រាជធានីភ្នំពេញ ៖ រថយន្តម៉ាកស៊ីអ័រវី (CRV) មួយគ្រឿងបើកបរដោយជនជាតិចិនបានបើកបោះពួយយ៉ាងលឿន ហើយបែកកង់មុខ ក៏រេចង្កូតទៅចំណែកផ្លូវម្ខាងទៀតបុកស្ត្រីម្នាក់ដែលកំពុងតែឈប់ម៉ូតូអង្គុយលើខឿនចិញ្ចើមមាត់បឹងតាមោក បណ្តាលអោយឱ្យស្ត្រីរងគ្រោះប៉ើងធ្លាក់ចូលទៅក្នុងទំនាបមាត់បឹងរងរបួសធ្ងន់ ។ ចំណែករថយន្តធ្លាក់ផ្លូវចូលទៅទំនាបមាត់បឹងតាមោក បណ្តាលអោយអ្នកបើកបររថយន្តរងរបួសផងដែរ។

គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី២៦ខែ មករា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

ស្ត្រីម្នាក់ដែលរងរបួសក្នុងគ្រោះថ្នាក់ខាងលើនោះឈ្មោះយ៉េង អេង អាយុ៤១ឆ្នាំ មានលំនៅភូមិត្រពាំង សង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រែកព្នៅ ។ ចំណែករថយន្តមួយគ្រឿងដែលបែកកង់បង្កគ្រោះថ្នាក់ត្រូវបាននគរបាលអោយដឹងថា ម៉ាកស៊ីអ័រវី (CRV)ពណ៌ស្លាបកំភេម ពាក់ស្លាកលេខ ភ្នំពេញ ២J-៣៧៩៣ បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរងរបួសបែកខ្ទង់ច្រមុះផងដែរ។

តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកស៊ីអ័រវី បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះបែកកង់មុខខាងឆ្វេង រួចក៏រេចង្កូតទៅឆ្វេងដៃឆ្លងចំណែកផ្លូវម្ខាងទៀតក៏បុកស្ត្រីរងគ្រោះដែលកំពុងតែអង្គុយលើខឿនមាត់បឹងប៉ើងធ្លាក់ចូលទៅក្នុងទំនាបមាត់បឹងតាមោកតាមរថយន្តតែម្តង ។

តាមប្រភពដដែលបានអោយដឹងថា ក្នុងគ្រោះថ្នាក់ខាងលើបណ្តាលអោយស្ត្រីរងគ្រោះរងរបួសធ្ងន់ ហើយ អ្នកបើកបររថយន្តក៏បានបែកខ្ទង់ច្រមុះរងរបួសផងដែរ ។ ពាក់ព័ន្ធនឹងករណីនេះដែរ គេនិយាយថា គ្រោះថ្នាក់មើលមិនឃើញមែន នៅមុនពេលកើត ជនរងគ្រោះរួមទាំងប្តីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១X-៦៦៨៥ មកពីខេត្តកំពង់ធំ ហើយក៏បានឈប់ម៉ូតូអង្គុយលេងលើខឿនចិញ្ចើមបឹងតាមោក បន្ទាប់មកបុរសជាប្តីក៏បានទៅដងទឹកមកជះម៉ាស៊ីនម៉ូតូអោយត្រជាក់ ស្រាប់តែរថយន្តបែកកង់មកបុកស្ត្រីជាប្រពន្ធពេញទំហឹងតែម្តង។

បន្ទាប់ពីគ្រោះថ្នាក់ ស្ត្រីរងរបួសធ្ងន់ខាងលើ ត្រូវរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រែកព្នៅដើម្បីសង្គ្រោះ ។ ចំណែកបុរសជាជនជាតិចិនត្រូវបានមិត្តភក្តិជាជនជាតិចិនដូចគ្នា និងអ្នកបកប្រែមក នាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសារខ្លាចបុរសជនជាតិចិននោះគេចខ្លួនបាត់ ទើបនគរបាលបានអោយចុះពីលើរថយន្តវិញ ហើយនគរបាលក៏បានដឹកបុរសជនជាតិចិននោះតាមរថយន្តនគរបាលដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង ។ ចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយសងការខូចខាត៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ