ពិធី​ឡើងអ្នកតា​សុំ​ក្ដី​សុខរបស់​អ្នកស្រុក​ចំណុះ​ជើងវត្ត​អា​ធ្វា


ខេត្តសៀមរាប​៖ អ្នកស្រុក​ចំណុះ​ជើងវត្ត​អា​ធ្វា រួម​មាន​ភូមិ​ទ្រាក ភូមិក​ក្រាញ់ ភូមិ​ក្រសាំង​រលើង និង​ភូមិ​ស្ពាន​ជ្រាវ បាន​មូល​មីរ​ជួបជុំ​គ្នា​នៅ​ប្រាសាទ​អា​ធ្វា ប្រារព្ធ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា រៀងរាល់ថ្ងៃ​៣​កើត ខែមាឃ តាម​ទម្លាប់​ត​ពី​បុរាណ ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​កិច្ច​ពិធី​នេះ​មាន​រៀបចំ​បាយ​សម្ល បង្អែម​ច​ង្អា​ប ក្បាល​ជ្រូក គ្រឿង​​រណ្តាប់​ស្លាធម៌ បាយសី វង់ភ្លេង អ្នក​ស្នង​រូប ដើម្បី​រាំ​ថ្វាយ និង​សែន​ថ្វាយ​ម្ចាស់​ទឹក ម្ចាស់​ដី អារក្ស អ្នកតា មាន​លោកតា​មហារាជ ហា​ជ​ម្ពួ ស្តេច​នាគ​ខៀវ នាគ​ស នាគ​ខ្មៅ នាគ​ក្រហម ស្តេច​អណ្តើក ស្តេច​ហនុមាន តា​ឥសី ម្រេញគង្វាល ស្តេច​យមរាជ​…​។ ដែល​ថែរក្សា​ប្រាសាទ​អា​ធ្វា ។

ចំណុច​សំខាន់​នៃ​ពិធី​នៅ​ប្រាសាទ​អា​ធ្វា គឺ​ការ​ចូល​រូប ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​មនុស្ស​និង​ទេព ដើម្បី​ឱ្យ​ទេព​បាន​រាំរែក​សប្បាយ ហូប​ចុក​ឆ្អែតឆ្អន់ មុន​នឹង​ចាកចេញ​ទៅ​ស្រុក​លំនៅ​ខ្លួន​វិញ​។ អ្នកស្រុក​ជឿ​ថា ការ​រៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ចៀស​​ផុត​ពី​រោគាព្យាធិ គ្រោះកាច​ឧបទ្រពចង្រៃ​ដល់​មនុស្ស​សត្វ​។ ម្យ៉ាងទៀត ក៏​ដើម្បី​អរគុណ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ផ្តល់​ទឹកភ្លៀង ដី​មាន​ជីជាតិ ធ្វើ​ឱ្យ​កសិកម្ម​ទទួល​បាន​ផល​ល្អ ។

លោកតា​កែវ អាយុ ៧០ ឆ្នាំ ជា​ចាស់ទុំ​នៅ​ក្នុងភូមិ​ទ្រាក​បានឱ្យ​ដឹង​ថា ឱ្យ​តែ​ដល់​ហេមន្តរដូវ អ្នក​ស្រុក​អ្នក​ភូមិ​បាន​មូលមតិ​គ្នា​រៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នៅ​ប្រាសាទ​វត្ត​អា​ធ្វា​ជា​ប្រចាំ ។ កម្មវិធី​នេះ​មាន​ជា​យូរយារ​មក​ហើយ លើកលែងតែ​អំឡុង​ពេល​ប្រទេស​មាន​សង្គ្រាម​ទេ ដែល​មិន​អាច​រៀបចំ​បាន ។

លោកយាយ ហុង អាយុ​៦១​ឆ្នាំ មាន​ប្រសាសន៍​ថា លោកយាយ​តែងតែ​មក​ចូលរួម​ពិធី​ឡើង​អ្នកតា​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន​ឡើយ ទោះបី​រវល់​យ៉ាងណា ក៏​ត្រូវ​មក​ចូលរួម​ដែរ ។ លោកយាយ​ជឿ​ថា លោកតា​មហារាជ​និង​លោកតា​មហា​ជ​ម្ពួ តែង​ជួយ​ថែរក្សា​ភូមិ​ស្រុក និង​គ្រួសារ​លោកយាយ​បាន​សុខ​សប្បាយ​។ ម្យ៉ាង​ការ​ធ្វើ​ដូច្នេះ ក៏​ជា​គំរូ​មួយ​នៃ​ការ​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ធ្វើ​តាម កុំឱ្យ​ទំនៀម​នេះ​បាត់បង់​ទៅ​តាម​ចាស់​ៗ​ដែល​ស្លាប់​ទៅ ។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នៅ​ប្រាសាទ​វត្ត​អា​ធ្វា ក៏​មានការ​រៀបចំ​សែនព្រេន ឡើង​មាឃ ឬ​ឡើងអ្នកតា​ដូច​គ្នា​នេះ​ដែរ នៅ​ទីតាំង​ទួល​តា​មឿង និង​ទួល​យាយ​ប៉ុក​ផង​ដែរ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ