ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋអ្នកប្រកបរបរឆ្អើរម្ទេសក្រៀមបានបញ្ជាក់ថា ពួកគាត់សប្បាយរីករាយនៅពេលដែលម្ទេសក្រៀមរបស់ពួកគាត់បានឡើងថ្លៃពីដើមរដូវ ។ ប៉ុន្តែយ៉ាងនេះក្តីសម្រាប់ ប្រជាកសិករ ដែលជាអ្នកដាំម្ទេសផ្ទាល់បានសម្ដែងការព្រួយបារម្ភទៅវិញ ខណៈដែលផ្លែម្ទេសប្លោកស្រស់មានការនាំចូលពីប្រទេសជិតខាង ។
ជួបជាមួយភ្នាក់ងារកោះសន្តិភាព កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ បងស្រី ទឹម ស្រីលក្ខណ៍ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ៖ ម្ទេសឆ្អើរក្រៀម ដែលម៉ូយមកទិញគាត់ក្នុងមួយគីឡូក្រាមថ្លៃ២ម៉ឺនរៀល គឺបានថ្លៃជាងឆ្នាំមុន នេះប្រហែលដោយសារម្ទេសគាត់ឆ្អើរបានពីដើម រដូវ គាត់មិនច្បាស់ទេ ។ ដើម្បីបានក្លាយទៅជាម្ទេសក្រៀមគាត់ត្រូវទិញផ្លែម្ទេសស្រស់ពីកសិករអ្នកដាំផ្ទាល់ បន្ទាប់មកត្រូវជួលគេវះផ្លែម្ទេស និងជួលគេយកទៅស្ងោរ ហើយទើបជួលគេយកទៅតម្រៀបហាល ថែមទៀត ទើបបានក្លាយជាម្ទេសក្រៀម ។
សម្រាប់ផ្លែម្ទេសស្រស់ គាត់បានទិញពីប្រជាកសិករ អ្នកដាំផ្ទាល់១ គីឡូក្រាមថ្លៃ៣ពាន់រៀល ។ ពេលទិញបានត្រូវជួលអ្នកវះផ្លែម្ទេស ក្នុង១០០គីឡូក្រាមតម្លៃ១ម៉ឺន៥ពាន់រៀល ។ ពេលវះផ្លែម្ទេសបានហើយត្រូវយកទៅស្ងោរ រួចលើយកទៅតម្រៀបដាក់ថែប(បន្ទះឬស្សី) ក្នុង១ថែបត្រូវជួលគេថ្លៃ១៥០០រៀលទៀត ។ ពេលលទ្ធផលសម្រេច គឺគាត់លក់ចេញក្នុ ១គីឡូក្រាម២ម៉ឺនរៀល ឃើញថា អាចចំណេញគ្រាន់បើ សម្រាចិញ្ចឹមកូនចៅឱ្យទៅរៀនផងដែរ ។
អ្នកឆ្អើរម្ទេសរូបនោះនៅបានបញ្ជាក់ថា គាត់បានប្រកបមុខរបរឆ្អើរម្ទេសនេះជារៀងរាល់ឆ្នាំ ដោយទិញម្ទេសប្លោកស្រស់ពីប្រជាកសិករអ្នកដាំផ្ទាល់ ប៉ុន្តែពេលខ្លះគាត់ក៏បង្ខំទិញម្ទេសពីប្រទេសជិតខាងផងដែរ ព្រោះម្ទេសប្រជាកសិករដាំមិនទាន់ ឬអាចផ្លែម្ទេសមិនធំល្អជាដើម ។ ដោយឡែកជាមួយគ្នានេះដែរ ប្រជាកសិករដែលបានដាំម្ទេសស្រស់យកមកលក់ឱ្យអ្នកឆ្អើរម្ទេសខាងលើក៏បានសម្ដែងការព្រួយបារម្ភដែរ ថ្វីត្បិតថា ពេលនេះផ្លែម្ទេសស្រស់មួយគីឡូក្រាម ថ្លៃ៣ពាន់រៀលក៏ពិតមែន គឺគាត់អាចទទួលយកបាន ។ ប៉ុន្តែថ្មីៗនេះមានការនាំចូលពីប្រទេសជិត ខាងហេតុនេះហើយគាត់មានការព្រួយបារម្ភខ្លាចក្រែងម្ទេសស្រស់របស់ពួកគាត់អាចនឹងចុះថ្លៃជាងនេះ ។
ពួកគាត់សំណូមពរដល់សមត្ថកិច្ច ក្រសួងពាក់ព័ន្ធ ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល សូមមេត្តាបញ្ឈប់ទប់ស្កាត់ការនាំចូលបន្លែ និងពិសេសផ្លែម្ទេសស្រស់ពីប្រទេសជិតខាងផងដែរ ។ សូមបញ្ជាក់ថា អ្នកប្រកបរបរឆ្អើរម្ទេសមានច្រើនគ្នាណាស់ក្រៅពីភូមិកណ្តាលដូចបានរៀបរាប់មកខាងលើនៅមានភូមិកោះក្របី ភូមិកោះត្រឡាច និងភូមិផ្សារលើជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ