វាសនាស្រីស្រស់ ថៃ ស្រីនាង ពូកែថតសិចស៊ីលក់ផលិតផលពេលឡើងតុលាការ(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នារសៀលថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជូនអ្នកស្រី វ៉ែន រចនា ហៅ ថៃ…
រាជធានីភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នារសៀលថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជូនអ្នកស្រី វ៉ែន រចនា ហៅ ថៃ…
រាជធានីភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នារសៀលថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជូនអ្នកស្រី វ៉ែន រចនា ហៅ ថៃ ស្រីនាង អ្នកលក់ផលិតផលតាមអនឡាញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសផុសរូបភាព និងសម្ភារអាសអាភាស តាមមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលបទល្មើសនេះជនជាប់ទោសអាចជាប់ពន្ធនាគារចាប់ពី១ខែដល់១ឆ្នាំ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកមកធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូឃ្លីប Live លក់ផលិតផលតាមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូធ្វើការសុំទោសជាសាធារណ: នូវកំហុសរបស់ខ្លួនផងដែរ ។
ប៉ុន្តែបន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១និង៣០នាទី ក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ស្រាប់តែនៅម៉ោង២និង៣៥នាទីរសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ប្រៀបដូចមនុស្សញ៉ាមស្រាតថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូបញ្ចេញសាច់សខ្ចី ទ្រលុកទ្រលន់បែបផ្គើនទៅវិញ ។ គេថាទឹកកំពុងក្តៅកុំលូក តែលូករលាកហើយ ។
អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់អង្គភាពបណ្តាញព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សមត្ថកកិច្ចរបស់លោកបានចាប់បញ្ជូន ថៃ ស្រីនាង ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំចាត់ការតាមនីតិវិធី ។
ស្ត្រីរូបនេះអាយុ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលតាមអនឡាញរបស់ខ្លួនតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះ បានរងការរិះគន់ ។ ស្ត្រីរកស៊ីរូបនេះមានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយពីបានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនោះ ហើយមិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួន កម្លាំងនគរបាលក៏បានទៅឃាត់ស្ត្រីរូបនេះ ដើម្បីបន្តការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ថៃ ស្រីនាង ដែលមហាជនតែងតែឃើញការបង្ហោះលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬSexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះ ក៏ធ្លាប់តបទៅអ្នករិះគន់វិញដោយបានយករូបកាយស្រីល្បីឈ្មោះជាច្រើននាក់ដែលបានបង្ហាញរូបសិចស៊ីផងដែរ ។
សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ចក៏បានព្រមានដែរថា នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដ៏ទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទិញក៏ត្រូវមានវាសនាដូចនាង ថៃ ស្រីនាងដែរ ។ ពេលនេះនាងមិនមានវាសនាត្រូវប៉ូលិសចូលជួយធ្វើបណ្តឹងឱ្យដល់លើគ្រែក្នុងបន្ទប់ ក្រោយពីប្រុសស្នេហ៍វាយបែកមុខមាត់កាលពីខែកក្កដា ឆ្នាំ២០១៩ដូចកន្លងមកនោះទេ ។
ថៃ ស្រីនាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនយកទៅអប់រំ និងណែនាំ ក្រោយពេលនាងបានបង្ហោះខ្លឹមសារតាមហ្វេសប៊ុកក្នុងន័យឌឺដាក់សម្តេចតេជោហ៊ុន សែន ក្រោយពេលសម្ដេចបានបញ្ជាឲ្យបិទរាល់សកម្មភាព និងរូបភាពអ្នកដែលLive លក់ផលិតផល ផ្សេងៗក្នុងរូបភាពសិចស៊ីបែបស្រាតសល់តិចតួចតាមហ្វេសប៊ុក ។
បើយោងតាមវីដេអូដែលត្រូវបានបង្ហោះតាមហ្វេសប៊ុករបស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ កុម្ភៈ ២០២០ តារាហ្វេសប៊ុកថៃ ស្រីនាង បានសូមទោសជាសាធារណៈដល់មហាជនទាំងឡាយ ដែលកន្លងមកនាងបានLive លក់សម្លៀកបំពាក់ឈុតខោទ្រនាប់ និងរូ៉បរាត្រី ដែលសិចស៊ីហួសហេតុ ប្រាសចាកពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។ នាងសង្ឃឹមថា ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងប្រមុខដឹកនាំនឹងអភ័យទោសរាល់កំហុសដែលនាងបានធ្វើ ហើយនាងសន្យានឹងឈប់ផុសរូបដែលមានលក្ខណៈសិចស៊ីបែបនេះទៀតហើយ ខណៈពេលដែលនាងបានស្នើឲ្យអ្នកឃោសនាលក់ផលិតផលតាមហ្វេសប៊ុកទាំងអស់កុំយកគំរូតាមរូបនាង ។
ថៃ ស្រីនាង គឺជាតារាហ្វេសប៊ុកដ៏ល្បីល្បាញមួយរូបតាមរយៈការLive វីដេអូបង្ហាញភាពសិចស៊ីពេលខ្លះស្ទើរអាក្រាត ក្នុងពេលដែលផ្សព្វផ្សាយលក់សម្លៀកបំពាក់ខោក្នុង និងរូ៉បរាត្រីរបស់នារី។ ក្នុងពេលដែលនាងLive វីដេអូលក់ម្តងៗគឺមានអ្នកចូលមើលច្រើន ។
ទន្ទឹមនឹងភាពល្បីល្បាញនេះថៃ ស្រីនាង ក៏រងការរិះគន់ខ្លាំងដែរ ពីមហាជនទៅលើភាពសិចស៊ីហួសហេតុរបស់នាង ប៉ុន្តែនាងហាក់មិនមានការចាប់អារម្មណ៍ និងផ្លាស់ប្តូរសកម្មភាពមួយនេះឡើយ ដោយយកលេសថា នាងលក់ផលិតផលសម្លៀកបំពាក់សិចស៊ីគឺត្រូវតែស្លៀកបែបនេះឲ្យអតិថិជនរបស់នាងបានឃើញដោយផ្ទាល់ ។ ថៃ ស្រីនាង គឺជាករណីទីមួយដែលត្រូវបានឃាត់ខ្លួនយកទៅអប់រំ ក្នុងពេលដែលនៅមានអ្នកលក់ និងតារាមួយចំនួនទៀតតែងតែLive លក់ផលិតផលនានា ដែលមានលក្ខណៈស៊ិចស៊ីស្រដៀងគ្នានេះផងដែរ ។
ព័ត៌មានចុងក្រោយ ៖
នៅវេលាម៉ោង៦និង៣០នាទី ស្ថានការណ៍សាកសួររបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ជាតំណាងអយ្យកាបានឱ្យដឹងថា ការសាកសួរនាង ថៃ ស្រីនាង មិនទាន់បានបញ្ចប់ទេ ដូច្នេះជានីតិវិធីត្រូវផ្ញើទៅឱ្យសមត្ថកិច្ចគ្រប់គ្រងវិញ គឺប្រគល់ឱ្យទៅអធិការដ្ឋានខណ្ឌទួលគោក ហើយនៅថ្ងៃព្រឹកថ្ងៃនេះនឹងបន្តនីតិវិធី ដើម្បីធ្វើការចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរទៀត ។
ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរបែបនេះ គឺក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស់ ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស់ទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី្តក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណីចាប់រំលោភផងដែរ ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ