មនុស្ស​ប្រុស​មាន​ស្រី​ក្រៅ​ផ្ទះ​ជា​រឿង​ធម្មតា?


មនុស្ស​ភាគច្រើន​ទទួល​ស្គាល់ថា​បុរស​ៗ​សឹង​ទាំងអស់​លួច​មាន​ស្រី​ញី​ខាងក្រៅ​ផ្ទះ ចំណែក​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ខ្លះ​ទៀត​ថែម​ទាំង​ចិត្តល្អ​ដោយ​ពោល​ពាក្យ​ថា បើសិន​ត្រឹម​ស៊ី​នំ​ឱ្យ​លុយ​គឺ​មិន​អី​ទេ កុំឱ្យ​តែ​ព្រហើន​យក​ជា​ប្រ​ព​ន្ឋ​ចុង ។

បុរស​ៗ​ខ្មែរ​មានសំណាង​ច្រើន​ជាង​នារី​បើ​គិត​អំពី​បញ្ហា​ផ្លូវភេទ​នេះ មនុស្ស​ប្រុស​មាន​ឪ​កាស​ដើរ​ក្រៅ​ផ្ទះ​ហើយ​ផឹកស៊ី​ស្រី​ញី​អូន​បង​តាម​ចិត្ត​ដោយ​គ្មាន​ការ​រិះគន់​ខ្លាំងក្លា​ឡើយ ដោយ​បុរស​ខ្មែរ​ភាគច្រើន​ជា​អ្នករក​លុយ​ផ្គត់ផ្គង់​គ្រួសារ ពួក​គេ​ក៏​មាន​ល​ទ្ឋ​ភាព​នឹង​កឹ​ប​កេង​លុយ​ទុក​ចាយ​នៅ​ខាងក្រៅ​ផ្ទះ ។ ជាមួយ​គ្នា​នោះ​បុរស​ៗ​ក៏​មាន​សេរីភាព​ច្រើន​ជាង​ស្ត្រី​នៅ​ក្នុង​ការ​ដើរហើរ​នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​មនុស្ស​ភាគច្រើន​គិត​ថា វា​នឹង​មិន​សម​ទំនង​ឡើយ​បើសិនជា​មនុស្ស​ស្រី​ដើរហើរ​យប់ និង​ផឹកស៊ី​ដូច​បុរស​ៗ​នោះ ។ ស្តង់ដារ​សីលធម៌​ពីរ​ផ្ទុយ​គ្នា​បាន​កើត​មាននៅ​ក្នុង​សង្គម​ខ្មែរ​ដោយ​លម្អៀង​ទៅ​រក​ខាង​បុរស ។

សូ​ម្បី​តែ​បុរស​ៗ​ផឹកស៊ី និង​លួច​មាន​ស្រី​ញី​នៅ​ខាងក្រៅ​ផ្ទះ​ក៏​គេ​នៅ​តែ​គិត​ថា​ជា​រឿង​ធម្មតា​របស់​បុរស ។ ការ​មាន​និន្នាការ​គិត​ថា ការ​លួច​មាន​ស្រី​ញី​ខាងក្រៅ​ផ្ទះ​ជា​រឿង​ធម្មតា និង​ជំរុញ​ឱ្យ​បុរស​ៗ​កាន់តែ​ខិលខូច​និង​ក្បត់​ប្រ​ព​ន្ឋ ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ពួក​គេ​អាច​នឹង​ជ្រុលជ្រួស​រហូត​ដល់​មាន​ប្រ​ព​ន្ឋ​ចុង បើសិនជា​ស្រី​កំណាន់​នោះ​ដៃ​ស្អិត​ហើយ​មិន​លែងដៃ​ឱ្យ​បុរស​នោះ​រួចខ្លួន ។ ពេល​នោះ​ជម្លោះ​គ្រួសារ​នឹង​កើត​មាន​ឡើង​ហើយ​អាច​ឈាន​ដល់​ការ​បែកបាក់ ។ អ្នក​ដែល​រង​គ្រោះ​ជាងគេ​គឺ​ភរិយា​ដ៏​ល្អ និង​កូន​គួរ​ឱ្យ​ស្រឡាញ់​ដែល​នឹង​ខ្វះ​ភាព​កក់ក្តៅ​នៅ​ពេល​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា ។

ការ​ផិតក្បត់​នៅ​ខាងក្រៅ​ផ្ទះ​គឺជា​រឿង​អ​សីលធម៌​ហើយ​មិន​ត្រូវ​ចាត់ទុកជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ប្រុស ប៉ុន្តែ​ជា​រឿង​គួរ​ផ្តន្ទាទោស​សម្រាប់​មនុស្ស​ស្រី​នោះ​ឡើយ ។ សាក​ស្រមៃ​មើល​ថា តើ​នឹង​មាន​ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាងណា​បើសិនជា​ស្ត្រី​ម្នាក់​ជា​ប្រ​ព​ន្ឋ​លួច​មាន​ប្រុស​ឈ្មោល​នៅ​ខាងក្រៅ​នោះ ។

មនុស្ស​ស្រី​ជា​ភរិយា​ខ្លះ​គិត​ថា​បើសិនជា​ប្តី​មាន​ស្រី​ក្រៅ​ផ្ទះ​តាម​របៀប​ស៊ី​នុំ​ឱ្យ​លុយ​នោះ ខ្លួន​មិន​រករឿង​ឡើយ ។ ប៉ុន្តែ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​មិន​ត្រូវ​មានចិត្ត​ទន់​ដោយ​ទទួលស្គាល់​ការ​ផិតក្បត់​ក្រៅ​ផ្ទះ​ជា​រឿង​ធម្មតា​ឡើយ ។ ការ​ទទួលស្គាល់​បែប​នេះ​នឹង​ធ្វើ​ឱ្យ​បុរស​ៗ​កាន់តែ​ខិលខូច​ហើយ​អ្នក​រង​គ្រោះ​នឹង​នៅ​តែ​ជា​ស្ត្រី​ជា​ប្រ​ព​ន្ឋ និង​កូន​ៗ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ