លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និង អ៊ីឡុន ម៉ាស (Elon Musk) មានទស្សនៈខុសគ្នាយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ។ ជាក់ស្តែង អ្នកទាំងពីរសុទ្ធតែជាស្គ្រិន និងមហាសេដ្ឋីដែលត្រូវបានមនុស្សទទួលស្គាល់ជុំវិញពិភពលោក ប៉ុន្តែទស្សនៈដែលអ្នកដទៃមានលើអ្នកទាំងពីរគឺស្ទើរតែផ្ទុយគ្នាទាំងស្រុង ។
ក្នុងពេលថ្មីៗនេះ លោក ហ្គេតស៍ បានសម្រេចចិត្តទិញរថយន្ត Porsche Taycan និងបានចែករំលែកថា «វាជារថយន្តដែលមានតម្លៃខ្ពស់ពិតមែន តែវាពិតជាឡូយណាស់! វាជារថយន្តអគ្គិសនីដំបូងរបស់ខ្ញុំ ហើយខ្ញុំពិតជាចូលចិត្តវាណាស់» ។
ការសម្រេចចិត្តនេះបានធ្វើឲ្យលោកមហាសេដ្ឋី ម៉ាស មិនពេញចិត្តឡើយព្រោះ Porsche ប្រៀបបានជាដៃគូប្រកួតប្រជែងធំមួយក្នុងវិស័យរថយន្តអគ្គិសនី ។ ជាលទ្ធផល ពេលដែលមានការចង្គុលបង្ហាញថា ការសម្រេចចិត្ត និងប្រសាសន៍របស់លោក ហ្គេតស៍ អាចធ្វើឲ្យអតិថិជនងាកចេញពី Tesla របស់លោក ម៉ាស ព្រោះមនុស្សគិតថាលោក ហ្គេតស៍ ជាបុរសដ៏ឆ្លាតវៃ លោក ម៉ាស បានឆ្លើយតបលើ Twitter របស់លោកថា ការសន្ទនាដែលលោកមានជាមួយនឹងលោក ហ្គេតស៍ គ្មានអ្វីអស្ចារ្យទេ ដែលដូចជាចង់ប្រាប់ថាលោក ហ្គេតស៍ មិនមែនជាមនុស្សដែលឆ្លាតវៃដូចអ្នកដទៃគិតឡើយ ។
ការឆ្លើយតបនេះអាចក្លាយជាមេរៀនសំខាន់មួយសម្រាប់អាជីវករដែលចង់ជោគជ័យ ។ មេរៀននោះគឺ អ្នកមិនគួរខ្វល់ខ្វាយពីជម្រើសរបស់អតិថិជនម្នាក់ដែលបានជ្រើសរើសផលិតផលរបស់ដៃគូប្រកួតប្រជែងរបស់អ្នកឡើយ ជាពិសេសនៅពេលដែលអតិថិជនម្នាក់នោះក៏បានកោតសរសើរផលិតផល និងក្រុមហ៊ុនរបស់អ្នកដែរ ។
ហើយក្នុងនាមជាសហគ្រិនមួយរូប វាអាចជាកំហុសឆ្គងដ៏ធំមួយពេលដែលអ្នកអនុញ្ញាតឲ្យរឿងបែបនេះប៉ះពាល់ដល់មុខមាត់របស់អ្នក ។ ប្រាកដណាស់ អ្នកមានសិទ្ធិក្នុងការអាក់អន់ចិត្ត តែអ្នកមិនគួរបង្ហាញវាឲ្យសាធារណជនដឹងឡើយ ៕
ចែករំលែកព័តមាននេះ