ខេត្តសៀមរាប ៖ មន្រ្តីអាជ្ញាធរអប្សរាដែលគ្រប់គ្រងរមណីយដ្ឋានវប្បធម៌អង្គរបាន បដិសេធដំណឹងដែលបានបង្ហោះនៅលើប្រពន្ធ័បណ្តាញផ្សព្វផ្សាយសង្គម ដែលអះអាងថាកំពូលប្រាសាទនាគពន្ធ័បានទ្រេត ឬអាចរលំនៅពេលខាងមុខបើសិនជាមិនមានវិធានការសង្គ្រោះឲ្យបានទាន់ពេល ។
ការបដិសេធរបស់មន្រ្តីអាជ្ញាធរអប្សរានេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ សីហា ឆ្នាំ ២០១៤ បន្ទាប់ពីក្រុមអ្នកពេញនិយមខាងបញ្ចេញមតិតាមបណ្តាញសង្គមឬហ្វេសប៊ុក បានបង្ហោះនិងចែករំលែកតៗគ្នា អំពីរូបភាពប្រាសាទបុរាណមួយនោះ ជាមួយនិងការបរិយាយថាកំពូលរបស់វាកំពុងតែទ្រេត និងអាចដួលរលំនៅថ្ងៃណាមួយ ។
កាលពីពេលថ្មីនេះហ្វេសប៊ុកមួយមានឈ្មោះkhieu Thy បានសរសេរថា«តំណឹងដែលគួរយកចិត្តទុកដាក់!កំពូល ប្រាសាទនាគព័ន្ធ នៃក្រុមវង់ធំ ក្នុងតំបន់អង្គរ បានទ្រេតមកទិសខាងជើង ឆៀងខាងកើត បើអាជ្ញាធរអប្សារា មិនមានវិធានការ ជុសជុលអោទាន់ពេលវេលាទេ អាចបាក់រលំជាមិនខាន នេះក៏ដោយសារមានទឹក ដក់កគ្រាំគ្រាំ ក្នុងកំរិតខ្ពស់ខុសពីប្រក្រតី» ។
ថ្វីបើយ៉ាងនេះក្តីប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរាលោកអ៊ឹម សុខរិទ្ធី បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២០ សីហា នេះថាដំណឹងដែលបានបង្ហោះនៅលើប្រពន្ធ័ផ្សព្វផ្សាយសង្គមនោះមិនបានឆ្លុះបញ្ចាំងពីការពិតទេ តែវាបង្ហាញពីការស្រឡាញ់ លាយឡំជាមួយការព្រួយបារម្ភពីភាពគង់វង់នៃប្រាសាទបុរាណរបស់ប្រជាពលរដ្ឋខ្មែរយើង ។
លោកបន្តថាប្រាសាទនាគពន្ធ័ ស្ថិតក្នុងចំណោមប្រាសាទបុរាណជាច្រើនទៀតក្នុងឧទ្យានអង្គរដែលការមានសង្ស័យពីការស្រុតរលំ ដែលត្រូវបានបំពាក់ឧបករណ៍ស្វ័យប្រវត្តសំរាប់តាមដានលំនឹងរបស់វានៅត្រង់កំពូល ដូចជាប្រាសាទបាយ័ន ,ប្រាសាទអង្គរវត្ត ,និងប្រាសាទឯទៀតៗ ដូច្នេះបើសិនជាមានការទេ្រតអីចឹងមាន នោះសញ្ញាពីគ្រោះអាសន្ននិងបញ្ជូនឲ្យដឹងជាក់ជាមិនខាន។ ដោយឡែកឆ្លើយតបទៅនឹងករណីពីការបញ្ចូលទឹកនៅក្នុងបរិវេណប្រាសាទនាគពន្ធ័យ៉ាងជោគជំាលោក អ៊ឹម សុខរិទ្ធី បានបញ្ចាក់ដោយចាត់ទុកថាវាជាយុទ្ធវិធីធ្វើឲ្យស្ថានភាពប្រាសាទមួយនេះវិលទៅរកភាពដើមទាំងស្រុង កាលពីជាង៥០០ឆ្នាំមុន ទៅតាមអ្វីដែលហៅថាគោលការគ្រប់គ្រងបេតិកភណ្ឌពិភពលោក ។
លោកបន្ថែមថា ប្រាសាទនាគពន្ធ័ពីដើមជាប្រាសាទមេបុណ្យនៃបារាយណ៍ខាងជើង ដូចប្រាសាទមេបុណ្យខាងកើត និងខាងលិចដែរ ដែលសុទ្ធសឹងតែពទ្ធ័ជុំវិញដោយផ្ទៃទឹក ក៏ប៉ុន្តែបារាយណ៍ហ្នឹងវាបានបោះបង់ចោលអស់រយៈកាលជាង ៥០០ឆ្នាំ មកហើយ ទើបតែពេលថ្មីៗនេះត្រូវបានអ្នកជំនាញប្រឹងប្រែងស្រាវជា្រវរកឃើញប្រពន្ធ័គ្រប់គ្រងទឹកវិញ ហើយធ្វើការបញ្ចូលទឹកទើបបណ្តាលឲ្យបរិវេណប្រាសាទនោះក្លាយជាប្រាសាទត្រំាទឹកយ៉ាងដូច្នេះ ។
ទោះបីជាយ៉ាងនេះក្តីលោកខៀវ ធី ដែលជាមគ្គុទ្ទេសក៏ទេសចរណ៍តំបន់សៀមរាបនិងជាម្ចាស់ហ្វេសប៊ូកខាងលើបានបញ្ចាក់តាមសារឆ្លើយឆ្លងអេឡិចត្រូនិកនៅរសៀលថ្ងៃទី២០ នេះថាតាមការមើលជាក់ស្តែងកំពូលប្រាសាទនាគពន្ធ័ពិតជាទ្រេតមែន ហើយបើសិនជាអាជ្ញាធរអប្សរាអះអាងថាមានប្រពន្ធ័តាមដានមាន វាគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់អង្គភាពមួយនេះ។
សូមបញ្ចាក់ថា ប្រាសាទនាគព័ន្ធ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ ទ្រង់កសាងនៅកណ្តាលសតវត្សរ៏ទី១៨នៃ ពុទ្ធសករាជ(ព.ស១៧២៤-១៧៤៤) ដើម្បីឧទ្ទិសថ្វាយដល់ពោធិសត្វលោកេស្វរៈ ។
ចែករំលែកព័តមាននេះ