ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​នៃ​សេចក្តី​ស្រឡាញ់​ថ្ងៃ​14​កុម្ភៈ​ អ្នក​លក់​​ផ្កា​ប្រាប់​ថា​ មាន​ទិញ​តិចតួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ទំនោរនៃ​ការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយហេតុ​ថា​ទិវា​នេះ​មិនមែន​ជាប្រពៃណី​របស់​កម្ពុជា​នោះ បាន​ក្លាយជា​ការ​រំឭក និង​ដាស់តឿន​ដល់​យុវជ​ន​ទាំងអស់ កុំ​ឲ្យ​ប្រព្រឹត្តទ​ង្វើ​ប្រាសចាក​ពី​ប្រពៃណី​និង​ទំនៀមទម្លាប់​ផូរផង់​របស់​ជាតិ​នៅ​ក្នុង​«​ទិវា​នៃ​ក្តី​ស្រឡាញ់​» ១៤ កុម្ភៈ ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ទំនោរនៃ​ការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយហេតុ​ថា​ទិវា​នេះ​មិនមែន​ជាប្រពៃណី​របស់​កម្ពុជា​នោះ បាន​ក្លាយជា​ការ​រំឭក និង​ដាស់តឿន​ដល់​យុវជ​ន​ទាំងអស់ កុំ​ឲ្យ​ប្រព្រឹត្តទ​ង្វើ​ប្រាសចាក​ពី​ប្រពៃណី​និង​ទំនៀមទម្លាប់​ផូរផង់​របស់​ជាតិ​នៅ​ក្នុង​«​ទិវា​នៃ​ក្តី​ស្រឡាញ់​» ១៤ កុម្ភៈ ។ គេ​សង្កេត​ឃើញ​ថា ទីតាំង​លក់​ផ្កា​ជុំវិញ​សាលា​រៀន​សាធារណៈ​ក៏​ដូច​ជា​ឯកជន មិន​មាន​ដាក់លក់​ផ្កា​គគ្រឹកគគ្រេង​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ទេ ហើយ​ក្រុម​យុវជន​យុវនារី​ក៏​មិន​មានការ​ចោមរោម​ទិញ​ផ្កា​នោះ​ដែរ ។ រីឯ​សាលារៀន​ដំណើរការ​បង្រៀន​ជា​ធម្មតា នេះ​បើ​និយាយ​តែ​សាលារៀន​រដ្ឋ និង​ឯកជន​ទាំង​១៥​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

អ្នកស្រី យ៉ា រុំ អ្នកលក់​ផ្កា​ចម្រុះ​នៅ​ខាងកើត​ផ្សារ​ធំ​ថ្មី និយាយ​ថា ឆ្នាំ​េ​នះ​អ្នក​មក​ទិញ​ផ្កា​ជា​កាដូ​ជូន​សាច់​ញាតិ​​ក៏​ដូច​ជា​យុវជន​យុវនារី មានការ​ថយ​ចុះ​ប្រហែល​៥០​ភាគរយ ។ បើ​និយាយ​ឲ្យ​ចំ ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​​ឆ្នាំ​នេះ គឺ​មាន​ភាគតិច​ណាស់​ដែល​ក្រុម​យុវវ័យ​មក​ទិញ​ផ្កា ម្យ៉ាង​កន្លែង​គាត់​លក់​ផ្កា​នេះ​គឺ​មាន​តម្លៃ​ខ្ពស់​បន្តិច ។ អ្នកស្រី​បញ្ជាក់​ថា ភ្ញៀវ​ភាគច្រើន​មក​ទិញ​ផ្កា​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ មាន​វ័យ​ចាប់​ជាង​៣០​ឆ្នាំ​ឡើង​ទៅ ហើយ​ការ​ថយ​ចុះ​អ្នក​មក​ទិញ​ផ្កា​ដោយសារ​តែ​ឥឡូវ​មាន​ហាង​លក់​ផ្កា​ច្រើន ទើប​បានជា​គាត់​បាត់​អតិថិជន​តាម​នោះ​ដែរ ។

អ្នកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ​វត្ត​ភ្នំ ក្នុង​ខណ្ឌ​ដូនពេញ និយាយ​ក្នុង​ន័យ​សុំ​មិន​បង្ហាញ​ឈ្មោះ​ថា ទិវា​នៃ​ក្តី​ស្រឡាញ់​ថ្ងៃ​១៤ កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទិវា​នៃ​ក្ដី​ស្រឡាញ់នេះ ត្រូវ​បាន​យុវវ័យ​កម្ពុជា​បង្ហាញ​ពី​ការ​យល់ឃើញ​ខុស​ៗ​គ្នា ខណៈ​អ្នកខ្លះ​ចាត់​ទុក​ថ្ងៃ​១៤ កុម្ភៈ គ្រាន់តែ​ថ្ងៃ​ធម្មតា​មិន​សំខាន់​ឡើយ ព្រោះ​មិនមែន​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​យើង​ទេ ប៉ុន្តែអ្នកខ្លះ​ទៀត​ចាត់​ទុក​ថា ១៤ កុម្ភៈ គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ពួក​គេ​ផង​ដែរ ។ ប៉ុន្តែ​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ​ឃើញ​ថា យុវ​សិស្ស​ទាំងប្រុស​ទាំងស្រី​មិន​បាន​ឈប់​ការ​ពី​សិក្សា​នោះ​ទេ ហើយ​ការ​លក់​ផ្កា​នៅ​ជុំវិញ​សាលា​គឺ​គ្មាន​តែ​ម្តង ។ ម្យ៉ាងវិញទៀត ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​មាន​៤​ចំណុច ដែល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្អូន​សិស្សានុសិស្ស ។

ស្ត្រី​ម្នាក់​លក់​ផ្កា​នៅ​ជាប់​របង​វត្ត​លង្កា តាម​មហាវិថី​ព្រះ​សីហ​នុ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ខណ្ឌចំការមន ដែល​ហាម​មិន​ឲ្យ​ថត​ទីតាំង​លក់​ផ្កា និយាយ​ថា ចាប់តាំងពី​ម៉ោង​៨​ព្រឹក​នៃ​ទិវាក្តី​ស្រឡាញ់​១៤ កុម្ភៈ អ្នកលក់​ផ្កា​ក៏​ដូច​ជា​កាដូមិនសូវ​ដាច់​ប៉ុន្មាន​ទេ គឺ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ទៀត តែ​ដោយសារ​ស្តាយ​ក្នុង​ការ​លក់​ផ្កា​ក្នុង​ថ្ងៃនេះ ជា​រៀង​រាល់​ឆ្នាំ​ក៏​ចេះ​តែ​មក​លក់​ទៅ ។ យូរ​ៗ​ឃើញ​នារី​និង​បុរស​ម្នាក់​ពីរ​ជិះ​ម៉ូតូ​មក​ទិញ​ផ្កា ឲ្យ​រៀបចំ​ជា​កាដូ​ដោយ​ប្រាប់​ថា យក​ទៅ​ជូន​ឪពុក​ម្តាយ​នៅ​ពេល​យប់ ក្នុង​ពិធីជប់លៀង​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ។

យុវជន សុខ ប៊ុ​ន​យ៉​ន ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ និយាយ​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់នេះ​មិនមែន​ជា​រឿង​មិនល្អ​នោះ​ឡើយ មិនល្អ​លុះត្រាតែ​អ្នក​មិន​បាន​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ទិវា​នេះ ។ មែនទែន​ទៅ ទិវា​នៃ​ក្ដី​ស្រឡាញ់​មិន​សំដៅ​ចំពោះ​គូសង្សារ​ឡើយ តែ​សំដៅលើ​អ្នក​ទាំងអស់​គ្នា​ដែល​នៅ​ក្បែរ​អ្នក​ដូច​ជា ក្រុម​គ្រួសារឪពុក​ម្ដាយ បងប្អូន មិត្តភក្ដិ​ជាដើម ។ ប៉ុន្ដែ​ទិវា​នេះ​អាច​ប៉ះពាល់​ដែរ ប្រសិនបើ​អ្នក​ទាំងអស់​គ្នា ពិសេស​បុរស​ៗ​ឆ្លៀត​យក​ឱកាស​ថ្ងៃ​១៤ កុម្ភៈ​នេះ ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ណាមួយ​ចំពោះ​នារី​ភេទ ។

បច្ចុប្បន្ន យុវវ័យ​កម្ពុជា​យល់​ដឹង​ច្រើន​ពី​ទិវានៃ​ក្ដី​ស្រឡាញ់​នេះ បើ​ចំពោះ​នារី​វិញ​ប្រហែលជា​មិន​អាច​ចាញ់​បោក​ការ​លួងលោម​របស់​បុរស​នោះ​ឡើយ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា ថ្ងៃនេះ​គ្រាន់តែ​ជា​ថ្ងៃ​ចែករំលែក​ក្ដី​ស្រឡាញ់​ចំពោះ​គ្រប់គ្នា មិនមែន​ជា​ការ​ដោះ​ដូរ​ខ្លួនប្រាណ​ដើម្បី​បញ្ជាក់​ក្ដី​ស្រឡាញ់​នោះ​ឡើយ ។ សុខ បុ​៊​ន​យ៉​ន បញ្ជាក់​ថា «​ចំពោះ​ខ្ញុំ​អត់​មាន​គម្រោង​ទៅ​ណា​ទេ​ព្រោះថា ថ្ងៃ​១៤ កុម្ភៈ​នេះ​ជា​ថ្ងៃ​រៀនសូត្រ​ធម្មតា ដូច្នេះ​ខ្ញុំ​នឹង​មក​សាលារៀន​តែ​ប៉ុណ្ណោះ​» ។

មន្ត្រី​ការិយាល័យ​អប់រំ យុវជន និង​កីឡាខណ្ឌដូនពេញ មួយ​រូប ទាក់ទិន​នឹង​ទិវា​ថ្ងៃ​ក្តីស្រឡាញ់​១៤ កុម្ភៈ​នេះ បាន​ថ្លែង​ថា ក្នុង​ខណ្ឌ​ដូនពេញ​មាន​សាលារៀន​រដ្ឋ និង​ឯកជន​ចំនួន​១៥​។ មន្ត្រី​សាលា​ខណ្ឌដូនពេញ បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ក្រសួង​កិច្ចការ​នារី ទៅ​ដល់​សិស្សានុសិស្ស​ឲ្យ​យល់​ដឹង​ពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​១៤ កុម្ភៈ ។ តាម​ការ​សង្កេត​ឃើញ​ថា តាម​ដង​វិ​ថី​នានា និង​តាម​សាលារៀន​រដ្ឋ និង​ឯកជន មិន​មានការ​ដាក់​តាំង​លក់​ផ្កា​គគ្រឹកគគ្រេង​នោះ​ទេ គឺ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ។

នេះ​ដោយសារ​តែ​ការ​ខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ដែល​ព្យាយាម​ធ្វើការ​ផ្សព្វ​ផ្សាយ​ដល់​ស្រទាប់​យុវជន​មុន​ថ្ងៃនេះ​មក​ដល់ ។ គេ​សង្កេត​ឃើញ​ថា នៅ​តាម​មហាវិថី​ព្រះ​សីហ​នុ មាន​កន្លែង​លក់​ផ្កា​ជា​ច្រើន​កន្លែង តែ​ហាក់ដូចជា​មិនសូវ​ឃើញ​ក្រុម​យុវវ័យ​នាំ​គ្នា​មក​ទិញ​ផ្កា​នោះ​ទេ ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ ដែល​ក្រុម​យុវវ័យ​សម្រុក​ទិញ​ផ្កា​ជូន​មិត្ត​នារី​តាម​សាលា​យ៉ាង​ពាក់​ពូន ។ ថ្ងៃ​ទី​១៤ ខែកុម្ភៈ គឺជា​ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day) ដែល​ពិភពលោក​បាន​ប្រារព្ធ​ធ្វើ​ឡើង ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ដែរ នៅ​ប្រទេស​កម្ពុជា​យើង ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​លើ​សកលលោក ក៏​បាន​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួង​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​មួយ​ចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ​១៤ ខែកុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​បុគ្គល និង​ក្រុម​គ្រួសារ ប្រាសចាក​ពី​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ជាដើម ។

ករណី​នេះ ក្រសួង​អប់រំ បាន​អំពាវនាវ​ទៅ​ថ្នាក់​គ្រប់គ្រង​សាលា​សិក្សា​សាធារណៈ និង​ឯកជន ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង និង​ធ្វើការ​ណែនាំ​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ថ្ងៃ​១៤ ខែកុម្ភៈ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដល់​សិស្ស​គ្រប់​មធ្យោបាយ ប្រាប់​ទៅ​សិស្ស​នៅ​កន្លែង​ប្រជុំ នៅ​ដងទង់​ជាតិ ដើម្បី​កុំឱ្យ​យល់​ខុស​ពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ពង្រឹង​ផ្នែក​សីលធម៌​សិស្ស ដោយ​តាមដាន​វត្តមាន​របស់​សិស្ស​ជា​ប្រចាំ ជំរុញ​ទៅ​ក្រុមប្រឹក្សា​ដំណើរការ ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​» និង​ទាក់ទង​ទៅ​អាណាព្យាបាល​សិស្ស ដើម្បី​កែ​លំអ​សិស្សានុសិស្ស​ឱ្យ​បាន​ទាន់​ពេលវេលា «​សូមកុំ​ប្រព្រឹត្ត​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​សោកស្តាយ​មួយ​ជីវិត​» ៕ ​

អត្ថបទសរសេរ ដោយ