ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​ត្អូញ​ភ្ញៀវ​ទេសចរ​ថយ​ចុះ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​បុរី អូរ​ស្វាយ​សែន​ជ័យ​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល យ៉ាង​គំហុក​ដោយសារ​ភ្ញៀវ​ទេសចរ​ថមថយ ។ អ្នកស្រី ធីតា អាយុ​៣២​ឆ្នាំ…

ខេត្តស្ទឹងត្រែង ៖ សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​បុរី អូរ​ស្វាយ​សែន​ជ័យ​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល យ៉ាង​គំហុក​ដោយសារ​ភ្ញៀវ​ទេសចរ​ថមថយ ។

អ្នកស្រី ធីតា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ជា​អ្នកលក់​បាយដំណើប​បុកល្ហុង​នៅ​សហគមន៍​អេកូ ទេសចរណ៍​ព្រះ​រំកិល​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ការ​លក់ដូរ​មុខរបរ​សព្វថ្ងៃ មានការ​ថយ​ចំណូល​ច្រើន ព្រោះ​មិនសូវ​ឃើញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​ដូច​កាលពី​៣ ឬ​៤​ឆ្នាំ​មុន ។ អ្នកស្រី ធីតា បាន​ត្អូញត្អែរ​ថា ភ្ញៀវ​ទេសចរ​មក​ទី​នេះ គឺ​ចង់​ទស្សនា​សត្វ​ផ្សោត​ដែល​ពី​មុន គឺ​មាន​៨​ទៅ​៩​ក្បាល ដោយឡែក​ឥឡូវ មាន​តែ​៣​ក្បាល​ប៉ុណ្ណោះ ដោយ​អ្នកស្រី​គិត​ថា ប្រហែលជា​មក​ពី​ការ​សាងសង់​វ៉ា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង នៅ​ប្រទេស​ឡាវ បង្ក​ការ​រំខាន​ដោយ​សំឡេង​បំផ្ទុះ​ថ្ម និង​គ្រឿងចក្រ​នាំ​ឱ្យ​សត្វ​ផ្សោត​ផ្អើល និង​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែទឹក​ផ្សេង ។

អ្នកស្រី​បាន​និយាយ​ថា ការ​បាត់បង់​សត្វ​ផ្សោត​នេះ​ធ្វើ​ឱ្យ​មានការ​ថយ​ទេសចរ​ទាំង​បរទេស និង​ខ្មែរ ខណៈ​ទេសចរ​បរទេស​ទស្សនា​សត្វ​ផ្សោត​នៅ​ទឹកដី​ឡាវ​វិញ ។ ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅ សហ​មគ​ន៍​ទេសចរ​ព្រះ​រំកិល​មួយ​ផ្នែក​បាន​មក​ពី​វិស័យ​ទេសចរណ៍​ដូច​ជា ការ​លក់​សំបុត្រ​ទស្សនា​ផ្សោត​សេវា​ដឹក​ជញ្ជូន ភ្ញៀវ​ទេសចរ​លក់​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅ​ជាដើម ។ អ្នកស្រី​បន្ថែម​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្រ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ផ្សោត​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ណាស់ គឺ​ឃើញ​មាន​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​ប្រទេស​កម្ពុជា ។

លោក ប៉ា ភឿន អាយុ​៥៥​ឆ្នាំ តំណាង​សហគមន៍​អេកូ​ទេសចរ​ព្រះ​រំកិល ក្នុងស្រុក​បុរី​អូ​សែន​ជ័យ​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សហគមន៍​អាច​លក់​សំបុត្រ​បាន​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​៧០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​កាលពី​៣ ឬ​៤​ឆ្នាំ​មុន អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី ១​លាន​៥០​ម៉ឺន​រៀល ទៅ​២​លាន​រៀល​ក្នុង​មួយ​ខែ ។ តាម​ការ​សង្កេត​របស់​សហគមន៍​ព្រះ​រំកិល​ឱ្យ​ដឹង​ថា មុន​ឆ្នាំ​២០១០​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល មាន​៨​ក្បាល ក៏​ប៉ុន្តែ សត្វ​កម្រ​ទាំងនេះ​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​ផ្សោត​ធំ​ៗ ប្រមាណ​៣​ក្បាល​បន្ត​រស់នៅ​ក្រោម​ការ អភិរក្ស​របស់​សហគមន៍​ព្រះ​រំកិល និង​ឆ្មាំ​ទន្លេ ។

លោក​តំណាង​សហគមន៍​បាន​បន្ត​ថា សត្វ​ផ្សោត​៣​ក្បាល មានការ​បំ​លាស់​ទី​ពី​ដី​ខ្មែរ​ទៅ​ទឹកដី​ឡា​វនា​រដូវប្រាំង ហើយ​បំ​លាស់​ទី​មក​ទឹកដី​ខែ្ម​រវិ​ញ​នា​រដូវវស្សា តែ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ទូក​ទស្សនា​សត្វ​ផ្សោត​នៅ​ទឹកដី​ឡាវ​បាន ហើយ​ទេសចរ​ខាង​ឡាវ​ក៏​អាច​មក​ទស្សនា​នៅ​ទឹកដី​ខ្មែរ ខណៈ​សត្វ​ផ្សោត​ទាំងនោះ​បំ​លាស់​ទី​ទៅ​វិញ​ទៅ​មក ។

លោក ប៉ា ភឿន កត់​សម្គាល់ថា មូលហេតុ​ដែល​ផ្សោត​ចំនួន​៣​ក្បាល​បន្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ​ដោយសារ​មាន ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ឋិត​នៅ​ចម្ងាយ​៥០០​ម៉ែត្រ ពី​ទីតាំង​ជ្រក​របស់​ត្រី​ផ្សោត​អន្លង់​ឈើទាល និង​ការ ហ៊ុម​ព័ទ្ធ​នេសាទ​នៅ​ក្បែរ​អន្លង់​អភិរក្ស​បង្ក​ភាព​ស្មុគស្មាញ​ស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ​របស់​សត្វ​ផ្សោត ។

សត្វ​ផ្សោត​កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​តំបន់​ឆ្លងកាត់​សំខាន់​ៗ ដែល​ផ្សោត​ធ្វើ​ដំណើរ​សម្បូរ​ទៅ​ដោយ​អ្នក នេសាទ​ទាំង​ប្រជាជន​ឡាវ និង​ខ្មែរ​បាន​ដាក់​មង និង​ឧបករណ៍​នេសាទ​ផ្សេង​ៗ ត្បិត​ប្រជាជន​ប្រទេស​ទាំង​ពីរ​មាន​ទម្លាប់ នេសាទ នៅ​ដង​ទន្លេ​ខ្សែបន្ទាត់​ខណ្ឌ​ទឹកដី​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​នោះ ។
សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​ទទូច​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​នៅ​អន្លង់ អភិរក្ស​ឈើទាល​ឱ្យ​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​កុំឱ្យ​ឈាន​ទៅ​រក​ការ​ផុត​ពូជ សត្វ​ផ្សោត​នា​ពេល​អនាគត​នៅ​អន្លង់​ឈើទាល សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​នេះ ។

ជុំវិញ​រឿង​នេះ​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា សត្វ​ផ្សោត​នៅ​ខេត្ត មាន​ចំនួន​ប្រមាណ​ជាង​៣០​ក្បាល​ដែល​រស់នៅ​ក្នុង​អន្លង់​ចំនួន​៤​កន្លែង គឺ​អន្លង់​ចំនួន​៣​ស្ថិត​ក្នុងស្រុក​សៀម​បូក និង​មួយទៀត គឺ​អន្លង់​អូរ​ឈើទាល​ឋិត​ក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។ សត្វ​ផ្សោត​មាន​សារសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រសិនបើ​នៅ​ក្នុង​អន្លង់​អូរ​ឈើទាល សត្វ​ផ្សោត​វា​កាន់តែ​ជិត​បាត់បង់​អស់​ទៅ​ហើយ​នោះ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ ។

ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មេត្តា​ជួយ​ថែរក្សា​គ្នា​កុំ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​ជិត​តំបន់ហាមឃាត់ នៅ​ក្នុង​តំបន់​ដែល​សត្វ​ផ្សោត​វា​កំពុង​រស់នៅ​ឱ្យ​សត្វ​ផ្សោត​គង់វង្ស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ