ជិតពីរទស្សវត្សបន្ទាប់ពីបានជាសះស្បើយពីជំងឺសា (SARS) លោក Alex Lam មកត្រូវបានជម្ងឺកូរ៉ូណាថ្មីធ្វើឱ្យមានការភ័យខ្លាច បារម្ភមិនចង់ឈឺដូចពីមុន។ គាត់បាននិយាយថា៖ «វាពិតជាឈឺចាប់ខ្លាំងណាស់ពេលលឺដំណឹងថាមានជម្ងឺប្រភេទនេះម្តងទៀត។ ជម្ងឺប្រភេទដូចសាកំពុងតែត្រឡប់មកវិញ»។
ជាការពិតណាស់ ជំងឺសាមិនបានត្រឡប់មកវិញទេ។ ប៉ុន្តែវីរុសប្រភេទថ្មីដែលស្ថិតនៅក្នុងត្រកូលគ្រួសារតែមួយជាមួយនឹងជំងឺសា កំពុងតែធ្វើព្យុះធ្វើភ្លៀងនៅប្រទេសចិន។ ក្នុងឆ្នាំ ២០០៣ ជំងឺ សាបានឆ្លងដល់មនុស្សជាង ៨០០០នាក់ និង បានសម្លាប់មនុស្ស ៧៧៤នាក់ ។ អាស៊ីបានរងគ្រោះខ្លាំងជាងគេ ដោយហុងកុងមានអ្នកស្លាប់ជិត ៣០០នាក់ ។ លោក Lam ត្រូវបានគេព្យាបាលនៅក្នុងបន្ទប់ដាច់ដោយឡែក អស់រយៈពេលបីសប្តាហ៍ ហើយត្រូវបានគេចាត់ទុកថាជាអ្នកមានសំណាងម្នាក់ ដោយសារតែគាត់បានធូរសះស្បើយ ហើយអាចមានសុខភាពល្អដូចដើម។
ជំងឺកូរ៉ូណាថ្មី ដែលបានរាលដាលដល់ប្រទេសយ៉ាងហោចណាស់ចំនួន២៧ នៅខាងក្រៅប្រទេសចិនដីគោកមានចំនួនកាន់តែច្រើនរួចទៅហើយ និងមានយ៉ាងហោចណាស់មនុស្ស ២៨០០០នាក់ បានឆ្លងជំងឺនៅទូទាំងពិភពលោក ជាមួយនឹងចំនួនស្លាប់ច្រើនជាង ៥៦០នាក់។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរាតត្បាតនេះ ជាភាពអាសន្នផ្នែកសុខភាពសាធារណៈ ដែលជំរុញឱ្យប្រទេសនានាចាត់វិធានការភ្លាមៗ។
លោក John Nicholls សាស្ត្រាចារ្យផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យហុងកុង (HKU) បាននិយាយថា ការផ្ទុះជំងឺសា ត្រូវបានបញ្ចប់នៅខែកក្កដា ឆ្នាំ២០០៣ ដោយការអនុវត្តអនាម័យល្អដូចជាការលាងដៃញឹកញាប់ និងកត្តាបរិស្ថានដូចជាសីតុណ្ហភាពខ្ពស់ និងសំណើមនៅខែរដូវក្តៅ។
លោកមានប្រសាសន៍ថា៖ «វានឹងដូចគ្នាសម្រាប់កូរ៉ូណាថ្មីនេះ។ អារម្មណ៍របស់ខ្ញុំគឺថា វានឹងដូចជំងឺសាអ៊ីចឹង ហើយពិភពលោកនេះនឹងគ្រាន់តែផ្ទុះជម្ងឺផ្តាសាយនេះត្រឹមតែប្រហែល៥ខែប៉ុណ្ណោះ»។
ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ ប្រទេសចិនបានបញ្ជាឱ្យបញ្ឈប់សកម្មភាពរបស់ប្រជាជនរាប់លាននាក់ ដែលបានឃើញជើងហោះហើរ រថភ្លើង និងឡានក្រុង ត្រូវបានលុបចោលនៅតាមទីក្រុងធំៗ នៃខេត្តហ៊ូប៉ី ដែលជាកន្លែងដែលវីរុសនេះត្រូវបានគេរាយការណ៍ដំបូង។ សាលារៀននៅហុងកុងនិងម៉ាកាវ ដែលជាទីក្រុងពាក់កណ្តាលស្វយ័តរបស់ប្រទេសចិន ត្រូវបានផ្អាករហូតដល់យ៉ាងហោចណាស់ខែមីនា ៕
ប្រភព ៖ cnn , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ