​របរ​លក់​ចំបើង​ដឹក​តាម​គោ​យន្ត យក​ប្រាក់​ទៅ​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំ​​ថ្ងៃ​


ខេត្តកណ្តាល ៖ ស្ទើរតែ​រៀងរាល់ថ្ងៃ​នា​ម៉ោង​៤​ជិត​ភ្លឺ គេ​តែងតែ​ឮ​សំឡេង​គោ​យន្ត​កន្ត្រៃ​ដែល​ផ្ទុក​ដោយ​ចំបើង​ពេញ​បាន​បំពង​សំឡេង​ប្រដាក់​គ្នា​តាម​ផ្លូវ ប្រៀប​ដូច​ជា​ក្បួន​អ្វីមួយ​អ៊ីចឹ​ង ។ ប៉ុន្តែ​តាម​ពិត​នោះ​គឺ​គោ​យន្ត​ដើរ​លក់​ចំបើង​សម្រាប់​ដាំ​ដំណាំ ឬ​ទុក​សម្រាប់​ឲ្យ​គោ​ស៊ី​ឯណោះ​ទេ ដែល​មើល​​ពីក្រោយ ពី​ចំហៀង​ដូច​ជា​សម្បើម​ណាស់ មានកំ​ពស់​ស្ទើរតែ​ប៉ះ​ខ្សែភ្លើង ។

ក្នុង​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ ដែល​ជា​អ្នក​ដើរ​លក់​ចំបើង​តាម​គោ​យន្ត​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ដឹក​លក់​​ស្ទើរ​ពេញ​មួយ​ឆ្នាំ ពោល​គឺ​ទាំង​រដូវប្រាំង​និង​រដូវវស្សា ដើម្បី​យក​ប្រាក់​ទៅ​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំ​​ថ្ងៃ​។ លោកពូ​បាន​ឲ្យ​ដឹង​ថា លោក​មានផ្ទះ​នៅ​ខាងត្បូង​ផ្សារ​ព្រៃ​ល្វា​ខេត្តតាកែវ ហើយ​លោក​បាន​ដើរ​លក់​ចំបើង​មាន​ចំងាយ​ឆ្ងាយ​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ ឬ​តិច​ជាង​នេះ ក៏​មាន ។

លោក​បាន​បន្ត​ថា ចំបើង​ដែល​លក់ ក្នុង​មួយ​គោ​យន្ត​កន្ត្រៃ​យ៍​នេះ​តម្លៃ​៦​ម៉ឺន​រៀល​ឬ​អាច​លើស​ពី​នេះ​តិចតួច​។ ប៉ុន្តែ​បើ​សម្រាប់​រដូវវស្សា​វិញ​ចំបើង​ក្នុង​មួយ​គោ​យន្ត​ដឹង​តែ​បាន​ថ្លៃ ដោយសារ​គ្មាន​ចំបើង​លក់​។

ខណៈ​ដែល​កំពុង​ឈប់​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវ​អ្នកលក់​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ដើរ​លក់​ចំបើង​ជា​ច្រើន​គីឡូម៉ែត្រ ព្រោះថា ផ្ទះ​ខ្ញុំ​នៅ​ខាងត្បូង​ផ្សារ​ព្រៃ​ល្វា ។ ពេល​ខ្លះ​ខ្ញុំ​លក់​ដល់​ក្បាលកោះ ចុង​កោះ​បា​រ៉ែ​ន ។ លោកពូ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដើរ​លក់​ចំបើង​នេះ​មាន​លក្ខ​ខណៈ​ជា​ក្រុម ព្រោះថា ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​គេ​ទិញ​ម្តង​ៗ​។ ហើយ​អ្នក​ដែល​ទិញ​ចំបើង​ភាគច្រើន​នោះ គឺ​យក​ក្រាល​ទៅ​ដាំ​បន្លែ ហើយ​ភាគតិច​ណាស់​យក​ទុក​ឲ្យ​គោក្របី​ស៊ី​នៅ​រដូវវស្សា​។ លោកពូ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ខ្លះ​ម៉ូយ​អ្នក​ដាំ​បន្លែ​គេ​ទូរស័ព្ទ​ប្រាប់​ឲ្យ​យក​ក៏​មាន ហើយ​ពេល​ខ្លះ​ដើរ​លក់​តាម​ភូមិ​រហូត​អស់ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។

គាត់​ថា ចំបើង​ដែល​យក​មក​លក់​នេះ គឺ​ទិញ​ពី​គេ​ដោយ​មួយ​គោ​យន្ត​ក្នុង​តម្លៃ​៥​ពាន់​រៀល​។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​លក់​បាន​ចំបើង​២​ទៅ​៣​ជើង​ទៅ​តាម​ផ្លូវ​ឆ្ងាយ​និង​ជិត ដោយ​​មួយ​ជើង​ឬ​មួយ​គោ​យន្ត​លក់​បាន​ក្នុង​តម្លៃ​៦​ម៉ឺន​រៀល (​រដូវប្រាំង​) ។ តាម​រយៈ​ការ​ដើរ​លក់​ចំបើង​នេះ​ត្រូវ​បាន​អះអាង​ថា អាច​ជួយ​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​មួយ​ចំនួន​ផង​ដែរ ព្រោះ​​ថាបើ​គ្មាន​ការងារ​ធ្វើ​នោះ​នឹង​ពិបាក​ជា​មិន​ខាន​ក្នុង​ការ​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។

ចំពោះ​រដូវវស្សា​វិញ​លោកពូ​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ក៏​ដូច​ជា​អ្នក​ដែល​លក់​ចំបើង​ទាំងអស់​គ្នា​បាន​ដើរ​ទិញ​ចំបើង​ពី​ចំការ​គេ​ប្រមូល​មក​គរ​ជា​ស្នឹម​ដោយ​ប្រក់​ទុក​ឲ្យ​ស្រួល​កុំ​ឲ្យ​ភ្លៀង​ត្រូវ​រលួយ​។​ដោយ​មួយ​ឆ្នាំ​ៗ​ក្នុង​រដូវវស្សា លោកពូ​បាន​ប្រមូល​ចំបើង​ប្រមាណ​៧០​គោ​យន្ត​ឬ​១០០​គោ​យន្ត​ដើម្បី​ទុក​ត្រៀម​សម្រាប់​លក់​នៅ​រដូវវស្សា ព្រោះ​ម៉ូយ​ខ្លះ​គេ​ដាំ​ដំណាំ​នៅ​រដូវវស្សា​។ លោកពូ​ថា នៅ​រដូវវស្សា​ចំបើង​មាន​តម្លៃ​ជាង​រដូវប្រាំង ដោយ​ក្នុង​មួយ​គោ​យន្ត​មាន​តម្លៃ​រហូត​ដល់​១៥​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​តិចតួច តាម​កន្លែង​ឆ្ងាយ​ឬ​ជិត​។ បើ​តាម​លោកពូ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​លោកពូ​អាច​លក់​ចំបើង​បាន​ប្រមាណ​ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ ដែល​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​មិន​អាច​ធ្វើ​មានបាន​ទេ ។

ចំណែក​លោកពូ​ម្នាក់​ដែល​ប្រកប​របរ​លក់​ចំបើង​ដែរ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ដែរ​ថា​លោកពូ​បាន​ដើរ​លក់​ចំបើង​ជាមួយ​គ្នា ដោយ​ធ្វើការ​សហការ​គ្នា ពេល​ខ្លះ​ជួយ​ដឹក​ប្រវាស់ដៃ​គ្នា​ទុក​សម្រាប់​លក់​រដូវវស្សា ហើយ​ដើរ​លក់​តាម​គោ​យន្ត​ជាមួយ​គ្នា​ផង​ដែរ ។ លោក​បន្ត​ថា ចំបើង​ដែល​យក​មក​ដើរ​លក់​នេះ​គឺ​ទិញ​ម្ចាស់​ស្រែ​គេ​ដែល​ច្រូតស្រូវ​រួច ដោយពេល​ខ្លះ​ម៉ៅ​ស្រែ និង​ពេល​ខ្លះ​គិត​ជា​គោ​យន្ត​ដោយ​មួយ​គោ​យន្ត​តម្លៃ​៥​ពាន់​រៀល ។

សូម​ជម្រាប​ថា បើ​យើង​ធ្វើ​ដំណើរ​ប្រហែល​ម៉ោង​៤ ឬ​ម៉ោង​៥​ជិត​ភ្លឺ​តាម​ផ្លូវជាតិ​លេខ​២១ នោះ​បានឃើញ​ក្បួន​គោ​យន្ត​ដឹក​ចំបើង​ដើរ​លក់​ជា​មិន​ខាន ។ គោ​យន្ត​ដឹក​ចំបើង​នោះ ក៏​មាន​បំពាក់​ដោយ​ផ្លា​ក​សញ្ញា​ចំណាំង​ភ្លើង ឬ​ដាក់​អំ​ពូ​ល​ភ្លើង​ពីក្រោយ​ផង​ដែរ ដើម្បី​ចៀសវាង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រការ​ណាមួយ ពោល​គឺ​ខ្លាច​អ្នកបើកបរ​ពីក្រោយ​មើល​មិនឃើញ​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ