ឡាន​ដឹក​ទឹក​កក​រួញ​កាប៊ី​នខ្ទេច​ ក្រោយ​ពន្លះ​ជាមួយ​កុងតឺន័រ​បើក​ចេញពី​ផែ (មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទឹកកក​បាន​រង​ការ​ខូចខាត​ក្រ​ពិត​រួញ​កាប៊ី​ន​ទាំងស្រុង​ប្រើ​ការ​លែង​កើត ដោយសារ​តែ​បើកបរ​លឿន​ជ្រុល​ទៅ​បុក​ចំ​ធុង​ប្រេង​របស់​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ ខណៈ​រថយន្ត​កុងតឺន័រ​នេះ​កំពុង​បើក​ចេញពី​ផែស្ងួត​មួយ​កន្លែង​ឆ្លងផ្លូវ​ទៅ​កាន់​ផែស្ងួត​មួយ​កន្លែង​ទៀត​ដែល​ជា​របស់​ក្រុមហ៊ុន​តែ​មួយ ដោយ​អត់​មើលមុខមើលក្រោយ ឬ​ឈប់​ឲ្យ​រថយន្ត​ដឹក​ទឹក​កក​ដែល​កំពុង​បើក​លឿន​តាម​ផ្លូវត្រង់​ទៅ​ផុត​សិន​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​ផែស្ងួត​តេ​ង​ឡាយ លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដឹក​ទឹកកក​ដែល​រង​ការ​ខូចខាត​កាប៊ី​ន​ទាំងស្រុង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៧២២៤ ជា​របស់​ក្រុមហ៊ុន​ផលិត​ទឹក​ក​ដើម​និង​ទឹកកក​អនាម័យ​យីហោ​«​សញ្ញា​ខ្លាឃ្មុំ​ទឹកកក​» អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​រថយន្ត​មួយ​គ្រឿង ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៧៣២២ សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ​ជា​របស់​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ អ្នកបើកបរ​មិន​ស្គាល់​សញ្ញាណ​ឡើយ​។

តាម​ប្រភព​ព័ត​មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ទឹកកក​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​វាក់​ជាមួយ​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ​ខាងលើ​បាន​បើក​ចេញពី​ផែស្ងួត​តេ​ង​ឡាយ​មួយ​កន្លែង ក្នុង​ទិស​ដៅ​ពី​លិច​ឆ្លងផ្លូវ​ទៅ​កាន់​ផែស្ងួត​តេ​ង​ឡាយ​មួយ​កន្លែង​ទៀត​នៅ​ខាងកើត​ទល់មុខ​គ្នា​នោះ​ដែរ ។ ខណៈនោះ​រថយន្ត​ដឹក​ទឹកកក​កំពុង​បើក​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ធុង​ប្រេង​រថយន្ត​កុងតឺន័រ​នោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រ​ពិត​រួញ​កាប៊ី​ន​ទាំងស្រុង​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ រួច​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង​ដាក់​អែប​ខាង ព្រមទាំង​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​សងខាង​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ