កម្មករ​-​កម្មការិនី​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​កាត់ដេរ​អាច​ផ្អាក ឬ​ព្យួរការងារ​បុគ្គលិក


​រាជធានី​ភ្នំពេញ​៖ «​គ្រាន់តែ​លឺ​ព័ត៌មាន​នេះ​ភ្លាម ខ្ញុំ​រន្ធត់​ណាស់​ដែរ​បង ព្រោះ​មិនដឹង​ថា​ប៉ះ​លើ​រូប​ខ្ញុំ ឬ​ក៏​កម្មករ​-​កម្មការិនី​ណា​ទេ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​អត់​ការងារ​ធ្វើ ឬ​ត្រូវ​ព្យួរការងារ​ពី​រោងចក្រ​នោះ ព្រោះ​រូប​ខ្ញុំ​គឺ​ពឹង​លើ​ប្រាក់ខែ​បាន​ជាង ២០០ ដុល្លារ​សម្រាប់​ចិញ្ចឹម​កូន​ម្នាក់​និង​ម៉ែ​ចាស់​នៅ​ស្រុក ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​នៅ​ជាប់បំណុល​បង់​រំ​លោះ​ម៉ូតូ​ឲ្យ​ប្តី​យក​ទៅ​រត់​ឌុ​ប​នេះឯង » ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ស្រី​ណាត កម្មការិនីមួយ​រូប​មាន​វ័យ ៣៦ ឆ្នាំ​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ។

​អ្នក​នាង​បាន​បន្ត​ថា មិន​ដែល​បានលឺ​ពី​មុន​មក​ទេ​ថា​វីរុស​កូ​រ៉ូ​ណា​នេះ​នឹង​ធ្វើ​ឲ្យ​រូប​នាង​និង​កម្មករ​-​កម្មការិនី​នៅ​តាម​រោងចក្រ​កាត់​ដែរ​សម្លៀក​បំពាក់​និង​ស្បែកជើង ប្រឈម​មុខ​បែប​នេះ ។ ស្រី​ណាត បាន​បន្ថែម​ថា «​ពី​មុន​លឺ​តែ​គេ​និយាយ​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ថា​អាច​ប៉ះពាល់​ការងារ​កម្មករ​ដូច​ពួក​ខ្ញុំ ដល់​ឥឡូវ​បែរជា​ចេញ​រឿង​ជំងឺ​កូ​រ៉ូ​ណា​អី​ណា​វិញ » ។ កម្មការិនី​ដែល​មក​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​អ្នក​នាង​បាន​ទទួល​ដំណឹង​មិនសូវ​ល្អ​នេះ​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេល​សម្រាក​បាយ​ថ្ងៃត្រង់​ម្សិលមិញ ។ ​«​ភ័យ​ណាស់​បង កុំ​និយាយ​ថា​មិន​ភ័យ​ព្រោះ​មិនដឹង​ថា​ប៉ះ​លើ​ខ្លួន​យើង ឬ​ប៉ះ​លើ​អ្នក​ណា​ទេ ព្រោះ​ភាគច្រើន​បងប្អូន​កម្មករ​យើង​ជាប់បំណុល​ទាំងអស់ ដូច​ជា​ត្រូវ​បង់​រំ​លោះ​ម៉ូតូ និង​ខ្ចី​លុយ​គេ​ធ្វើ​ផ្ទះ​នៅ​ស្រុក​ជាដើម​» ។ អ្នក​នាង ស្រី​ណាត បញ្ជាក់ ។

លោក​ហេង សួរ អ្នកនាំពាក្យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​កាលពី​ថ្ងៃ​ម្សិលមិញ​ថា នៅ​ខែមីនា ឬ​ខែមេសា​ដ៏​ខ្លី​ខាង​មុខ​នេះ អាច​នឹង​មាន​រោងចក្រ​ជា​បន្តបន្ទាប់​បិទ ឬ​ផ្អាក​ដំណើរការ ដែល​ធ្វើ​អោយ​បុគ្គលិក កម្មករ កម្មការិនី​មួយ​អត់​ការងារ តែ​កត្តា​នេះ សូមកុំ​យល់​ច្រ​លំ​ថា​វា បណ្ដាល​មក​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​ស​ព្វា​វុ​ទ្ធ (Everything But Arms—EBA) នោះ​ទេ តែ​បើសិនជា​មានការ​បិទ ឬ​ផ្អាក​ដំណើរការ​រោងចក្រ ដែល​ធ្វើ​អោយ​កម្មករ កម្មការិនី​រោងចក្រ​អត់​ការងារ​នោះ​ទេ គឺ​បណ្ដាល​ពី​វីរុស​កូ​រ៉ូ​ណា​ទៅ​វិញ ។

​លោក​ហេង សួរ បាន​និយាយ​ថា « នៅ​ពេល​វីរុស​កូ​រ៉ូ​ណា​បាន​រាតត្បាត​នៅ​ប្រទេស​ចិន បណ្ដា​រោង​ក​ច្រ​ផលិត​ក្រណាត់​មួយ​ចំនួន​នៅ​ចិន​ត្រូវ​បាន​ផ្អាក​ឬ​បិទ ដោយ​មិន​មាន​បុគ្គលិក​ធ្វើការ ហើយ​វត្ថុធាតុដើម​ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា គឺ​យក​ពី​ប្រទេស​ចិន ដូច្នេះ​បើសិនជា​វីរុស​នេះ​កាន់តែ​រីក​ដាល​កាន់តែ​ធំ នោះ​ដំណើរការ​ផលិត​វត្ថុធាតុដើម សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដូច្នេះ រោងចក្រ​នៅ​កម្ពុជា នឹង​អត់​មាន​វត្ថុធាតុដើម ដើម្បី​ផលិត​ទៀត អ​ញ្ចឹ​ង​វា​ត្រូវ​តែ​ផ្អាក​មួយ​រយៈ » ។

​លោក​ហេង សួរ បាន​ពន្យល់​បញ្ជាក់​ថា «​ផ្អែក​លើ​ស្ថានភាព​នេះ បាន​ធ្វើ​អោយ​រោងចក្រ​មួយ​ចំនួន​ដែល​មិន​មាន​ក្រណាត់​គ្រប់គ្រាន់ អាច​នឹង​មាន​បញ្ហា ។ រោងចក្រ​ខ្លះ​បាន​យក​ក្រណាត់​មក​ស្តុក​ទុក​សម្រាប់​បម្រើ​អោយ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ដែល​អាច​ដំណើរ​បាន​រហូត​ដល់​ចុងខែ​កុម្ភៈ និង​បាន​បញ្ជា​ទិញ​ក្រណាត់​ពី​រោងចក្រ​ប្រទេស​ចិន តែ​ភាគី​អ្នក​ផ្គត់ផ្គង់​ចិន​មិន​ទាន់​ឆ្លើយ​យល់ព្រម​នៅឡើយ ដូច្នេះ​ហើយ​វា​អាច​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន ស្នើ​សុំ​ព្យួរការងារ​កម្មករ​យើង​មួយ​ចំនួន នៅ​ដើមខែ​មីនា » ។ ​លោក​បាន​បញ្ជាក់​ថា បើសិនជា​មាន​ករណី​បិទ ឬ​ក៏​ព្យួរ​នេះ មិនមែន​ជា​ឥទ្ធិពល EBA ឬអី​ផ្សេង​នោះ​ទេ គឺ​វា​ជា​ឥទ្ធិពល​កង្វះ​វត្ថុធាតុដើម​មក​ពី​ប្រទេស​ចិន​តែ​ម្ដង ។ ការងារ​នេះ ក្រុមការងារ​និង​ជំរុញ​រក​ដំណោះស្រាយ​អោយ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ។

លោក ប៉ាវ ស៊ី​ណា លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​ថា​វា​ជា​រឿង​ពិត​ណាស់​ថាបើ​សិន​បញ្ហា​ក​ង្វៈ​វត្ថុធាតុដើម​នឹង​ឈាន​ដល់​ការ​បិទទ្វារ​រោង​ច្រក ឬ​ព្យួរការងារ​កម្មករ នោះ «​កម្មករ​-​កម្មការិនី​នឹង​ជួប​ប្រទះ​បញ្ហា​វិបត្តិ​ហរិ​ញ្ញ​វត្ថុ​ធ្ងន់ធ្ងរ ព្រោះ​ពួក​គេ​ត្រូវ​រាប់​រង​បំណុល​ផ្សេង​ៗ​ច្រើន​ណាស់​» ។
វិស័យ​កាត់ដេរ​អាច​ប្រឈម​មុខ​នឹង​កង្វះខាត​វត្ថុធាតុដើម​ផលិត​ធ្វើការ​នាំ​ចេញ​បើ​វីរុស​កូ​រ៉ូ​ណា​នៅ​តែ​រីក​រាលដាល​ខ្លាំង​! ​ស្ថិត​ក្នុង​បរិបទ​វិ​រុស​កូ​រ៉ូ​ណា​វាយលុក ឬ​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន​នេះ គេ​មើលឃើញ​ថា​បណ្តា​ប្រទេស​ដែល​ធ្លាប់​នាំ​ចូល​វត្ថុធាតុដើម​ពី​ចិន​អាច​នឹង​ប្រឈម​មុខ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​ក្នុង​ចំណែក​ទីផ្សារ​របស់​ខ្លួន​រួម​ទាំង​កម្ពុជា​មួយទៀត​ផង​ដែរ ប្រសិនបើ​វិធានការ​ទប់ស្កាត់​មិន​ត្រូវ​បាន​កាត់​បន្ថយ​ក្តី​បារម្ភ​។ ​បើ​តាម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា ជំងឺ​វីរុស​កូ​រ៉ូ​ណា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​អាច​និង​ប្រឈម​ការ​ប៉ះពាល់​ពី​ការ​កង្វះខាត​វត្ថុធាតុដើម​ព្រោះ​រោងចក្រ​នៅ​ចិន​ភាគច្រើន​បាន​បិទទ្វារ​។

លោក​ផៃ​ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាល លើក​ឡើង​ក្នុង សន្និសីទ​សារព័ត៌​ស្តី​ពី «​វឌ្ឍនភាព​និង​ទិស​ដៅ​ការងារ​បន្ត​ក្រសួង​អប់រំ យុវជន និង​កីឡា​» កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ​ម្សិលមិញ​នេះ​ថា ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​នេះ​យើង​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ច្រើន​នៅ​លើ​ពិភពលោក​រវាង​ការ​ផ្តល់​និង​ទទួល​វត្ថុធាតុដើម​ពី​ចិន​អាស្រ័យ​ដោយ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បិទ​មួយ​ចំនួន​ធំ​ដូច​ជា​រោងចក្រ​រថយន្ត​ក៏​ដូច​ជា​រោងចក្រ​ដទៃ​ទៀត​។​លោក​បាន​បន្ត​ថា «​ការ​បិទ​រោងចក្រ​ទាំងអស់​នេះ​វា​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​រោងចក្រ​នៅ​លើ​ពិភពលោក​ក៏​ដូច​ជា​រោងចក្រ​នៅ​កម្ពុជា​ដែរ​។ ដូច​ជា​ការ​បញ្ជូន​វត្ថុធាតុដើម​មក​កាន់​កម្ពុជា​ស្ថិត​នៅ​ក្នុង​រយៈពេល​នៃ​ការ​បិទ​និង​ការ​កំ​ម្ម៉​ង់​ទិញ​រយៈពេល​៩០ ទៅ​១០០​ថ្ងៃ ដោយសារ​ពិភពលោក​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​អ្វី​ឡើយ​ពី​រោងចក្រ​មក​កាន់​រៀង​ៗ​ខ្លួន ក៏​ដូច​ជា​កម្ពុជា​។ ដូច្នេះ​ផល​រំពឹង​ទុក​របស់​យើង​ក្នុង​រយៈពេល​១០០​ថ្ងៃ (​ដល់​ខែមីនា​) យើង​នឹង​អាច​ទទួលលទ្ធផល​ដឹង​ថា​វត្ថុធាតុដើម​របស់​ចិន​នេះ​អាច​មក​ដល់​ពិភពលោក​ឬទេ​»​?

លោក អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវ​ឌូ មាន​ប្រសាសន៍​ថា កន្លង​មក​វិស័យ​កាត់ដេរ​នាំ​យក​វត្ថុធាតុដើម​ប្រមាណ​៧០%​មក​ពី​ប្រទេស​ចិន និង​នៅ​សល់​ប៉ុន្មាន​នាំ​ចូល​មក​ពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ។ ​លោក​បាន​បន្ត​ថា​« នៅ​ពេល​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា​កើតឡើង​បែប​នេះ​មិនដឹង​ថា​រោងចក្រ​ក្នុងស្រុក​មាន​វត្ថុធាតុដើម​ប្រើប្រាស់​បាន​ប៉ុន្មាន​ខែ​បន្ត​ទៀត​ទេ​។ តែបើ​មិន​មានការ​បញ្ជូន​វត្ថុធាតុដើម​ចូល​មក​បន្ត​ទេ​មាន​ន័យ​ថា​វា​នឹង​ចូល​ដល់​ស្ថានភាព​លំបាក​ដូច​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​។ វត្ថុធាតុដើម​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​គេ​មានការ​កុំ​ម្ម៉​ង់​ខុស​គ្នា​មាន​១​ខែ​, ៣​ខែ​, ៦​ខែ​និង​១​ឆ្នាំ​។ ស្ថិត​នៅ​ក្នុង​រយៈពេល​ខ្លី​នេះ​ប្រហែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មិន​ទាន់​រង​ផល​ប៉ះពាល់​ទេ ប៉ុន្តែ​បើ​ផុត​៣​ខែ​មិន​មានការ​នាំ​ចូល​វត្ថុធាតុដើម​មក​ទេវា​នឹង​ប៉ះពាល់​»​។

តើ​រោងចក្រ​ប៉ុន្មាន​នឹង​អាច​ត្រូវ​បិទទ្វារ ហើយ​កម្មករ​-​កម្មការិនី​ប៉ុន្មាន​នាក់​ប្រឈម​មុខ​នឹង​ការ​អត់​ការងារ​ធ្វើ​ជា​ពេល​ខាង​មុខ​នេះ ?

​លោក ប៉ាវ ស៊ី​ណា លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ១០ កុ​ម្ភះ​នេះ​វា​ហាក់ដូចជា​មិន​ទាន់​អាច​វាយតម្លៃ​ថា​តើ​រោងចក្រ​ប៉ុន្មាន​អាច​នឹង​បិទទ្វារ ឬ​កម្មករ​ប៉ុន្មាន​នាក់​នឹង​អាច​ត្រូវ​ព្យួរការងារ​មួយ​រយៈ ដោយសារ​តែ​បញ្ហា​នៃ​ក​ង្វៈ​វត្ថុធាតុដើម​នោះ​ទេ ។ ​លោក​បាន​បញ្ជាក់​ថា «​យ៉ាងណាមិញ​រឿងរ៉ាវ​ហាក់ដូចជា​ផ្ទួន​ៗ​គ្នា​ពេក ទាំង​បញ្ហា​រឿង EBA និង​បញ្ហា​ការ​ផ្ទុះ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​។ តែ​រឿង​ពិត​មួយ​នោះ​គឺ​កម្ពុជា​យើង​ពិតជា​នាំ​ចូល​នូវ​វត្ថុធាតុដើម​ជា​ច្រើន​ពី​ប្រទេស​ចិន ដូច​ជា​ក្រណាត់ ឡេវអាវ និង​អំបោះ​ជាដើម​សម្រាប់​បម្រើ​ក្នុង​ឧ​ស្សហកម្ម​កាត់ដេរ​នៅ​កម្ពុជា​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា EBA លោក​បាន​បញ្ជាក់​ថា​ប្រាកដ​ណាស់​លទ្ធផល​នឹង​ដឹង​ជា​ផ្លូវការ​ក្រោយ​ថ្ងៃ​ទី ១២ កុ​ម្ភះ​នេះ​ថា​តើ​សហភាព​អឺរ៉ុប​នឹង​សម្រេច​ផ្អាក ឬ​ក៏​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​ឬ​យ៉ាងណា ក៏​ប៉ុន្តែ​បញ្ហា​នៃ​ការ​ព្យួរការងារ​កម្មករ គឺ​កើត​មាន​ជា​ញឹកញាប់​ផង​ដែរ ដូច​កាលពី​ចុងឆ្នាំ ២០១៩ កន្លង​ទៅ​មាន​រោង​ច្រក​ខ្លះ​ក៏​បាន​ព្យួរការងារ​កម្មករ​-​កម្មការិនី​ផង​ដែរ ។ ​លោក​ប៉ាវ ស៊ី​ណា បន្ត​ថា «​រឿង EBA បើសិនជា​មានការ​សម្រេច​ព្យួរ ឬ​ដក​ផ្នែក​ណាមួយ​ពី​កម្ពុជា ក៏​មិន​ទាន់​ប៉ះពាល់​ភ្លាម​ៗ​ដែរ ព្រោះ​ការ​អនុវត្ត​នឹង​ធ្វើ​ឡើង​រហូត​ដល់​ខែ ៨ ឯណោះ ។ ដូច្នេះ​ផល​ប៉ះពាល​នា​ពេល​ខ្លី​ខាង​មុខ​គឺ​បណ្តាល​មក​ពី​វីរុស​កូ​រ៉ូ​ណា​ច្រើន​ជាង ហើយ​រោងចក្រ​ធំ​ៗ​ដែល​មាន​កម្មករ​រាប់​ពាន់​នាក់​ដូច​ជា​មិន​ប្រឈម​ប៉ុន្មាន​ទេ ព្រោះ​ការក​ម្ម៉​ង់​ទិញ​គឺ​មាន​ថេរវេលា​យូរ​និង​មាន​ចំនួន​ជាក់លាក់​។ តែ​អ្វី​ដែល​ប្រឈម​គឺ​រោង​ច្រក​តូច​ៗ​មាន​កម្មករ​-​កម្មការិនី​ត្រឹម ៤០០ ទៅ ៥០០ នាក់​នោះ​ប្រឈម​មុខ​បិទទ្វារ​ដោយសារ​តែ​កង្វះ​វត្ថុធាតុដើម​នេះឯង​» ។


លោក បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​នៅ​ថ្ងៃ​ទី ១០ កុ​ម្ភះ​នេះ​ថា​លោក បាន​បញ្ជា​ទៅ​កាន់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ត្រូវ​ចុះ​ត្រួតពិនិត្យ​ចរន្ត​ការងារ​របស់​កម្មករនិយោជិត ក៏​ដូច​ជា​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​បង្វែរ​កម្លាំង​ពលកម្ម​ពី​កន្លែង​សល់​ទៅ​បំពេញ​នៅ​កន្លែង​ដែល​ខ្វះ​កម្លាំង​ពលកម្ម​។

លោក​បណ្ឌិត​អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ថា « អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នានា ដែល​មាន​ឥទ្ធិពល​មក​ពី​ខាងក្រៅ ដូច​ជា​សេដ្ឋកិច្ច​ពិភពលោក បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​វីរុស សង្គ្រាម​ពាណិជ្ជកម្ម​ផ្សេង​ៗ ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​ទឡ្ហីករណ៍ ទាមទារ ឱ្យ​មន្ត្រី​បង្កើន ការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ដោះស្រាយ​កា​រវិ​វត្ត​ថ្មី​ៗ​នេះ​»​។ បើ​តាម​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​ការងារ​ថា អាទិភាព​ទី​១ គឺ​ត្រូវ​ពិនិត្យ​មើល​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ នៅ​តាម​រោងចក្រ​នីមួយ​ៗ និង​ការ​ទូទាត់​អត្ថប្រយោជន៍​សម្រាប់​កម្មករនិយោជិត ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ