រាជធានីភ្នំពេញ ៖ កីឡាករកម្ពុជា២រូបគឺតាញ់ មករា និងបាង កាយ៉ាក បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»បន្ទាប់ពីពួកគេយកឈ្នះលើកីឡាករថៃដោយពិន្ទុរៀងខ្លួននៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី កាលពីថ្ងៃទី១៥កុម្ភៈ។
មុនពេលប្រកួត កីឡាករកម្ពុជាទាំង២រូបបានប្ដេជ្ញាថា ត្រូវតែយកឈ្នះការប្រកួតដ៏សំខាន់នេះឱ្យទាល់តែបាន ។ ជាមួយនឹងការតាំងចិត្តនេះ ពួកគេធ្វើបានសម្រេចមែន ដោយកីឡាករ តាញ់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានយកឈ្នះកីឡាករថៃ Vithak Yayuth ដោយពិន្ទុទាំង៥ទឹកដាច់តែម្ដង ធ្វើឱ្យកីឡាករថៃខកចិត្តយ៉ាងខ្លាំង ដោយសារគេត្រូវធ្លាក់មកប្រកួតយកចំណាត់ថ្នាក់លេខ៣វិញ។
កីឡាករកម្ពុជា១រូបទៀតគឺបាង កាយ៉ាក មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានយកឈ្នះកីឡាករថៃPhat Kreang Krai ដោយពិន្ទុដូចគ្នាធ្វើឱ្យកីឡាករថៃរូបនេះមានការខកចិត្តជាលើកទី២ ព្រោះអីកាលពីជួបប្រកួតគ្នាលើកទី១ Kreang Kraiធ្លាប់ចាញ់ក្រោមកណ្ដាប់ដៃបាងកាយ៉ាកដោយពិន្ទុរួចម្ដងមកហើយ ។ លើកនេះគេក៏មានបំណងចង់សងសឹកបាង កាយ៉ាកដែរតែបែរជាភ្លាត់ស្នៀតចាញ់ទាំងមិនអស់ចិត្តទៅវិញ ។ តាម រយៈជ័យជម្នះនេះធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំងដោយសារបានឃើញកីឡាករកម្ពុជាទាំង២រូបបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកចំណាត់ថ្នាក់លេខ១។
ចំណែកគូប្រកួតមិត្តភាពវិញ កីឡាករ អេលីត ភក្ដី មកពីក្លិបប៉ែនកាក់គុនខ្មែរ យកឈ្នះកីឡាករថៃPhit Saychhunដោយពិន្ទុ និងគូប្រកួតបើកឆាក កីឡាករ អេលីត សុខចិនមកពីក្លិបប៉ែនកាក់គុនខ្មែរ ចាញ់ពិន្ទុកីឡាករ ឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ