រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់បាត់ស្មារតី ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងបុកជាមួយរថយន្តមួយគ្រឿងក្នុងទិសដៅស្របគ្នា ដែលបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានសំណង់មួយកន្លែង (ក្នុងដីឡូតិ៍អតីតរោងចក្រកាត់ដេរ គួង ហុង) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ភាគីខាងរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BC-៩៦៧២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ស្លែ ពាក់ស្លាកលេខ ផ២១២១-ភព១ បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស បានបើកមកឈប់នៅលើចិញ្ចើមផ្លូវខាងមុខការដ្ឋានសំណង់ខាងលើ ដោយមានបុរសម្នាក់អង្គុយក្នុងរថយន្តបញ្ឆេះម៉ាស៊ីនចតនៅស្ងៀមនៅខាងមុខការដ្ឋានសំណង់ខាងលើ ដើម្បីរង់ចាំម្តាយចេញពីផ្ទះទៅ ធនាគារ។

តាមប្រភពដដែលបានបន្តថា ខណៈដែលរថយន្តកំពុងតែចតនៅស្ងៀមនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកគុប បើកបរដោយយុវជនម្នាក់បានមកបុកពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យដួលម៉ូតូចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់សន្លប់បាត់ស្មារតីតែម្តង។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តរងការខូចខាតត្រង់កាងខាងក្រោយបន្តិចបន្តួចតែប៉ុណ្ណោះ ចំណែកឯម៉ូតូបានបាក់ខ្នងកង់ និងផ្នែកខាងមុខរងការខូចខាតអស់មួយចំនួន។

តាមប្រភពដដែលបានបន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទំនងជាយុវជនរងគ្រោះបើកបរម៉ូតូដោយមិនមានការប្រុងប្រយ័ត្នទើបបានទៅបុកពីក្រោយរថយន្តចតស្ងៀមបែបនេះ ។ បន្ទាប់មកគេឃើញឪពុកម្តាយរបស់យុវជនរងគ្រោះក៏បានមកដល់កន្លែងកើតហេតុផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលផ្នែកចរាចរណ៍ខណ្ឌចំការមនក៏បានចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសាមុយមកដឹកយកយុវជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ព្រមទាំងធ្វើការវាស់វែង និងយករថយន្តម៉ាកព្រូស ព្រមទាំងម៉ូតូម៉ាកគុបទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ