ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​ដោះលែងម្ចាស់​គ្រឿង​ចក្រ​​ដែល​​ឈូស​ឆាយ​យក​ដី​ព្រៃ​​លិច​​ទឹក​​​វិញ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ យោងតាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​កោះសន្តិភាព​ទ​ទូល​បាន​​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភ​: នេះ ថា ជន​ទាំង​២​នាក់​ត្រូវ​បាន​តុលាការ​ដោះ​លែង​​វិញ​ហើយ តែ​គេ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិតអំពី​មូលហេតុនៃ​ការ​ដោះ​លែងវិញនេះទេ ។…

ខេត្តបាត់ដំបង ៖ ​ យោងតាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​កោះសន្តិភាព​ទ​ទូល​បាន​​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភ​: នេះ ថា ជន​ទាំង​២​នាក់​ត្រូវ​បាន​តុលាការ​ដោះ​លែង​​វិញ​ហើយ តែ​គេ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិតអំពី​មូលហេតុនៃ​ការ​ដោះ​លែងវិញនេះទេ ។

​សូមរំលឹកថា កម្លាំង​ចម្រុះដែល​ដឹកនាំ​ដោយ​មន្ត្រីនៃ​មន្ទីរ​ទំនាក់ទំនង ​ជាមួយ​រដ្ឋសភា ព្រឹ​ទ្ធ​សភា និង អធិ​ការកិច្ច​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ឈូស​ឆាយ​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់នៅ​ចំណុច​ «​ទំនាប​ចាន​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ហើយ​ថែម​ទាំង​រឹបអូស​គ្រឿងចក្រ​ចំនួន​​៣​គ្រឿង​ផង ក្នុង​នោះ​ចំនួន​០២​គ្រឿង ត្រូវ​គេ​អះអាង​ថា ជា​របស់​កូនប្រុស​លោកស្រី​មេឃុំ​តា​ប៉ុននេះ​តែ​ម្ដង​។

យោង​តាម​របាយ​ការ​ណ៍​របស់​កម្លាំង​ចម្រុះ​នេះបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​រុករាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ហាមឃាត់​(​តំបន់​៣)​ខាងលើ​នេះ កម្លាំង​ជម្រុះ​ដែល​មាន មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹ​ត្ត​សភា មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​ជលផល និងមន្ត្រី​មូលដ្ឋាន​ផង បាន​រឹបអូស​យក​គ្រឿងចក្រ​ចំនួន​៣​គ្រឿង ដែល​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក កាយ​ប្រឡាយ​ធ្វើ​ព្រំវាទ​យក​ដី​នៅ​តំបន់​នោះ ជា​តំបន់ហាមឃាត់​ដោយ​ព្រះរាជ​ក្រិ​ត្យ​។ របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ទាំងនោះ មាន​គ្រឿង​ចក្រ​អេ​ស្កា​ទ័​រ​ចំនួន​​២​គ្រឿង ដែល​មាន​ម្ចាស់​ឈ្មោះ ប៉ង់ វណ្ណៈ ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង ត្រូវជា​កូន​របស់​លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន នេះ​តែ​ម្ដង និងត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​​១​គ្រឿង​ទៀត ជា​របស់​ឈ្មោះ មេ សីហា ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

មន្ត្រី​ជំនាញបាន​និយាយ​ថា ជន​ទាំង​២​នាក់បាន​ប្រើប្រាស​គ្រឿងចក្រឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ខាង​លើ​នេះ រាប់​សិប​ហិច​តា ដើម្បី​វាទ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ ហើយ​ថែម​ទាំង​បាន​ស៊ី​ឈ្នួលឈូស​ឆាយដី​ព្រៃ​តំបន់​នោះ​ឲ្យ​ជន​ដទៃ​ទៀត​ផង​ដែរ​ ។ បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ទាំងនោះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​មេឃុំ​តា​ប៉ុន នេះ​ផ្ទាល់​តែ​ម្ដង​។ ដោយឡែក មន្ត្រី​ដែល​ចុះ​បង្ក្រាប​បទល្មើស​នេះ បាន​បញ្ជាក់​ថា នៅ​ពេល​កម្លាំង​ចម្រុះ​កំពុង​បង្ក្រាប លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន បាន​ចុះ​អន្តរា​គម​ន៏​ផ្ទាល់ និង ប្រឈម​មុខ​យ៉ាង​ពេញទំហឹង​ជាមួយនឹង​កម្លាំង​ចម្រុះ​ ។ មេឃុំ រូប​នេះ បាន​ព្យាយាម​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​រឹបអូស​គ្រឿងចក្រ​កូនប្រុស​គាត់ តែ​មិន​ទ​ទូល​បាន​លទ្ធផល​ទេ​។ ព្រោះ​អាជ្ញាធរ​ខេត្តបាន​ចេញ​បញ្ជា​ដាច់ខាត​ឲ្យ​កម្លាំង​សមត្ថកិច្ច ត្រូវ​តែ​រឹបអូស​យក​វត្ថុ​តាង​ទាំងនោះ ចាត់​ការ​​តាម​នីតិវិធី​ច្បាប់​។ ជាមួយនឹង​ការ​ដកហូត​គ្រឿងចក្រ​នេះ កម្លាំង​ចម្រុះ​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ ដើម្បី​នាំ​យក​ទៅ​សាកសួរ​ផង​ដែរ​។

កោះសន្តិភាពមិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​គ្រឿងចក្រ​ទាំងនេះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ ព្រោះ​ពួក​គេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​កន្លែង​សមត្ថកិច្ច​។ ដោយឡែក​ លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ដោយ​បដិសេធ​យ៉ាង​ដូច្នេះ​ថា «​គ្រឿងចក្រ​អេ​ស្ក​ទ័​រ​នោះ​មិនមែន​ជា​របស់ខ្ញុំ​ទេ តែ​ជា​របស់​កូនប្រុស​ខ្ញុំ​។ ខ្ញុំ​មាន​ឯកសារ​ត្រិ​ម​ត្រូវ​.! រីឯ​ត្រាក់ទ័រ​វិញ​គឺជា​របស់​មណ្ឌលកុមារ​កំព្រា ដែល​គេ​ជួល​ទៅ​កាយ​ប្រឡាយ​ទឹក​សម្រាប់​ស្រោច​ស្រប​ស្រូវប្រាំង​នៅ​តំបន់​នោះ​»​។

នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វីបានជា​កូនប្រុស​លោកស្រី​យក​គ្រឿងចក្រ ​ទៅ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​ច្បាប់​បាន​ហាមឃាត់ ? លោកស្រី សឿ​ម យា​ប់ ហាក់​ធ្វើ​ពើ​.. មិនដឹង​អំពី​តំបន់ហាមឃាត់​ដែល​ខ្លួន​គ្រប់គ្រង ដោយ​បាន​ឆ្លើយ​តប​បែប​គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ​ថា «​ខ្ញុំ​មិន​បានដឹង​ថា ដី​នៅ​ចំណុច​នោះ ស្ថិត​ក្នុង​តំបន់​៣ ជា​តំបន់ហាមឃាត់​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​មាន​GPS​សម្រាប់​មើល​»​។ លោកស្រី បាន​បញ្ជាក់​ថា ដោយសារ​ឃើញ​ដីស្រែ​នៅ​តំបន់​នោះ មាន​គល់​កញ្ជ្រាំង​ស្រូវ​ទើប​ច្រូត​រួច ហើយ​មាន​ប្រជាពលរដ្ឋ​ពី​៧​ទៅ​៨​នាក់ បាន​ជួល​គ្រឿងចក្រ​កូនប្រុស​គាត់ ទៅ​កាយ​ដី​ធ្វើ​ប្រឡាយ​ទឹក​ស្រោច​ស្រប​ស្រូវប្រាំង ទើប​កូន​គាត់​យក​គ្រឿងចក្រ​ចូល​ទៅ​។ ដូច្នេះ​កូនប្រុស​គាត់​មិន​បាន​ឈូស​ឆាយ ឬ រំលោភ​យក​ដី​ព្រៃ​នៅ​តំបន់​នោះ​ទេ​។

ប៉ុន្តែ​លោក​ប៊ុត ម៉ក់ ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹ​ត្ត​សភា និង អធិការកិច្ច​ខេត្ត បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បំភ្លឺ​របស់​លោកស្រី​មេឃុំ​តា​ប៉ុន​យ៉ាង​ដូច្នេះ​ថា «​លោកស្រី សឿ​ម យា​ប់ មិន​គួរ​ឆ្លើយ​តប​ថា មិន​បានដឹង​ដូច្នេះ​ទេ​។ ព្រោះ​កាល​បង្កើត​គណៈកម្មការ ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​នៅ​តំបន់​ទន្លេសាប កំណត់​តំបន់​១ តំបន់​២ និង តំបន់​៣ ដែល​បាន​កំណត់​តំបន់​ណាមួយ ត្រូវ​បាន​ហាមឃាត់​មិន​អនុញាត​ឲ្យ​កាប់​រុករាន លោកស្រី​មេឃុំ​តា​ប៉ុន ក៏​បាន​ចូលរួម​ដែរ ម៉េច​បានជា​លោកស្រី​មេឃុំ ឆ្លើយ​ថា មិនដឹង​តំបន់​ណា ជា​តំបន់ហាមឃាត់​នោះ ? ដូច​ជា​មិន​ត្រិ​ម​ត្រូវ​ទេ​។ ព្រោះ​តំបន់​នោះ​ក៏​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ដែនដី ដែល​លោកស្រី គ្រប់​គ្រង់​ដែរ មិន​គួរ​ឆ្លើយ​ថា មិនដឹង​នោះ​ទេ​»​។

លោក​ប៊ុត ម៉ក់ បាន​មាន​ប្រសា​ស​ថា បើ​ពិនិត្យ​លើ​ទីតាំង​ជាក់ស្ដែង សកម្មភាព​ឈូស​ឆាយ​នេះ មិនមែន​កាយ​ប្រឡាយ​ដើម្បី​យក​ទឹក​ធ្វើស្រែ​ប្រាំង ដូច​ការ​បកស្រាយ​របស់​លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន ឡើយ គឺ​គ្រឿងចក្រ​ទាំងនោះ​បាន​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក និង កាយ​ធ្វើ​ព្រំប្រទល់​វាទ​យក​ដី​នៅ​ក្នុង​តំបន់ហាមឃាត់​នោះ​តែ​ម្ដង​។ លោក​បាន​ប្រាប់​ថា កាលពី​ខែ​មុន ម្ចាស់​គ្រឿងចក្រ​នេះ បាន​លួច​ចូល​ទៅ​ឈូស​ទន្ទ្រានព្រៃ​នៅ​ចំណុច​នោះ​ម្ដង​ហើយ តែ​ក្រុម​នេះ​បាន​ដកថយ​វិញ នៅ​ពេល​ដឹង​ថា កម្លាំង​របស់​លោក​ចុះ​តាម​ឃ្លាំមើល​។ ប៉ុន្តែ​ក្រោយ​ស្ងប់ស្ងាត់​បន្តិច ក្រុម​នេះ​ក៏​បាន​នាំ​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ជា​ថ្មី ទើប​ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​តែ​ម្ដង ពេល​កម្លាំង​របស់​លោក​ចុះ​ទៅ​ពូន​សម្ងំ​ចាំ​ឃ្លាំមើល​ផ្ទាល់​រយៈពេល​២​យប់​២​ថ្ងៃ​នៅ​តំបន់​នោះ​។

មានការ​កត់​សម្គាល់ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប នៅ​តាម​ភូមិសាស្ត្រ​នានា ក្នុង​ខេត្តបាត់ដំបង ហាក់​មានការ​ផុសផុល​យ៉ាង​ខ្លាំង ដែល​ប្រព្រឹត្ត​ដោយ​ជន​ទុច្ចរិត​មួយ​ចំនួន​ដែល​ជា​កម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ផង ដែល​មាន​លុយ និង មាន​អំណាច​។ ការ​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​ពី​សំណាក់​ជនខិលខូច​ទាំងនេះ បច្ចុប្បន្ន​ត្រូវ​គេ​មើលឃើញ​ថា បាន​និង​កំពុង​រីក​រាលដាល​ពេញទំហឹង​រហូត​ដល់​ក្នុង «​តំបន់​៣» ដែល​ជា​តំបន់ហាមឃាត់​ដាច់ខាត​ដោយ​ព្រះរាជ​ក្រិ​ត្យ​។

បើ​តាម​ការ​ស្រាវជ្រាវ ដោយ​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​រង​ការ​កាប់​ទន្ទ្រាន​ធ្ងន់ធ្ងរ​ជាងគេ​នា​បច្ចុប្បន្ន​នេះ គឺ​នៅ​ក្នុងស្រុក​សង្កែ នេះ​តែ​ម្ដង ដែល​ប៉ះ​ទៅ​លើ​ឃុំ​ចំនួន​៥ និង មាន​ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជាង​២៥០០​ហិច​តា ត្រូវ​ជន​ទុច្ចរិត​ឈូស​ឆាយ​ហែក​ចែក​គ្នា​ធ្វើ​ជា​កម្ម​សិទ្ធ បំពាន​ច្បាប់​។ ជន​ដែល​រំលោភ​បំពាន​ដី​រដ្ឋ​ទាំងនោះ ត្រូវ​គេ​កំណត់​យ៉ាង​ច្បាស់​ថា ភាគច្រើន​ជា «​អ្នកមាន​អំណាច​» ក្នុង​នោះ​មួយ​ចំនួន​ជា យោធា កង​រាជ​អាវុធ នគរបាល និង មន្ត្រីរាជការ​។ ប៉ុន្តែ​ជនខិលខូច​ខ្លះ​បាន​ប្រើប្រាស​រូបភាព ធ្វើ​ជា​ផ្ដល់​សិទ្ធ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន ជា​អ្នកកាន់កាប់​ជំនួស តែ​ខ្លួន​ឈរ​នៅ​ពីក្រោយ​ខ្នង​។ ជា​ពិសេស​នៅ​ស្រុក​សង្កែ និង ស្រុក​មោង​ឬ​ស្សី ដែល​សព្វថ្ងៃ​កំពុង​ធ្វើ​សកម្មភាព​ខ្លាំង​បំផុត ហើយ​ដី​ខ្លះ​ត្រូវ​បាន​គេ​លក់​បន្ត​គ្នា​ប្រមូល​យក​លុយ​យ៉ាង​គ​គ្លើ​ន​។

កោះសន្តិភាព ធ្លាប់​បាន​ទម្លុះទម្លាយ​នូវ​សកម្មភាព​កាប់​ទន្ទ្រាន​វាទ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ហាមឃាត់​ខាងលើ​នេះ កាលពីដើម​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។ ជា​ពិសេស​ការ​រំលោភ​បំពាន់​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​តំបន់​៣ ដែល​ស្ថិត​នៅ​ក្នុងស្រុក​មោង​ឬ​ស្សី និង ស្រុក​សង្កែ នេះ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ មន្ត្រី​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹ​ត្ត​សភា និង អធិការកិច្ច​ខេត្ត បាន​ចុះ​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ​ដែរ​លើ​ករណី​នេះ បន្ទាប់​ពី​ទ​ទូល​បាន​តម្រុយ​ខ្លះ​ពីរ​បាយ​ការ​ណ៏​កោះសន្តិភាព​។

ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹ​ត្ត​សភា និង អធិការកិច្ច​ខេត្ត លោក​ប៊ុត ម៉ក់ បាន​មាន​ប្រសា​ស​ថា មន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោក បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង បាន​រក​ឃើញ​បទល្មើស​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹកជា​ច្រើន​ករណី ក្រោយ​ពី​កោះសន្តិភាព​បាន​ទម្លុះទម្លាយ​នូវ​របាយ​ការ​ណ៏​នេះ កាលពី​ឆ្នាំទៅ​ម៉ិ​ញ​។ លោក​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ យើង​នៅ​តែ​បន្ត​ចុះ​ស្រាវជ្រាវ​នៅឡើយ ហើយ​បាន​រក​ឃើញ​បទល្មើស​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ហាមឃាត់​ជា​ច្រើន​កន្លែង​។ ពេល​នេះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​ស្រង់​ឈ្មោះ​ទីតាំង​បទល្មើស និង ឈ្មោះ​ជនល្មើស ធ្វើ​របាយ​ការ​ណ៏​ជូន​លោក​អភិ​បាលខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​តាម​ផ្លូវច្បាប់​ហើយ​។

ទោះ​យ៉ាងណា ជុំវិញ​ករណី​បង្ក្រាប និង រឹបអូស​គ្រឿងចក្រ​របស់​កូនប្រុស​លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន ដែល​លួច​ឈូស​ឆាយ​លើ​ដី​រដ្ឋ​ខាងលើ​នេះ បើ​តាម​លោក​ប៊ុត ម៉ក់ បាន​បញ្ជាក់​ថា វត្ថុ​តាង​ទាំងនោះ​(​គ្រឿងចក្រ​) និង ជន​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន យើង​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​មន្ត្រី​ជលផល ដើម្បី​សួរនាំ និង ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ