ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​តោ​ដែលប្រទះឃើញនេះ ធ្វើក្នុង​រចនាបថ​សម័យ​បាយ័ន​​សតវត្សរ៍​ទី​១៣

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចម្លាក់​តោ​មាន​ទំហំ​ធំ​មួយ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​បារាយណ៍​ប្រាសាទ​មេបុណ្យ ដែល​មាន​ចម្ងាយ​ប្រមាណ២​គីឡូម៉ែត្រ​ ពី​ប្រាសាទបន្ទាយឆ្មារ បន្ទាប់​ពី​បើក​ការដ្ឋាន​ស្តារ​ប្រាសាទ​បា​រា​ណ៍​ឡើង​វិញ ។ ចម្លាក់​តោ​ដែល​បាន​ប្រទះ​ឃើញ​នេះ​ បាន​កប់​ក្នុង​ដី​ជម្រៅ​ជាង​៤​ម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ ចម្លាក់​តោ​មាន​ទំហំ​ធំ​មួយ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​បារាយណ៍​ប្រាសាទ​មេបុណ្យ ដែល​មាន​ចម្ងាយ​ប្រមាណ២​គីឡូម៉ែត្រ​ ពី​ប្រាសាទបន្ទាយឆ្មារ បន្ទាប់​ពី​បើក​ការដ្ឋាន​ស្តារ​ប្រាសាទ​បា​រា​ណ៍​ឡើង​វិញ ។ ចម្លាក់​តោ​ដែល​បាន​ប្រទះ​ឃើញ​នេះ​ បាន​កប់​ក្នុង​ដី​ជម្រៅ​ជាង​៤​ម៉ែត្រ ។ តាម​អ្នក​បុរាណវិទ្យា​ឱ្យ​ដឹង​ខ្លះ​ៗ​ថា ចម្លាក់​តោ​នេះ​ធ្វើ​ក្នុង​រចនាបថ​សម័យ​បាយ័ន ក្នុង​សតវត្សរ៍​ទី​១៣ ត្រូវ​បាន​ប្រទះ​ឃើញ កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០ ក្នុង​កំឡុង​ពេលធ្វើការ​ស្តារ​បារាយណ៍​ប្រាសាទ តាម​រចនាសម្ព័ន្ធ​គ្រឹះ​កំពង់ទឹក ដែល​មាន​តែ​ដាន​និង​គោក​រាក់ ។ ការ​ស្តារ​នេះ​បាន​ធ្វើ​មុន​ពេល​ចាប់ផ្តើម​ជួសជុល​ដោយ​ក្រុមការងារ​បច្ចេក​ទេស នៃ​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញ​បារាយណ៍​ទឹក​នេះ ទទួល​រង​នូវ​ការ​ខូចខាត​ស្ទើរតែ​បាត់​រូបរាង​អស់​ទៅ​ហើយ​នោះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​អនុញ្ញាត​ជា​គោលការណ៍ ឲ្យ​មន្ត្រី​បច្ចេក​ទេស​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ធ្វើការ​អភិរក្ស​និង​ជួសជុល ស្តារ​សំណង់​បារាយណ៍​មួយ​នេះ​ឡើង​វិញ ។ ការ​អភិរក្ស និង​ស្តារ​បារាយណ៍​ប្រាសាទ​មេបុណ្យ​នេះ ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ដ៏​ថ្លៃថ្លា​ពី​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ។

លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​បញ្ជាក់​ថា ខ្ញុំ​និង​ក្រុមការងារ​ពិតជា​រំភើបចិត្ត ក្រោយ​ពី​បានឃើញ​ចម្លាក់​តោ​ទាំង​៤​បន្ទាប់​ពី​ក្រុមការងារ​បាន​ស្តារ​បារាយណ៍​បុរាណ​នេះ ។សូម​បញ្ជាក់​ថា ប្រាសាទ​មេបុណ្យ​ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ជំទាវ ម៉ៅ ម៉ា​ល័យ និង​គណៈប្រតិភូ​អមដំណើរ បាន​ប្រារព្ធ​ពិធីបួងសួង​ដ៏​អធិកអធម​សុំ​បារមី​ថែរក្សា​ទឹកដី​ដ៏​សក្តិ​សិទ្ធិ​នេះ ជួយ​ដល់​ក្រុមការងារ​កំពុង​ស្តារ​បារាយណ៍​ប្រាសាទ​មេបុណ្យ​នេះ​ឱ្យ​បាន​បំពេញការងារ​ដោយ​រលូត និង សុខ​សប្បាយ​ឲ្យ​បាន​គ្រប់​កាល​គ្រប់​វេលា និង​រួម​គ្នា «​ការ​ថែរក្សា​បាន​និមិត្តរូប​នៃ​ព្រលឹង​វប្បធម៌​ជាតិ​» សម្រាប់​ទាំងអស់​គ្នា ។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ថា ចម្លាក់​តោ​នេះ​មាន​អាយុកាល​ជិត​មួយ​ពាន់​ឆ្នាំ ត្រូវ​បាន​ជីក​ប្រទះ​ឃើញ​នៅ​បាយ​រាយ​ណ៍​ប្រាសាទ​មេបុណ្យ កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០ ដោយ​ក្រុម​ការ​ងារ​បាន​​​យក​រថយន្ត​ស្ទូច​លើក​ឡើង​លើ ហើយ​ត្រូវ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដែល​ជា​ភរិយា​លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ពិធីបួងសួង សុំ​សេចក្តីសុខ​និង​សន្តិភាព​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដែល​ជា​ថ្ងៃ​បន្ទាប់ ។លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ចម្លាក់​តោ​មួយ​មាន​ទម្ងន់​ជិត​១​តោន គឺ​នៅ​ល្អ​ស្អាត​ទាំងអស់ ដែល​ធ្វើ​ដោយ​ថ្មភក់ និង​ចម្លាក់​តោ​៣​ទៀត​តូច​ជាង​គ្នា ។

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា ក្រុមការងារ ក្រោយ​ពេល​បើក​ការដ្ឋាន​ស្តារ​បារាយណ៍​នេះ​កាលពី​ថ្ងៃ​ទី​
២​រហូត​ដល់ទី​៣ កុម្ភៈ ឆ្នាំ​២០២០ ក៏​បាន​ប្រទះ​ឃើញ​រូបចម្លាក់​តោ​នេះ​តែ​ម្តង ដែល​រូបរាង​នៅ​ស្អាត មាន​កម្ពស់​១.៩០​ម៉ែត្រ បណ្តោយ​៨៨​សង្ទីម៉ែត្រ ទទឹង​៧២​សង្ទីម៉ែត្រ ដែល​មាន​ទម្ងន់​ជិត​១​តោន ។លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជីក​ប្រទះ​ឃើញ​ចម្លាក់​តោ​នេះ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ និង​ក្រុមការងារ​ការដ្ឋាន​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានការ​ភ្ញាក់ផ្អើល​បាន​នាំ​គ្នា​លាង​សម្អាត ហើយ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​កិច្ច​និង​បួងសួង​ទៅ​តាម​ប្រពៃណី ។

ក្រុម​មន្ត្រី​ស្រុក​ថ្មពួក​បានឱ្យ​ដឹង​ថា ចំណុច​ដែល​ជីក​ប្រទះ​ឃើញ​ចម្លាក់​តោ​នេះ​គឺ​កប់​ក្នុង​ដី​ខាងត្បូង​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​ប្រាសាទ​មេបុណ្យ ដែល​ចម្ងាយ​ពី​ប្រាសាទ​ប្រមាណ​៨០០​ម៉ែត្រ ។ បារាយណ៍​ប្រាសាទ​មេបុណ្យ​នេះ​មាន​បណ្តោយ​ប្រវែង​១.៧០០​ម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ ។ ក្រុម​មន្ត្រី​ខេត្តបន្ទាយមានជ័យ​បាន​​បញ្ជាក់​ថា សរុប​ចម្លាក់​តោ​ដែល​រក​ឃើញ​មាន​ចំនួន​ទាំងអស់​៤ ហើយ​ក្នុង​នោះ​ចម្លាក់​តោ​៣​បាន​រក​ឃើញ​នៅ​ប្រាសាទបន្ទាយឆ្មារ តែ​ចម្លាក់​តោ​នោះ​បាកបែក ។ ចំណែក​ចម្លាក់​តោ​ដែល​បាន​រក​ឃើញ​នៅ​បារាយណ៍​ប្រាសាទ​មេបុណ្យ នៅ​ស្អាត​ចែស ។

តោ​ចំនួន​២​ត្រូវ​បាន​ទុក​នៅ​សាលាស្រុក​ថ្មពួក ដោយសារ​តែ​ការ​រក​ឃើញ​នោះ​គឺ​ក្រោយ​ឆ្នាំ​១៩៧៩ ប្រទេស​នៅ​មាន​សង្គ្រាម ដោយ​ខ្លាច​ជនខិលខូច​លួច​ទៅ​បាត់​។ ឯ​តោ​ទី​៣​ដែល​ឃើញ​នៅ​ពេល​នេះ​នៅ​ល្អ​ស្អាត ប្រៀប​ដូច​ជា​ស្តេច​រាជសីហ៍ ។ ពេល​នេះ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន នឹង​យក​តោ​២​ទៀត​ដែល​នៅ​សាលាស្រុក​មក​រក្សា​ទុក​ជុំ​គ្នា​ជាមួយ​តោ​ដែល​រក​ឃើញ និង​និមន្ត​ព្រះសង្ឃ​ប្រោះព្រំ​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​សន្តិភាព​តរៀងរ​ហូត​ទៅ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ