រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ មករា ២០២០ កម្ពុជាបានរកឃើញនូវករណីជនជាតិចិនម្នាក់ដែលជាទេសចរមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ស្នាក់នៅខេត្តព្រះសីហនុ ។ ក្រោយរកឃើញករណីនេះភ្លាមក្រសួងសុខាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងប្រទេសបន្តទៀត ។
យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា ជនជាតិចិនដែលផ្ទុកវីរុសកូរ៉ូណា ហើយត្រូវបានឃើញនៅកម្ពុជាម្នាក់នេះបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៣ មករា ២០២០ ហើយចាប់ផ្ដើមមានអាការៈគ្រុនក្ដៅ និងហូរសំបោរ នៅថ្ងៃទី២៥ ក្រោយពីជនជាតិចិននេះបានលេងក្នុងអាងនៅក្នុងសណ្ឋាគារ ។ ក្រោយមានអាការៈនេះអ្នកជំងឺក៏បានចូលសម្រាកក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយខាងមន្ទីរពេទ្យក៏បានយកសំណាករបស់អ្នកជំងឺនោះ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ។
ជាលទ្ធផលនៅរសៀលថ្ងៃទី២៧ មករា ២០២០ ក៏រកឃើញថា ជនជាតិចិនរូបនេះមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ។ លោកបន្តថា ក្រោយពេលរកឃើញមន្ទីរពេទ្យក៏បានដាក់អោយអ្នកជំងឺនៅបន្ទប់ដាច់ដោយឡែក ដើម្បីធ្វើការព្យាបាលអោយជាសះស្បើយទើបបញ្ជូនត្រឡប់ទៅវិញ ។ ចំណែកក្រុមគ្រួសារដែលមកជាមួយបីនាក់ផ្សេងក៏ត្រូវអោយស្នាក់ដាច់ដោយឡែកដូចគ្នា ដើម្បីរង់ចាំតាមដានបើទោះបីជាបច្ចុប្បន្ននេះរកមិនឃើញករណីជំងឺនេះក្ដី ។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងផងដែរថា ពេលនេះក្រសួងបានចាត់មន្ត្រីជំនាញចុះទៅខេត្តព្រះសីហនុ និងតាមដានដល់អ្នកជំងឺនេះលើកដំបូង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលដល់ប្រជាពលរដ្ឋកម្ពុជា ។ វិធានការសំខាន់បំផុតនោះមិនមែនការពាក់ម៉ាស់តែមួយមុខនោះទេ ។ អ្វីដែលសំខាន់ត្រូវអនុវត្តន៍តាមក្បួនខ្នាតអនាម័យដែលចេញដោយក្រសួងអោយបានត្រឹមត្រូវ ដើម្បីការពារកុំអោយជំងឺនេះឆ្លងមកកាន់យើងបាន ។ លោកជំទាវបន្តថា កត្តាសំខាន់នោះ គឺអនាម័យរស់នៅស្អាត ញ៉ាំស្អាត ផឹកស្អាត និងមិនត្រូវទៅប៉ះពាល់ជាមួយអ្នកជំងឺផ្ទុកមេរោគប្រភេទនេះ និងត្រូវលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូមុននឹងញ៉ាំអាហារ និងមួយទៀតនោះជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់ ព្រោះមេរោគអាចនឹងជាប់ដៃហើយចូលទៅក្នុងខ្លួនយើងបាន ។
សូមបញ្ជាក់ថា អ្នកជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាមុនគេនេះ គឺបានធ្វើដំណើរពីទីក្រុងវូហានប្រទេសចិនជាទីដែលផ្ទុះជំងឺនេះ និងបានមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ជាមួយគ្រួសារសរុប៤នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថា ក្រសួងសុខាភិបាលបន្តការស្រាវជ្រាវករណីជំងឺនេះជាបន្តទៀត និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមគេហទំព័រ និងទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល ទំព័រហ្វេសប៊ុកនិងគេទំព័រនាយកដ្ឋានប្រយទ្ធនឹងជំងឺឆ្លង ។ ហើយបើសិនជាសង្ស័យឃើញមានករណីនេះ ក្រសួងក៏បានអោយសាធារណជនទាក់ទងទៅលេខ១១៥ ជាប្រព័ន្ធទាន់ហេតុការណ៍ និងអាចទាក់ទងបានគ្រប់ពេល ទោះបីជាទូរស័ព្ទមិនមានទឹកប្រាក់ហៅចេញក្ដៅ ។
ក្រៅពីនេះ ក្រសួងក៏បានចាត់មន្ត្រីជំនាញបីរូបដើម្បីទទួលការទាក់ទងពីសាធារណជនរួមមាន លោកវេជ្ជបណ្ឌិត លី សូវ៉ាន់លេខ 012 825 424 លោកវេជ្ជបណ្ឌិត យី សេងឌឿនលេខ 012 488 981 និងលោកស្រីវេជ្ជបណ្ឌិតតេង ស្រីតាមលេខ 012 836 868 ។
គួរបញ្ជាក់ថាគិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី២៨មករា ២០២០ អ្នកឆ្លងវីរុសកូរ៉ូណានៅលើពិភពលោកបានកើនឡើងដល់៤.៤៧៤នាក់ក្នុងនោះក្នុងប្រទេសចិនច្រើនជាងគេ ដែលមានរហូតដល់៤៤០៩នាក់ និងអ្នកស្លាប់មានចំនួន១០៧នាក់ភាគច្រើនក៏នៅក្នុងប្រទេសចិនដែរ ពោលគឺនៅតំបន់វូហានទីដែលផ្ទុះជំងឺនេះ ៕
ចែករំលែកព័តមាននេះ