ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​គ្មាន EBA ក៏​កម្ពុជា​នៅ​តែ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​កម្មករ​របស់​ខ្លួន​ជា​អាទិភាព​ជា​និច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បាន​សង្កត់ធ្ងន់​ថា ទោះបី​មាន ឬ​គ្មាន…

រាជធានី​ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បាន​សង្កត់ធ្ងន់​ថា ទោះបី​មាន ឬ​គ្មាន EBA ពី​សហភាព​អឺរ៉ុប​ក៏​កម្ពុជា​បាន​តាំងចិត្ត រួច​ហើយ​ថា​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិ​សេរីភាព​របស់​កម្មករនិយោជិត ជា​អាទិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​និច្ច​រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​មិន​ដែល​ងាក​ចេញពី​គោលនយោបាយ​នោះ​ទេ ។

ការ​ថ្លែង​បែប​នេះ​របស់ លោក ហេង សួរ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ផែនការ​រួម​របស់​គម្រោង​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា (BFC) ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។ ខណៈ​មានការ​រិះគន់​ចំពោះ​ការ​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ដែល​សហភាព​អឺរ៉ុប​ទើបតែ​ធ្វើ​ដាក់​កម្ពុ​ជានា​ពេល​ថ្មី​ៗ​មក​នោះ លោក​ហេង សួរ បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​អាក្រក់​ដូចដែល​គេ​បាន​ចោទ​នោះ​ទេ កម្ពុជា​តែងតែ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​ប្រទេស​ដទៃ​ផ្សេង​ទៀត ហើយ​មាន​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) គម្រោង BFC និង​ម្ចាស់ ពាណិជ្ជសញ្ញា (Brand) ទាំងអស់​ជា​សាក្សី​ថា កម្ពុជា​អនុវត្ត​បាន​ល្អ​យ៉ាងណា​ខ្លះ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ និង​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ ។

បើ​តាម​លោក ហេង សួរ នៅ​ពេល​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA វា​មិនមែន​ដោយសារ​កម្ពុជា​មិន​បាន​ផ្ដល់​លក្ខខណ្ឌ​ដល់​ការងារ​កម្មករនិយោជិត ឬ​សិទ្ធ​សេរីភាព​ទៅ​ឱ្យ​អង្គការ​វិជ្ជាជីវៈ​នោះ​ទេ ប៉ុន្តែ​វា​ដោយសារ​បញ្ហា​នយោបាយ​ដែល​ប្រទេស​មួយ​ចំនួន​តម្រូវ​កម្ពុជា​ធ្វើ​តាម​គោលនយោបាយ​ការ​បរទេស​របស់​ពួក​គេ​ដែល​ជា​ការ​អនុវត្ត​ស្ដង់ដា​ពីរ ។ តែ​ទោះជា​យ៉ាងណា​ពួក​គេ​មិន​គួរ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​ទៅ​នឹង​នយោបាយ​នោះ​ឡើយ ។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា «​ជនជាតិ​កម្ពុជា​ទាមទារ​យុត្តិធម៌ កម្ពុជា​មិន​ចង់បាន​លើសគេ​ទេ ប៉ុន្តែ​សុំ​ឱ្យ​មាន​សមភាព​ក្នុង​ការ​សម្រេចចិត្ត ហើយ​សូម​ឱ្យ​មាន​សុភ​វិនិច្ឆ័យ​នូវ​អ្វី​ដែល​ជា​ការ​ខិតខំ​របស់​កម្ពុជា​» ។ លោក​បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀម​នូវ​អ្វី​ដែល​ជា​កញ្ចប់​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​ណាមួយ ដែល​ប៉ះពាល់​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ដោយសារ​តែ​ការ​សម្រេចចិត្ត​ដោយ​អយុត្តិធម៌ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​មកនេះ សហភាព​អឺរ៉ុប​បាន​សម្រេច​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ។ ប៉ុន្តែ​ការ​ព្យួរ​នេះ​មិន​ទាន់​ដំណើរការ​នៅឡើយ​ទេ គឺ​អាច​ក្នុង​កំឡុង​ខែសីហា​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ