ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​ក្រោយ​ៗ​អាច​នឹង​មាន​រោងចក្រ​ផ្អាក ឬ​ព្យួរការងារ​បុគ្គលិក​តែ​មិនមែន​មក​ពី EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​អោយ​ដឹង​ថា នៅ​ខែមីនា ឬ​ខែមេសា​ខាង​មុខ​នេះ​អាច​នឹង​មាន​រោងចក្រ​ជា​បន្តបន្ទាប់​បិទ ឬ​ផ្អាក​ដំណើរការ​ដែល​ធ្វើ​អោយ​បុគ្គលិក…

រាជធានី​ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​អោយ​ដឹង​ថា នៅ​ខែមីនា ឬ​ខែមេសា​ខាង​មុខ​នេះ​អាច​នឹង​មាន​រោងចក្រ​ជា​បន្តបន្ទាប់​បិទ ឬ​ផ្អាក​ដំណើរការ​ដែល​ធ្វើ​អោយ​បុគ្គលិក កម្មករ កម្មការិនី​មួយ​អត់​ការងារ តែ​កត្តា​នេះ​សូមកុំ​យល់​ច្រ​លំ​ថា​វា បណ្ដាល​មក​ពី EBA នោះ​ទេ ។

លោក​បន្ត​ថា បើសិនជា​មានការ​បិទ ឬ​ផ្អាក​ដំណើរការ​រោងចក្រ​ដែល​ធ្វើ​អោយ​កម្មករ កម្មការិនី​រោងចក្រ​អត់​ការងារ​នោះ​ទេ គឺ​បណ្ដាល​ពី​វីរុស​កូ​រ៉ូ​ណា​ទៅ​វិញ ។ លោក​និយាយ​ថា​៖ « នៅ​ពេល​វីរុស​កូ​រ៉ូ​ណា​បាន​រាតត្បាត​នៅ​ប្រទេស​ចិន បណ្ដា​រោង​ក​ច្រ​ផលិត​ក្រណាត់​មួយ​ចំនួន​នៅ​ចិន​ត្រូវ​បាន​ផ្អាក ឬ​បិទ ដោយ​មិន​មាន​បុគ្គលិក​ធ្វើការ ហើយ​វត្ថុធាតុដើម​ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា គឺ​យក​ពី​ប្រទេស​ចិន ដូច្នេះ​បើសិនជា​វីរុស​នេះ​កាន់តែ​រីក​ដាល​កាន់តែ​ធំ នោះ​ដំណើរការ​ផលិត​វត្ថុធាតុដើម សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដូច្នេះ​រោងចក្រ​នៅ​កម្ពុជា​នឹង​អត់​មាន​វត្ថុធាតុដើម ដើម្បី​ផលិត​ទៀត អ​ញ្ចឹ​ង​វា​ត្រូវ​តែ​ផ្អាក​មួយ​រយៈ​» ។

លោក​បន្ថែម​ថា នៅ​ចំពោះ​មុខ​មិន​ថា រោងចក្រ​នៅ​កម្ពុជា ឬ​រោងចក្រ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ ដែល​ពឹង​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ គឺ​ត្រូវការ​ពេល​៤០​ថ្ងៃ សម្រាប់​ការ​ទទួល​បាន​វត្ថុ​ដើម​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ធ្វើ​ជា​ធាតុ​ចូល​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ។ ដោយឡែក​សម្រាប់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ភាគច្រើន​យក​ក្រណាត់​ពី​ប្រទេស​ចិន ។ តែ​ក្រោយ​ពេល​ចូល​ឆ្នាំ​ចិន​រោងចក្រ​ផលិត​ក្រណាត់​នៅ​ប្រទេស​ចិន​បាន​បិទ​ទាំង​ស្រុក បន្ទាប់​ពី​មានការ​ផ្ទុះ​វីរុស​កូ​រ៉​ណា ។

បើ​តាម​លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) បានអោយ​ដឹង​ថា វិបត្តិ​នៃ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​អាច​នឹង​កើតឡើង ហើយ​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទី​១ ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប និង​ទី​២ វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ។ ជា​ការ​ពិត​ណាស់ រាល់​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ភាគច្រើន​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន ក្នុង​នោះ​មាន​ប្រមាណ​៨០​ភាគរយ​ទៅ​ហើយ ដោយឡែក​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​ជាដើម ក៏​ប៉ុន្តែ​ប្រទេស​ទាំងនោះ​ក៏​យក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​មក​ផ្គត់ផ្គង់​ដូច​គ្នា ដូច្នេះ​បើសិនជា​មានការ​បិទ​រោងចក្រ​នៅ​ប្រទេស​ចិន​ដោយសារ​តែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា នោះ​ការ​ផ្គត់ផ្គង់​ទៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី​នឹង​ខ្វះខាត​ដូច​គ្នា​ផង​ដែរ ។

លោក​បន្ត បើសិនជា​រោងចក្រ​បាន​បិទ និង​ផ្អាក​មែន​នោះ វិបត្តិ​នៃ​ការ​អត់​ការងារ​ពី​សំណាក់​កម្មករ កម្មការិនី​ក្នុង​ប្រទេស​កម្ពុជា​នឹង​កាន់តែ​កើនឡើង ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ ពេល​នោះ​ជំ​លោះ​រវាង​ថៅកែ និង​កម្មករ​នឹង​កាន់តែ​ឡើង​ក្ដៅ​ដោយសារ​តែ​កម្មករ​នឹង​ទាមទារ​យក​ប្រាក់​អតីតភាព​របស់​ខ្លួន អំឡុង​ពេល​ខ្លួន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ