រាជធានីភ្នំពេញ ៖ ក្នុងចំណោមសង្វៀនប្រដាល់ធំៗ ដូចជាសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏មានសង្វៀនមួយចំនួនទៀតដែលបានចូលរួមចំណែកជួយបំផុស និងរំលេចឱកាសឱ្យកីឡាករក្មេងៗ មិនធ្លាប់មានបទពិសោធន៍ឱ្យឡើងប្រកួតផងដែរ។
ជាក់ស្ដែងវត្តមានកីឡាករ២រូប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើសង្វៀនអធិរាជកម្លាំងរេដអាន គឺសុទ្ធតែមានអ្នកសរសើរ។ ការប្រកួតដែលបានធ្វើឡើងតែ៣ទឹកនៅក្នុងថ្ងៃនោះ ប៉ុន្តែកីឡាករបង្គោលក្រហម ម៉ៅ ប្រាក់បាន និងកីឡាករក្មេងខ្ចីខាងបទពិសោធន៍ បង្គោលខៀវ ផាន់ ខាំតែង គឺប្រកួតគ្នាទាក់ភ្នែក។
ការប្រកួតរបស់អ្នកទាំងពីរសុទ្ធតែចង់បានគោលដៅ ចង់ល្បីដូចគ្នា ទើបការប្រកួតតាំងពីទឹកទី១ គឺបើកឆាកប្រយុទ្ធគ្នាទាក់ភ្នែកតែម្តង។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ ប្រកួតគ្នាយ៉ាងរស់រវើក ហើយដ្បិតថា ក្នុងរវាងពួកគេមិនត្រូវបានគណៈកម្មការតម្រូវឱ្យស្មើពិន្ទុគ្នា ប៉ុន្តែអ្នកចាញ់ក៏ទទួលបានការសរសើរនោះដែរ។ ការប្រកួតត្រឹមតែ៣ទឹកនោះ បង្គោលខៀវ ផាន់ ខាំតែង ឈ្នះពិន្ទុបង្គោលក្រហម ម៉ៅ ប្រាក់បាន ដោយពិបាកខ្លាំង។
លោក ញាណ សុធី អ្នករៀបចំការប្រកួត និយាយថា សម្រាប់កីឡាករថ្មីៗ សង្វៀនរបស់លោកកំណត់ឱ្យប្រកួតតែ៣ទឹកប៉ុណ្ណោះ ហើយលោកក៏មិនដែលនឹងទុកសង្វៀនណាមួយ មិនឱ្យកីឡាករក្មេងៗ ថ្មីៗ បានឡើងរេញនោះទេ ដោយសារតែលោកចង់បណ្ដុះឱ្យពួកគេត្រូវបានគេស្គាល់ និងមានទីផ្សារ។ លោកថា កីឡាករក្មេងៗ ថ្មីៗ ភាគច្រើនវាយគ្នាល្អមើលនោះផង ទើបលោកកាន់តែចង់ដាក់ឱ្យប្រកួត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ