ពេលនេះមានទឹកបូមដាក់ស្រែវិញហើយ បន្ទាប់ពីស្រូវប្រាំងអត់ទឹកជិត២សប្តាហ៍
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ កសិករជាច្រើនសប្បាយរីករាយយ៉ាងខ្លាំង ដោយសាររហូតមកដល់រសៀលថ្ងៃទី១៩ ខែ
កុម្ភ: ឆ្នាំ២០២០ នេះ មានទឹកក្នុងប្រឡាយដូចដើមវិញ បន្ទាប់ពីដាច់ទឹកអស់រយ:ពេលជិត២សប្តាហ៍ ។ ចំណែកស្រូវប្រាំងដែលកំពុងតែលូតលាស់យ៉ាងខៀវស្រងាត់នៅក្នុងស្រែដែលប្រែពណ៌ទៅជាក្រហមចុងតិចៗ ខណ:ដីក្នុងស្រែប្រេះបែកនៅត្រង់កន្លែងខ្លះ ក៏សង្ឃឹមថា ស្រូវនឹងបញ្ចេញពណ៌ខៀវដូចដើមឡើងវិញ ។

តាមប្រភពព័ត៌មានពីលោក យិវ ម៉ៅ អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ ភោក មុំ អាយុ២៤ឆ្នាំ ជាកសិកររស់នៅភូមិទួល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា នៅក្នុងស្រុកសាលាក្រៅ ប្រជាពលរដ្ឋមួយចំនួនធ្វើចម្ការ ចំណែកអ្នកខ្លះទៀតធ្វើស្រែប្រាំង និងស្រែវស្សា ខណ:ដីរបស់ខ្លួនស្ថិតនៅក្បែរៗមាត់ប្រឡាយទឹក ដែលមានប្រព័ន្ធធារាសាស្ត្រងាយស្រួលបូមទឹកបញ្ចូលស្រែ ។

លោកយិវ ម៉ៅ បានបន្តថា ចំណែកគាត់បានធ្វើស្រែអស់រយ:ពេលជាង១០ឆ្នាំមកហើយ ដោយនៅដើមរដូវឆ្នាំនេះគឺធ្វើស្រែប្រាំង ព្រោះពូជស្រូវស្រងែប្រភេទ (ស្រូវស្រាល) ចំនួន៣ហិកតា ដោយក្នុង១ហិកតា ទទួលបានផលចាប់ពី៣០ទៅ៤០បាវ ។ កាលពីឆ្នាំ២០១៩កន្លងទៅ អត់សូវមានរោគក្រាស៊ី ឬសត្វល្អិតច្រើនប៉ុន្មាននោះទេ ។ លុះដល់ពេលប្រមូលផល ការលក់ដូរក៏មិនជាថោក ឬមានតម្លៃខ្ពស់នោះដែរ ដោយ១តោនឈ្មួញទិញត្រឹម៨០ម៉ឺនរៀលប៉ុណ្ណោះ ហើយបន្ទាប់ពីផាត់ថ្លៃជី ថ្នាំកំចាត់សត្វល្អិតទៅ អាចនៅសល់ថវិកាតិចតួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។

លោកយិវ ម៉ៅ បានបញ្ជាក់ថា កសិករដាំស្រូវប្រាំង ដូចជា ស្រូវស្រងែ និងស្រូវសែនក្រអូប ដែលបន្ទាប់ពី.ព្រោះ ឬដាំរួច រហូតដល់ប្រមូលផលរយ:ពេលត្រឹមតែ៣ទៅ៤ខែប៉ណ្ណោះ ។ ចំណែកនៅរដូវវស្សាវិញ គេព្រោះពូជស្រូវ ដូចជា ផ្កាម្លិះ ផ្កាខ្ញី និងសុម៉ាលីជាដើម ព្រោះពូជស្រូវទាំងនេះ មានរយ:ពេល៦ទៅ៧ខែ ទើបអាចប្រមូលផល ។ ចំពោះបញ្ហាទឹក នៅរដូវប្រាំងនេះ មានការរអាក់រអួលបន្តិច ដោយសារមានការបើកបិទទ្វារ ទឹកយកទៅចែកចាយដល់កន្លែងផ្សេងៗទៀត ទើបពេលខ្លះរយ:ពេល១ទៅ២អាទិត្យ ទើបគេបើកមកឱ្យខាងគាត់ប្រើម្តងវិញ ។ ប៉ុន្តែបើនៅរដូវវស្សា បញ្ហាទឹក គឺគ្រប់គ្រាន់បរិបូរ អាចឱ្យធ្វើស្រែបានយ៉ាងរលូន ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តនិយមខេត្តប៉ៃលិន បានឱ្យដឹងថា នៅរដូវប្រាំងឆ្នាំ២០២០នេះ មានការខ្វះខាតទឹកប្រើប្រាស់ជាបណ្តើរៗ ដោយសាររាំងភ្លៀងអស់រយ:ពេលយូរពេក ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខាងមន្ទីររបស់លោកបានបែងចែកទឹកឱ្យប្រជាពលរដ្ឋតាមតម្រូវការផ្សេងៗគ្នា ដូចជាប្រជាពលរដ្ឋមួយផ្នែកត្រូវការទឹកបូមដាក់ស្រែ ខាងលោកក៏បើកឱ្យបូមបញ្ចូលក្នុងស្រែរបស់ខ្លួន លុះពេញគ្រប់គ្រាន់ហើយ ក៏បិទទ្វារទឹក ដើម្បីឱ្យហូរចូលអូរ ស្រាប់អ្នកភូមិមួយចំនួន ដែលកំពុងត្រូវការប្រើប្រាស់ប្រចាំថ្ងៃ ។

លោកង៉ា លីហុង បញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងលោកក៏បានជីកស្រះទឹក តាមបាតអូរ ដើម្បីឱ្យពួកគាត់មានទឹកប្រើប្រចាំថ្ងៃ ប៉ុន្តែពួកគាត់មួយចំនួន ដែលធ្វើស្រែប្រាំង អត់ស្តាប់តាមការណែនាំរបស់មន្ទីរ ដោយឱ្យគាត់ ចាប់ផ្តើមព្រោះស្រូវតាំងពីខែមករា បែរជាមកព្រោះនៅខែកុម្ភ: ហើយក៏បូមទឹកចូលស្រែ ខណ:ទឹកអូរ និងស្ទឹងអត់សូវមានបណ្តាលឱ្យមានការខ្វះខាតទឹកតិចតួចផងដែរ ។ ទោះបីជាយ៉ាងណា ខាងមន្ទីរនៅតែបន្តចុះដោះស្រាយជូនពួកគាត់ ទាំងការធ្វើកសិកម្មស្រូវប្រាំង ទាំងប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងភូមិ ដើម្បីកុំឱ្យមានបញ្ហាកើតឡើង ៕ (កែសម្រួលដោយ ៖ ធីតា)













ចែករំលែកព័តមាននេះ