ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានថ្មីមួយដែលទើបនឹងរៀបចំឡើងដោយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងផងដែរ បានធ្វើឲ្យតំបន់ទេសចរណ៍មួយនេះ ប្រែក្លាយពីគ្មានមនុស្សទៅជាតំបន់មានមនុស្សទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។ ហើយទីតាំងរមណីយដ្ឋានមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមមេឃុំក្តុលសែនជ័យ លោក ម៉ឹង វិសាលសុខ បានប្រាប់ឱ្យដឹងថា បើគិតមកដល់ពេលនេះ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល បានរៀបចំកសាងផ្លូវរថយន្ដចូលទៅដល់ទឹកធ្លាក់តែម្ដង ហើយក៏បានកសាងផ្លូវធ្វើដំណើរថ្មើរជើងតាមមាត់អូរ សម្រាប់ភ្ញៀវជ្រើសរើសទីតាំង ឬខ្យូសសម្រាប់អង្គុយលេងតាមមាត់អូរផងដែរ ។ សហគមន៍ក៏បានកសាងខ្យូសសម្រាប់អង្គុយលេងតូច-ធំចំនួនជាង៣០កន្លែង (កំពុងធ្វើបន្តទៀត) ដែលខ្យូសទាំងនោះ គឺមួយចំនួនបានពីការឧបត្ថម្ភរបស់សប្បុរសជន ដែលបានអំពាវនាវពីសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល សម្រាប់ទទួលភ្ញៀវទេសចរណ៍ទៅកំសាន្តបានយ៉ាងច្រើនទៀតផង ។

លោកម៉ឹង វិសាលសុខ បានបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះ គឺមានអំណោយផលល្អណាស់ ទាំងខ្យល់អាកាសបរិសុទ្ធ ទឹកធ្លាក់ស្រស់ស្អាត រួមផ្សំនឹងដើមឈើខ្ពស់ទៀតផង ដែលញ៉ាំងឲ្យតំបន់មួយនេះក្លាយទៅជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ។ ហើយបច្ចុប្បន្ន នៅថ្ងៃបុណ្យជាតិដែលមានភ្ញៀវទៅកម្សាន្តយ៉ាងច្រើនកុះករ អាចពីជាង១ពាន់ទៅ៣ពាន់នាក់ក្នុងមួយថ្ងៃ គឺនៅមានថ្ងៃសៅរ៍ អាទិត្យ ក៏នៅមានភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ អាចត្រឹមពី២០ទៅ៣០រថយន្តប៉ុណ្ណោះក្នុង១ថ្ងៃ គឺមិនច្រើនដូចថ្ងៃបុណ្យជាតិឡើយ ។ លោកបញ្ជាក់ថា រមណីដ្ឋានទឹកធ្លាក់ស្រែអំពិល បានជាប់ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ លើផ្នែកបរិស្ថាន ទឹកធ្លាក់ និងខ្យល់អាកាស ។

សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅទឹកធ្លាក់ស្រែអំពិល គឺអាចជ្រើសរើសការធ្វើដំណើរចំនួន៣ផ្លូវ បាន តែគោលដៅចំណុចប្រសប់គឺនៅផ្សារក្តុលដូចគ្នា ។
ចំណុចទី១ ភ្ញៀវអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមបណ្ដោយផ្លូវជាតិលេខ៥ ចំងាយជាង៣០គីឡូម៉ែត្រ នឹងទៅដល់វត្តមួយឈ្មោះ ផ្សារ ក្នុងស្រុកបរិបូណ៌ ។ នៅជាប់នឹងរបងវត្តមានផ្លូវមួយបែកខាងឆ្វេងដៃ ជាផ្លូវក្រួសក្រហម ភ្ញៀវត្រូវធ្វើដំណើរចុះតាមផ្លូវលំក្រាលក្រួសក្រហមនោះចម្ងាយ៣០គីឡូម៉ែត្រទៀតទៅដល់ផ្សារ ក្តុល រួចហើយឆ្លងកាត់ថ្នល់រថភ្លើង ធ្វើដំណើរតាមផ្លូវលំជាង៩គីឡូម៉ែត្រទៀត ទើបទៅដល់តំបន់ទឹកធ្លាក់ស្រែអំពិល ។

ចំណុចទី២ ភ្ញៀវអាចធ្វើដំណើរពីទីរួមខេត្តកំពង់ឆ្នាំង តាមបណ្ដោយផ្លូវជាតិលេខ៥ដូចគ្នា គឺចម្ងាយ៨ គីឡូម៉ែត្រ ទៅដល់ផ្សារពង្រ ហើយបត់ខាងឆ្វេងដៃជាប់ផ្សារពង្រ តាមផ្លូវក្រាលកៅស៊ូ រហូតទៅដល់ស្ថានីយរថភ្លើង ក្រាំងស្គា ដែលមានចម្ងាយ២៧គីឡូម៉ែត្រ រួចបន្តដំណើរបត់ខាងស្ដាំដៃ លើផ្លូវក្រាលក្រួសក្រហម ប្របតាមផ្លូវរថភ្លើងមានចម្ងាយ១៨គីឡូម៉ែត្រ ទៅដល់ផ្សារក្តុល ជាចំណុចប្រសប់ផ្លូវពីវត្តផ្សារស្រុកបរិបូរណ៌ និងបន្តឆ្លងផ្លូវរទេះភ្លើងដូចគ្នា គឺទៅដល់គោលដៅទេសចរណ៍នោះហើយ ។

ចំណែក ចំណុចទី៣ ភ្ញៀវទេចរណ៍អាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមបណ្ដោយផ្លូវជាតិលេខ ៥៣ ឆ្ពោះទៅដល់ស្រុកទឹកផុស រួចបត់ខាងស្ដាំដៃតាមផ្លូវរថភ្លើង ដើម្បីបន្តដំណើររហូតទៅដល់ផ្សារក្តុលដូចគ្នាដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)









ចែករំលែកព័តមាននេះ