ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តា​របឹង​ទុក​ស្តុក​ទឹក ដើម្បី​កសិករ​បាន​ប្រើប្រាស់​នៅ​រដូវប្រាំង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ផែង សុខវិជ្ជា​នោ បាន​ជំរុញ​ដល់​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន សូមព​ន្លឿ​ន​ការ​ស្តា​របឹង​មួយ​កន្លែង…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ផែង សុខវិជ្ជា​នោ បាន​ជំរុញ​ដល់​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន សូមព​ន្លឿ​ន​ការ​ស្តា​របឹង​មួយ​កន្លែង នៅ​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ដើម្បី​ឱ្យ​រួចរាល់​មុន​ពេល​រដូវ​ធ្លាក់​ភ្លៀង​បាន​មក​ដល់ ។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​ការងារ​ស្ដា​រ​បឹង​មួយ​ចំនួន​នៅ​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ។

លោក ផែង សុខវិជ្ជា​នោ បាន​បន្ត​ថា បឹង​ដែល​ក្រុមការងារ​កំពុង​តែ​ស្តារ​នេះ មាន​បណ្តោយ​ប្រវែង​៣១៥​ម៉ែត្រ និង​ទទឹង​៦៥​ម៉ែត្រ ជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ពេល​ស្តា​របឹង​នេះ​បាន​ហើយ វា​នឹង​ជួយ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ជា​ទូទៅ ដូច​ជា​ការ​ស្រោចស្រព ការ​បង្កបង្កើន​ស្រូវ​រដូវប្រាំង ព្រោះ​កន្លង​ទៅ​នា​រដូវប្រាំង​តែងតែ​ជួប​ប្រទះ​ការ​ខ្វះខាត​ដោយសារ​រីងស្ងួត​អស់ និង​ក៏​ដូច​ជា​សម្រាប់​សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ ពេល​រដូវ​រាំង​ស្ងួត​ផង​ដែរ ។ ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ព​ន្លឿ​ន​ការ​ស្ដារ​បឹង​នេះ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​បានឱ្យ​ដឹង​ថា កន្លង​ទៅ នៅ​តំបន់​ជុំវិញ​បឹង​ដែល​កំពុង​ស្តារ​នេះ បាន​ជួប​ការ​ខ្លះ​ខាត​ទឹកជា​រៀង​រាល់​ឆ្នាំ សម្រាប់​ប្រជាពលរដ្ឋ ធ្វើស្រែ​ប្រាំង ធ្វើ​ចំការ និង​សម្រាប់​សត្វពាហនៈ​ទៀត​ផង ហើយ​ជា​រឿយ​ៗ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​បឹង​មួយ​នេះ តែ​ឈ្លោះ​គ្នា​ដណ្តើម​ទឹក​គ្នា​ជាដើម ហើយ​សង្ឃឹមថា ក្រោយ​ពេល​បឹង​នេះ​ស្តារ​រួច​រាល់​នៅ​រដូវប្រាំង​ឆ្នាំ​ក្រោយ ប្រជាពលរដ្ឋ នឹង​មិន​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​មុន​ទៀត​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ