រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្តីប្រពន្ធ១គូរស់នៅមិនចុះសម្រុងគ្នាក៏បានលែងលះគ្នា ហើយប្តីទៅមានស្រីថ្មី ចំណែកប្រពន្ធតាមរករឿងដោយចោទប្រកាន់ថា លែងលះគ្នាមិនទាន់ដាច់ស្រេចផង បែរជាលួចទៅមានស្រីថ្មី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បន្តថា បុរសជាប្តីឈ្មោះ សុវណ្ណ អាយុ៣៧ឆ្នាំ មុខរបររកស៊ីជំនួញ ស្នាក់នៅខណ្ឌសែនសុខ ចំណែកស្ត្រីជាប្រពន្ធឈ្មោះឆាយហ៊ាង អាយុ៣៨ឆ្នាំ មុខរបររកស៊ី រស់នៅខណ្ឌសែនសុខ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុរសជាប្តីបានមករស់នៅជាមួយប្រពន្ធក្រោយនៅផ្ទះជួលកន្លែងកើតហេតុខាងលើ ស្រាប់តែស្ត្រីជាប្រពន្ធដើមបានមករក រឿងបុរសជាប្តីបង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ចតែម្តង ។ ដោយបុរសជាប្តីអះអាងថា គាត់បានលែងលះប្រពន្ធដើមដោយមានលិខិតស្នាមត្រឹមត្រូវ ចំណែកស្ត្រីជាប្រពន្ធដើមបានចោទថា ការលែងលះនោះមិនទាន់ដាច់ស្រេចផង បែរជាទៅលួចមានស្រីថ្មីមានផ្ទៃពោះរហូតដល់ទៅ៧ខែហើយ ។
តាមប្រភពពីស្ត្រីជាប្រពន្ធដើមបានឱ្យដឹងថា ប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់បានរៀបការមានកូនចំនួន៣នាក់ ក្នុងនោះស្រី២ និងប្រុសម្នាក់ ។ កាលពីដំបូងឡើយ នៅគ្រាក្ររស់នៅជាមួយបងថ្លៃរកស៊ីតាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នមានផ្ទះ និងមានរថយន្តសម្រាប់រកស៊ី មានជីវភាពធូរធាសមរម្យហើយ ។
ស្ត្រីជាប្រពន្ធដើមបន្តទៀតថា បែរជាមានស្រីថ្មីរាប់ភ្លេច សូម្បីតែនារីដែលជាស្រីលួចលាក់ខាងលើ គឺជាមនុស្សធ្លាប់រស់នៅជាមួយគាត់ ជាអ្នកជួយមើលកូន ហើយគាត់ធ្លាប់តាមទាន់ប្តីនាំនាងឡើងផ្ទះសំណាក់ ទើបរូបគាត់ឲ្យនាងឈប់នៅជាមួយ តែប្តីរបស់គាត់នៅតែលួចទាក់ទងនាងមកដល់បច្ចុប្បន្ន រហូតដល់នាងខាងលើនេះមានផ្ទៃពោះ៧ខែហើយ ។
ប្រភពដដែលបន្តទៀតថា ដោយឡែកប្តីរបស់គាត់តាំងពីទាក់ទងស្រីខាងលើបង្កឲ្យមានជម្លោះឈ្លោះប្រកែកគ្នាក្នុងគ្រួសារ និងប្រើហិង្សាវាយគាត់ជាច្រើនដងមកហើយ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជាបើករថយន្តបំបុកផ្ទះជាដើម ។ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ទើបគាត់ដាច់ចិត្តប្តឹងលែងលះគ្នាបានជាង១ខែមកហើយ ដោយស្ម័គ្រចិត្តរៀងខ្លួន តែការលែងលះមិនទាន់ដាច់ស្រេចទេ ព្រោះការបែងចែកទ្រព្យសម្បត្តិរួចហើយ នៅសល់ប្រាក់អាហារកិច្ចចិញ្ចឹមកូនចំនួន២ម៉ឺនដុល្លារទៀត ដែលប្តីមិនទាន់ឲ្យគ្រប់ចំនួនផង ក៏លួចទៅរស់នៅជាមួយស្រីថ្មី ។
ចំណែកបុរសជាប្តីបាននិយាយប្រាប់ថា គាត់លែងលះជាមួយប្រពន្ធដើមដាច់ហើយ ព្រោះគាត់មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ គឺបានលែងលះគ្នានៅសង្កាត់ដោយមានមេធាវី និងប្រធានកិច្ចការនារីក្រុងចូលរួមផងដែរ និងមានសំបុត្រលែងលះត្រឹមត្រូវ នៅរង់ចាំតែថ្ងៃតុលាការកោះហៅតែប៉ុណ្ណោះ ទើបគាត់មករស់នៅជាមួយប្រពន្ធថ្មី តែប្រពន្ធរបស់គាត់បែរជាមកធ្វើរឿងបែបនេះ ។
ក្រោយពេលបង្កឲ្យមានការភ្ញាក់ផ្អើលរវាងប្តីប្រពន្ធខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បាននាំភាគីទាំងសងខាងទៅសួរនាំ តែដោយឃើញមានឯកសារគ្រប់គ្រាន់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានឲ្យពួកគាត់ទៅផ្ទះរៀងៗខ្លួន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ