះ សរុប ប្រជាជន​ចំនួន​ជាង​១​ពាន់​នាក់ ក្នុង​នោះ ជន​ជាតិ​វៀត​ណាម​ប្រកប​មុខរបរ​អ្នកនេសាទ ជាង​១០០​គ្រួសារ និង​មួយ​ចំនួន​ប្រកប​មុខរបរ​លក់ដូរ និង​ជួសជុល​ទូក ។

ផ្ទះ​បណ្តែត​នៅ​លើ​ទឹក នីមួយ​ៗ​ជញ្ជាំង​បាំងឈើ ខ្លះ​ស័ង្កសី ខ្លះ​ដំបូល​ប្រក់​ស័ង្កសី​។ ចំណែក​ឧបករណ៍​ទ្រ​ផ្ទះ​បណ្តែត​ទឹក​ធ្វើ​អំពី​ធុងសាំង ចង​អប​ជាមួយ​ដើម​ឫស្សី ។ នៅ​លើ​ទឹក​បឹង​ទន្លេសាប​មាន​វត្ត​អារាម​ជនជាតិ​វៀតណាម ហៅ​សាលា​ទឹកមាស ដែល​ជាទី​សក្ការបូជា ទុក​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​របស់​ជនជាតិ​វៀតណាម និង​ភ្ញៀវ​បរទេស ផ្សេង​ៗ​ចូល​មក​អុជ​ធូប ដើម្បី​បួងសួង សុំ​សេចក្តីសុខ​សប្បាយ និង​មាន​សាលា រៀន​១ មាន​២​ផែ មាន​វិហារ​សាសនា​យេស៊ូ​១ និង​មាន​ភោជនីយដ្ឋាន​របស់​ខ្មែរ​ចំនួន​៣ ។ កាលពីមុន​ជនជាតិ​វៀតណាម​មាន​ជាង​៤​រយ​គ្រួសារ ព្រោះ​មួយ​ចំនួន​បាន​ទៅ​រស់នៅ​ប្រទេស​វៀតណាម​វិញ​ហើយ ដោយសារ​ពួក​គេ​មាន​លុយ​ក៏​ទៅ​វិញ ។

រីឯ​អ្នកស្រី​ត្រាំ​ង ភី​ភាគ ជនជាតិ​វៀតណាម អាយុ​៥០​ឆ្នាំ ប្តី​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​គួ​ង អាយុ​៥២​ឆ្នាំ ជា​កម្មករ​នេសាទ មាន កូនប្រុស​ស្រី​ចំនួន​២​នាក់ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា គ្រួសារ​គាត់​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទទឹង​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដាក់​ធុងសាំង និង​ឫស្សី​ប​ណ្តែ​ក​ទឹក ។ គាត់​ថា​កាលពីមុន​ស្រួល​រក​លុយ​ណាស់ ព្រោះ​ប្តី​ទៅ​រាយ​មង បាន​ត្រី​មក​យក​ទៅ​លក់​ក្នុង​១​ថ្ងៃ​បាន​កម្រៃ​ជាង​១០​ម៉ឺន​រៀល ។ ដល់​ពេល​គេ​បិទ​នេសាទ ហើយ​លក់​បាន​ថោក​ពេក ក៏​ឈប់​រក​ខ្លួនឯង​ទៅ ។

អ្នកស្រី​ដដែល​បន្ត​ថា «​ដល់​បច្ចុប្បន្ន​ពិបាក​ក្នុង​ការ​រក​ចំណូល​ណាស់​ព្រោះ​ប្តី​របស់ខ្ញុំ​បាន​ចុះ​ទៅ​ស៊ីឈ្នួល​រាយ​មង ងើប​តាំងពី​ម៉ោង​២​ទៅ​ម៉ោង​៣​ទៀប​ភ្លឺ ដល់​ម៉ោង​៦​ល្ងាច ទើប​មក​វិញ​បាន​លុយ​ចូល​ផ្ទះ​៣​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ណាមួយ​ទិញ​ម្ហូប​ទុក​ឱ្យ​កូន ណាមួយ​ទិញ​អង្ករ និង​ទឹក​ផឹក​ផង​ដែរ ។ ហើយ​ខ្ញុំ​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៨១ លើ​ទឹក​បឹង​ទន្លេសាប​នេះ ។ មក​ដល់​បច្ចុប្បន្ន ដោយ​សារ​ខ្ញុំ​អត់​លុយ​ទៅ​ទិញ​ដី​នៅ​លើគោក ឬ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ទើប​ទ្រាំ​រស់នៅ​លើ​ទឹក​តទៅ​ទៀត​ទៅ ។

ចំណែក​លោកយាយ​ងូ ធី​ដែ​ប អាយុ​៨២​ឆ្នាំ ស្ត្រី​មេម៉ាយ​បាន​រៀបរាប់​ថា គាត់​មានស្រុក​កំណើត​នៅ​ភូមិ​រាំង​ទិល ខេត្តពោធិ៍សាត់ តែ​បាន​ចេញពី​ស្រុក​កំណើត ទៅ​រស់នៅ​ប្រទេស​វៀតណាម តាំង​ពី​ជំនាន់​ប៉ុ​ល​ពត ។ ក្រោយ​របប​នេះ​គាត់​បាន​នាំ​កូន ប្រុស​ស្រី​ចំនួន​៨​នាក់​(​ស្លាប់​ម្នាក់​)​ត្រឡប់​មក​រស់នៅ​កម្ពុជា​វិញ លើ​ផ្ទះ​បណ្តែត​ទឹក នៃ​បឹង​ទន្លេសាប​តាំងពី​អំឡុង​ឆ្នាំ​១៩៨២ រហូត​មក​ដល់​បច្ចុប្បន្ន ។ សព្វថ្ងៃ​កូន​របស់​គាត់​មាន​ប្តី​ប្រពន្ធ​អស់ហើយ បាន​ចេញ​ប្រកប​មុខរបរ​ជា​អ្នកនេសាទ​ទាំងអស់ ព្រោះ​នៅ​លើ ទឹក​គ្មាន​អ្វី​រក​ក្រៅពី​របរ​នេះ​ទេ ម្យ៉ាង​ពួក​គាត់​និយាយ​ភាសា​ខ្មែរ​អត់​សូវ​ច្បាស់ ។

លោក​អនុសេនីយ៍ទោ​នៅ សា​រឿង មេ​ប៉ុស្តិ៍​សង្កាត់​ចុង​ឃ្នៀស ប្រាប់​ថា សន្តិសុខ នៅ​លើ​បឹង​ទន្លេសាប ដែល​ជនជាតិ​វៀតណាម​រស់នៅ​សព្វ​ថ្ងៃនេះ គ្មាន​បញ្ហា​អ្វី​ធ្វើ​ឱ្យ​ពិបាក​ដោះស្រាយ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ