ចាប់​បាន​ម្នាក់​សួរនាំ​បែកធ្លាយ​មេខ្លោង​ធំ លុះ​ចុះ​ឆ្មក់​មេខ្លោង​ដឹងខ្លួន​ទាន់


ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ពី​បទ​ជូ​ញ​ដូរ​គ្រឿង​ញៀន​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន រីឯ​ជន​ម្នាក់​ទៀត​ដែល​ជា​មេខ្លោង​រត់គេច​ខ្លួន​បាត់ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក​សុខ និមល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឃាត់​ខ្លួន​បាន​ឈ្មោះ វង់ បេឡា អាយុ​៣៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ជន​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​របស់​លោក​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​ថ្មគោល បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​បាន​មួយ​ចំនួន​ផង ខណៈ​ជន​នេះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។

នៅ​ក្នុង​របាយការណ៍​លោក​សុខ និមល បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​នេះ មន្ត្រី​ជំនាញ​ដកហូត​បា​នវ​ត្តុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១​កូន​ថង់ និង ថ្នាំ​ញៀន​ប្រភេទ Wy (​យ៉ា​ម៉ា​) ចំនួន​០៨​គ្រាប់​។

ក្រោយ​ពី​សាកសួរ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​អំពី​ប្រភព​ដែល​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ទាំង​នោះ​ពី​មេខ្លោង ទើប​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​អធិការ​ស្រុក​ថ្មគោល បង្ក្រាប​មេខ្លោង​នោះ​បន្ត​ទៀត តែ​ត្រូវ​បរាជ័យ ដោយសារ​តែ​មេខ្លោង​ជូ​ញ​ដូរ​គ្រឿងញៀន​ដ៏​ធំ​នោះ បាន​រត់គេច​ខ្លួន មុន​ពេល​ត្រូវ​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ផ្ទះ​។ ប៉ុន្តែ​មេខ្លោង​នោះ បាន​បន្សល់​ទុក​គ្រឿងញៀន​យ៉ាង​សន្ធឹកសន្ធាប់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​។

លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា មេខ្លោង​ជូ​ញ​ដូរ​គ្រឿង​ញៀន ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​។ ពិតមែនតែ​កម្លាំង​ជំនាញ​មិន​បាន​ចាប់ខ្លួន​មេខ្លោង​រូប​នេះ តែ​យើង​បាន​ដកហូត​វត្ថុ​តាង​ជា​ច្រើន​។ ដូច​ជា​ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១៧​ថង់ ស្មើនឹង​ទម្ងន់​២៧៧,៨៧​ក្រាម​, ថ្នាំ​ញៀន​ប្រភេទ Wy (​យ៉ា​ម៉ា​) ចំនួន​១៣៦​គ្រាប់​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក​សុខ និមល បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​មេខ្លោង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ