ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០ ២០ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តកំពត បានចាប់ផ្សឹកលោកសង្ឃមួយអង្គ ព្រះនាម ទឹម សុផល្លី ព្រះជន្ម៥៧ឆ្នាំ ជាព្រះចៅអធិការវត្តអូរធំ ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ពាក់ព័ន្ធករណីប្រទូស្តកេរិ៍្តខ្មាស (ថតវីដេអូ) លើកុមារី អាយុ១២ឆ្នាំ រស់នៅស្រុកទឹកឈូ ។
សេចក្តីរាយការណ៍បន្តថា កាលពីប្រហែលម៉ោង៩ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ព្រះចៅអធិការវត្តអង្គនោះ បានប្រព្រឹត្តបទល្មើសដោយបំពានសេពសន្ថវៈលើកុមារីអាយុ១២ឆ្នាំ ហើយបានយកទូរស័ព្ទដៃថតជាវីដេអូ ក្រោយមកត្រូវបានបែកធ្លាយដល់អាណាព្យាបាលក្មេងស្រីរងគ្រោះ ទើបមានការប្តឹងផ្តល់ទៅសមត្ថកិច្ច ។
ក្រោយពីមានពាក្យបណ្តឹងនោះ សមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញផ្នែក ចុះទៅចាប់ផ្សឹកព្រះចៅអធិការវត្ត រួចក៏ឃាត់ខ្លួនយកសាកសួរដើម្បីចាត់ការតាមផ្លូវច្បាប់ ។
យ៉ាងណាក្តីនៅចំពោះមុខសមត្ថកិច្ច អតីតព្រះចៅអធិការអង្គនោះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះមែន ប៉ុន្តែធ្វើលេង ។ ជាក់ស្តែងរូបភាពនៅក្នុងទូរស័ព្ទដៃរបស់ព្រះសង្ឃ ដែលសមត្ថកិច្ចបានធ្វើការដកហូត ពិតជាឃ្លីបវីដេអូ មានទាំងភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើអតីតព្រះចៅអធិការវត្តអង្គនោះរួចបាត់ទៅហើយ ។
ដូច្នេះការចាប់ផ្សឹកព្រះចៅអធិការវត្តនោះ មិនខុសនឹងវិន័យសង្ឃទេ ក្រោយផ្សឹកហើយ អតីតព្រះចៅអធិការវត្តក៏ត្រូវបានរៀបសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ