រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា រហូតមកដល់ពេលនេះក្រសួងលក់ផ្លាកលេខពិសេសបានជាង៤០០លេខ ទទួលបានថវិកាប្រមាណជិត២លានដុល្លារអាមេរិក ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យកោះសន្តិភាពដឹងនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ៖ «ចាប់តាំងពីដំណើរការលក់ផ្លាកលេខពិសេសថ្មីមក ក្រសួងលក់បានជាង៤០០លេខ ដែលស្មើនឹងទឹកប្រាក់ប្រមាណជិត២លានដុល្លារអាមេរិក» ។
ការបញ្ជាក់ឲ្យដឹងរបស់អ្នកនាំពាក្យនេះ គឺបន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសលក់ផ្លាកលេខពិសេសដល់អ្នកប្រើប្រាស់ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ។ជាមួយគ្នានេះ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានឲ្យដឹងទៀតថា ក្រសួងមិនទាន់បានដាក់ដំណើរការនូវការដូរផ្លាកលេខរថយន្តចាស់ដែលគ្មានQR Code ទៅដូរយកផ្លាកលេខថ្មីដែលមានQR Code នោះទេ ។
លោកបញ្ជាក់ថា ៖ «ការដូរផ្លាកលេខមានទម្រង់ QR Code នេះគឺមិនទាន់ដំណើរការទេ។ ខ្ញុំក៏មានការសោកស្តាយចំពោះការផ្សាយព័ត៌មានមួយចំនួនថា ក្រសួងបើកឲ្យដូរផ្លាកលេខគ្មាន QR Code មិនគិតថ្លៃ ប៉ុន្តែតាមពិតព័ត៌មាននេះមិនទាន់ពេញលេញទេ ព្រោះពេលនោះ ក្រសួងកំពុងតែធ្វើការចរចាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុប៉ុណ្ណោះ»។
លោក ហ៊ាង សុទ្ធាយុត្តិ បន្តថា ចំណុចនេះ ក្រសួងទាំងពីរបានឯកភាពគ្នាក្នុងការសិក្សាពីនីតិវិធី ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈសុវត្ថិភាព ដោយធ្វើយ៉ាងណាពេលប្តូរទៅមានតម្លាភាព មានភាពងាយស្រួលជូួនប្រជាពលរដ្ឋ ហើយកុំឲ្យមានជនខិលខូចឆ្លៀតឱកាសនៅពេលក្រសួងផ្លាស់ប្តូរលេខថ្មីឲ្យ ។ លោកគូសបញ្ជាក់ថា ៖ «អីុចឹងយើងកំពុងស្ថិតក្នុងកំណាក់កាលហ្នឹងនៅឡើងទេ មិនទាន់មានចេញជានីតិវិធីនោះទេ ។ បើចេញជានីតិវិធីនោះ យើងនឹងចេញផ្សាយជាផ្លូវការតាមផេកហ្វេសប៊ុកក្រសួងសាធារណការ និងមានសេចក្តីជូនដំណឹងពីក្រសួងច្បាស់លាស់» ។
ទោះជាយ៉ាងណាក្តីលោកបានអះអាងចំពោះករណីផ្លាស់ប្តូរផ្លាកលេខចាស់គ្មាន QR Codeនេះ ដឹងតែចេញជាផ្លូវការដើម្បីឲ្យប្រជាពលរដ្ឋមកដូរយកថ្មី ព្រោះថាថ្នាក់ដឹកនាំបានឯកភាពគ្នាជាគោលការណ៍រួចហើយ ។ ប៉ុន្តែថ្នាក់បច្ចេកទេសកំពុងសិក្សា ។ លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ៖ «រឿងចេញគឺនឹងដំណើរការ ព្រោះថ្នាក់លើឯកភាពគ្នារួចហើយ នៅពេលថ្នាក់លើឯកភាពហើយ ថ្នាក់ក្រោមក៏ខិតខំសិក្សាឲ្យចេញលឿនដែរ ។
អុីចឹងអ្វីដែលសំខាន់ គឺយើងត្រូវសិក្សានីតិវិធីឲ្យលម្អិតឲ្យត្រូវគ្នា ដើម្បីផ្តល់សេវាស្រួលដល់ប្រជាពលរដ្ឋ កុំឲ្យមានបញ្ហា»។ទោះបីជាបញ្ជាក់ជំហរថា នឹងមានការផ្លាស់ប្តូរផ្លាកលេខរថយន្តគ្មាន QR Code យកផ្លាកលេខថ្មីមានQR Codeក្តី តែលោកមិនបានបញ្ជាក់ពីថ្ងៃជាក់លាក់រឲ្យប្រជាពលរដ្ឋទៅផ្លាស់ប្តូរនោះទេ ដោយគ្រាន់តែបញ្ជាក់ថា៖«ជាធម្មតា កាលណាថ្នាក់លើអូខេហើយ ថ្នាក់ក្រោមត្រូវតែធ្វើឲ្យហើយ» ។
ចំពោះសំណួរថា តើនៅពេលដាក់ដំណើរការប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តគ្មានផ្លាកលេខQR Codeត្រូវយកឯកសារអ្វីខ្លះ ? លោកឆ្លើយថា ចំណុចនេះមិនទាន់ដឹងទេ ព្រោះថាកំពុងស្ថិតក្នុងការសិក្សា ក្នុងនោះមានទាំងទីតាំងផ្លាស់ប្តូរ ក៏មិនទាន់កំណត់ដែរ ។ ប៉ុន្តែក្រសួងមានបំណងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការផ្លាស់ប្តូរ និងគ្រប់គ្រងឲ្យបានដូចគ្នា ។លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា៖«ឧទាហរណ៍ បើសុខៗយើងហៅគាត់មកដូរដោយមានឯកសារស្មុគស្មាញ ហើយរថយន្តគាត់ចាស់អីុចឹងគាត់មិនមកទេ ។ អីុចឹងទេ យើងគិតកន្លែងហ្នឹងជាចំណុចគន្លឹះ ដើម្បីជោគជ័យយើងត្រូវគ្រប់គ្រងឲ្យបាន ហើយសាមញ្ញងាយស្រួលធ្វើឲ្យបានទើបមានការសហការជាមួយគ្នាបាន» ៕
ចែករំលែកព័តមាននេះ