ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ចរាចរណ៍​ក្នុង​រាជធានី​ឆ្នាំ​2019​កើន​ជាង​១ពាន់​លើក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​មាន ចំនួន​១.៦០៨​លើក​/៦៧១​លើក កើន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​មាន ចំនួន​១.៦០៨​លើក​/៦៧១​លើក កើន ៩៣៧​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ (​ស្លាប់ ៣៣៨​នាក់​/២៦៤​នាក់ របួស​១.៧២២​នាក់​/៨៦៧​នាក់​) ខូចខាត​រថយន្ដ ១.១៧៤​គ្រឿង ម៉ូតូ​១.៤៩០​គ្រឿង និង​យានយន្ត​ផ្សេង​ៗ៩៩​គ្រឿង ។ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ត្រូវ​បាន​កត់សម្គាល់​គឺ​មក​ពី​ការ​បើកបរ​លឿន​៤០% បើកបរ​មិន​គោរព​សិទ្ធិ​២១%, បើកបរ​មិន​ប្រកាន់​ស្ដាំ​១២% ។​ល​។ សម្រាប់​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៩​កន្លង​មក គឺ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ច្រើន​ជាងគេ​នៅ​ទូ​ទាំង​ប្រទេស ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ជំនាញ បាន​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ធ្វើការ​ផាកពិន័យ​យានយន្ដ​ចំនួន​១១០.៨៧២​គ្រឿង (​រថយន្ដ​៨៧៨​គ្រឿង ម៉ូតូ​១០៩.៩៩៤​គ្រឿង​) អត់​ពាក់មួក​សុវត្ថិភាព ចំនួន​៨៤.៧៨០​គ្រឿង​យានយន្ដ​បើក​បញ្ច្រាសទិស​ចំនួន​១០.៥១៨​គ្រឿង ។

ចំណែក​យានយន្ដ​មិន​គោរព​ស្លាក​សញ្ញា​ចំនួន ៨.៩២៤​គ្រឿង គ្មាន​កញ្ចក់​មើល​ក្រោយ ចំនួន​៥.៤៤៥​គ្រឿង យានយន្ដ​គ្មាន​ស្លាក​លេខ​ចំនួន​៧៨០​គ្រឿង រថយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​៥​គ្រឿង រថយន្ដ​កែ​ច្នៃ​១​គ្រឿង ម៉ូតូ​កែ​ច្នៃ​ចំនួន​១៧៩​គ្រឿង មិន​ពាក់​ខ្សែក្រវាត់ ចំនួន​១៩៧​គ្រឿង គ្មាន​លិខិត​អាជីវកម្ម​១៩​គ្រឿង គ្មាន​ប័ណ្ណបើកបរ​ចំនួន​៥​គ្រឿង រថយន្ដ​ដឹក​សំពីងសំពោង​១៦​គ្រឿង និង​បិទ​កញ្ចក់​ខ្មៅ ៣​គ្រឿង ។ បាន​អនុវត្ដ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ចំពោះ​អ្នកបើកបរ​ទោច​ក្រ​-​ត្រីចក្រយានយន្ដ​តម្រូវ​ឱ្យទៅ​រក​មួក និង​ទិញ​មួក​សុវត្ថិភាព​៣០.៧២៨​នាក់ ដោយ​មិន​ធ្វើការ​ផាកពិន័យ ។

របាយការណ៍​បញ្ជាក់​ទៀត​ថា ទន្ទឹម​នោះ បាន​ធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ចំនួន​១.៦៤៤​លើក ជា​លទ្ធផល​យានយន្ដ​ឆ្លងកាត់​ចំនួន​៦៦.៨២៩​គ្រឿង (​រថយន្ដ​២២.៥៩១​គ្រឿង ម៉ូតូ ៤៤.២៣៨​គ្រឿង​) ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​អ្នកបើកបរ មាន​ជាតិ​អាល់កុល​ចំនួន​៣.០០១​នាក់ (​រថយន្ដ​១.០៨៨​នាក់ ម៉ូតូ​១.៩១៣​នាក់​) និង​បាន​ផាកពិន័យ​អ្នកបើកបរ​យានយន្ដ​មាន​ជាតិ​អាល់កុល​លើស​កម្រិត​ចំនួន​១.៤៨៣​នាក់ (​រថយន្ដ​១១០​នាក់ ម៉ូតូ​១.៣០៨​នាក់ និង​ម៉ូតូ​កង់​បី​ឥណ្ឌា​៦៥​នាក់​) ។

ក្រៅពី​នេះ បាន​ធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ដ​ធុន​ធ្ងន់ បាន​ធ្វើតេស្ដ​ទឹកនោម​រក​សារធាតុ​ញៀន ចំនួន​៤៤២​នាក់ ក្នុង​នោះ​រក​ឃើញ អ្នកមាន​សារធាតុ​ញៀន​២៣​នាក់ ប្រគល់​ឱ្យ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ បាន​កសាង​សំណុំរឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៥៣២​ករណី មនុស្ស​៩២​នាក់ ។ បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំនួន​១.៤៧២​លើក ដល់​អ្នកបើកបរ​រថយន្ដ​ធុន​ធ្ងន់ នគរ​បាល យោធា មន្ដ្រីរាជការ ប្រជាពលរដ្ឋ​បើកបរ​ប្រចាំ​ក្រុមហ៊ុន ។ សិស្សានុសិស្ស មាន​អ្នកចូលរួម​ចំនួន​៦៣.១៨៧​នាក់ និង​បាន​អប់រំ​ណែនាំ​អ្នក​ចត​យានយន្ត​បង្ក​បាត់ សណ្តាប់ធ្នាប់ ចំនួន​២៦.៤០៣​គ្រឿង និង​អ្នកលក់​ដូរ​លើ​ចិញ្ចើមថ្នល់ ចំនួន​១២.៨៧១​កន្លែង ។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ខែកុម្ភៈ​នេះ និង​គ្រោង​អញ្ជើញសម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​គណៈអធិបតី​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ