ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក អណ្តាតភ្លើង​លេប​ត្របាក់​​បន្ទប់​ផ្ទះសំណាក់​ពី​បន្ទប់​មួយ​ទៅ​​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទប់​ថ្ម​ប្រក់​ស័ង្កសី​ចំនួន​៤​បន្ទប់​នៅ​ជាន់​ទី​៣ ក្នុងផ្ទះ​សំណាក់ «​ឃី​ហេង​» ត្រូវ​បាន​អណ្តាតភ្លើង​ឆេះ​រាលដាល បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទប់​ថ្ម​ប្រក់​ស័ង្កសី​ចំនួន​៤​បន្ទប់​នៅ​ជាន់​ទី​៣ ក្នុងផ្ទះ​សំណាក់ «​ឃី​ហេង​» ត្រូវ​បាន​អណ្តាតភ្លើង​ឆេះ​រាលដាល បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្ទះ​លេខ​98E0 ជាន់​ទី​៣ ផ្លូវ​លេខ​៨១ ក្រុម​ទី​៤០ ភូមិ​១០ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​សំណាក់ «​ឃី ហេង​» ខាងលើ​នេះ​មានឈ្មោះ ពៅ ហុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​ពេល​ដែល​បន្ទប់​កើតហេតុ​ខាងលើ គ្មាន​ភ្លៀវ​ចូល​មក​សំរាក គេ​បានឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញ​មក​ពី​ក្នុង​បន្ទប់​នៅ​ជាន់​ទី​៣​។ មួយសន្ទុះ​ក្រោយមក ក៏​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆេះឆាប​ក្នុង​បន្ទប់​កើតហេតុ​នោះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​រាយ​ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​អណ្ដាតភ្លើង​ក៏​បាន​ឆាបឆេះ​រាលដាល​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។ លុះ​រហូត​ដល់​ម៉ោង​​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល ទើប​អណ្តាតភ្លើង​នោះ​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​រថយន្ត និង​ប្រើប្រាស់​ទឹក​បាញ់​អស់​ចំនួន​៨​គ្រឿង​។ ហើយ​ចំពោះ​មូល​ហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ឲ្យ​កើត​មាន​ជា​អណ្ដាតភ្លើង​ឆាបឆេះ​តែ​ម្តង ធ្វើ​ឱ្យ​ឆាបឆេះ​បន្ទប់​ទំហំ​២​ម៉ែត្រ​គុណ​២​ម៉ែត្រ​ចំនួន​៤​បន្ទប់ ខូចខាត​អស់ទាំង​ស្រុង តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ