លោក កឹ​ម សុខា សង្ឃឹមថា រាជរដ្ឋាភិបាល​បើក​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ​ដល់​ពលរដ្ឋ​ដោយ​សេរី


រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​ដើរ​ទន្ទឹម​គ្នា លោក កឹ​ម សុខា បាន​សម្តែង​ក្តី​សង្ឃឹមថា រាច​រដ្ឋាភិបាល​នឹង​បើក​បរិយាកាស​ប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច ។ នេះ​បើ​តាម​មនុស្ស​ជំនិត​លោក ។

លោក​មុត ច​ន្ថា ជា​មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​ស្រង់​សំដី​លោក កឹ​ម សុខា ថា​តាម​ពិត​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​នៅ​ក្នុងអំឡុងពេល​សង្គ្រាម​អន្តរជាតិ និង​សង្គ្រាមស៊ីវិល ប៉ុន្តែ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​វិញ​ត្រូវ​គោរព និង​អនុវត្ត​ទាំង​ពេល​សន្តិភាព និង​ទាំង​ពេល​មាន​សង្គ្រាម ។ លោក​ថា ទោះជា​យ៉ាងនេះ​ក្តី​គោលការណ៍​មនុស្សជាតិ​ត្រូវ​អនុវត្ត​ជា​និច្ច និង​គ្រប់ពេល ព្រោះ​វា​ជា​គោលការណ៍​គ្រឹះ​ទាំង​ប្រាំពីរ​នៃ​ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ។ គោលការណ៍​គ្រឹះ​ទាំង​ប្រាំពីរ​នេះ គឺ «​មនុស្សជាតិ ភាព​មិន​លំអៀង អព្យាក្រឹតភាព ឯករាជ្យ​ភាព សេវា​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​» ដែល​បង្កើត​ឲ្យ​មាន​ប្រតិបត្តិការ​ប្រកបដោយ​សីលធម៌ និង​ក្រប​ខណ្ឌ​ស្ថាប័ន ដើម្បី​បំពេញ​កិច្ចការ​របស់​ចលនា កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (​ជាតិ និង​អន្តរជាតិ​) ។

លោក​បាន​ក៏​បាន​ស្រង់​សំដី​លោក​កឹ​ម សុខា​យ៉ាង​ដូច្នេះ​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​កាលពី​ពេល​ថ្មី​ៗ​ចំពោះ​កប៉ាល់ Westerdam Ship Cruise តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចូល​សំចត និង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​អ្នកទេសចរ​ជាង ២,០០០​នាក់ បន្តដំណើរ​ទៅ​កាន់​ទិស​ដៅ​រៀង​ៗ​ខ្លួន​បន្ត​ទៀត ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​បដិសេធ​ឲ្យ​ចូល​សំចត គឺជា​កាយវិការ​មនុស្សធម៌ ស្រប​តាម​គោលការណ៍​នៃ​ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​មិន​រើសអើង ដែល​ស្រប​តាម​គោលការណ៍​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​ដែរ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​សង្ឃឹម​ជឿជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គោរព​ប្រតិបត្តិ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ពិសេស​កាតព្វកិច្ច​ដូច​មាន​ចែង​នៅ​ក្នុង​«​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ឆ្នាំ​១៩៦៦» និង «​កតិកាសញ្ញា​អន្តរជាតិ ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ឆ្នាំ​១៩៦៦» ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន នៅ​ឆ្នាំ​១៩៩២ ។ លោក​បញ្ជាក់​ថា​៖«​យើង​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​ធានា​ឲ្យ​មាន​បរិយាកាស​នយោបាយ​អំណោយផល និង​បើកចំហ​លំហរ​ប្រជាធិបតេយ្យ ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​និ​ន្ន​ការ​អាច​អនុវត្ត​សិទ្ធិ​នយោបាយ​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច ព្រមទាំង​ធានា​ដល់​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គមកិច្ច ហើយ​និង​សិទ្ធិ​ការងារ (​អនុសញ្ញា ILO) របស់​ពលរដ្ឋ​ខ្មែរ​ជា​ពិសេស​សិទ្ធិ​ទទួល​បានការ​ងារ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​វាយ​ន​ភណ្ឌ​ដោយ​និរន្តរភាព (​វិស័យ​កាត់ដេរ​)» ។

លោក​បាន​ក៏​បាន​លើក​ឡើង​ថា​ទៀត​ថា​លោក កឹ​ម សុខា បាន​ឆ្លើយ​តប​ជា​សារ​ជាមួយ​អ្នកកាសែត​បរទេស​ថា​៖ «​ការ​អនុញ្ញាត​នេះ គឺជា​កាយវិការ​មនុស្សធម៌ និង​ការ​ចូលរួម​រក​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្នកទេសចរ​ដែល​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ» ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ