ប្រទេសចិន ៖ ទូរទស្សន៍រដ្ឋចិនគូសបញ្ជាក់កាលពីថ្ងៃទី៧ ខែកុម្ភៈនេះថា ប្រធានាធិបតីចិនលោកស៊ីជីនពីង អះអាងប្រាប់ដល់សមភាគីអាមេរិកលោកដូណាល់ត្រាំថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលខ្លួនអាចធ្វើទៅបាន ដើម្បីទប់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី។
អាជ្ញាធរសុខាភិបាលចិនប្រកាសនាថ្ងៃទី៧កុម្ភៈថា វីរុសកូរ៉ូណាថ្មី បណ្ដាលឲ្យមនុស្សបាត់បង់ជីវិត៧៣នាក់ថែមទៀតនៅចិនដីគោក នាំឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបឡើងដល់៦៣៦នាក់ក្នុងប្រទេស ចាប់តាំងពីវីរុសនេះ រកឃើញនៅក្រុងវូហានពីខែធ្នូមក។
តាមពាក្យពេចន៍ដកស្រង់ដោយបណ្ដាសារព័ត៌មានចិន លោកស៊ីប្រាប់ទៅលោកត្រាំថា ចិនទទួលបានបណ្ដាលទ្ធផលជាបន្តបន្ទាប់ហើយមានទំនុកចិត្ត ចំពោះសមត្ថភាពរបស់ខ្លួន ក្នុងការយកឈ្នះការឆ្លងដោយពុំនាំឲ្យមានផលវិបាករយៈពេលយូរ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយពីការជួបសន្ទនាគ្នានោះនិងថ្លែងថា ប្រធានាធិបតីទាំង២អះអាងជាថ្មី ពីការសន្យាអនុវត្តបណ្ដាវិធានការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលចុះហត្ថលេខាកាលពីខែមុន ខណៈវិបត្តិសុខាភិបាលទាក់ទិននឹងកូរ៉ូណាវីរុស នាំឲ្យមានការគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកនិងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយនាថ្ងៃទី៧កុម្ភៈ គណៈកម្មាធិការសុខាភិបាលជាតិចិនថ្លែងថា មានមនុស្ស៣.១៤៣នាក់បានឆ្លងវីរុសក្នុងថ្ងៃទី៦កុម្ភៈ ធ្វើឲ្យចំនួនអ្នកឆ្លងឡើងដល់៣១.១៦១នាក់នៅចិន។ អ្នកឆ្លងភាគច្រើនក្នុងខេត្តហ៊ូប៉ី ជាកន្លែងដែលអាជ្ញាធរសុខាភិបាលរាយការណ៍ពីអ្នកបាត់បង់ជីវិត៦៩នាក់ថែមទៀតនាថ្ងៃទី៦កុម្ភៈក្នុងខេត្តនេះតែមួយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ