អគតិទាំងបួនបើណាមួយស្ថិតនៅក្នុងចិត្តបុគ្គលពិសេសប្រធានប្រាកដហើយ មនុស្សដែលនៅក្រោមឱវាទច្បាស់ជាខូចសាមគ្គីភាពជាមិនខាន ។ លើសពីនេះទៀតបើអគតិនេះកើតមាននៅក្នុងស្ថាប័នតុលាការវិញ វាកាន់តែធ្ងន់ធ្ងរបំផុតនឹងធ្វើឱ្យជញ្ជីងអង្គការមួយនេះគ្មានយុត្តិធម៌ជាដាច់ខាត ។
តើអគតិនោះមានសេចក្តីយ៉ាងណា? ហេតុអ្វីបានជាមានឥទ្ធិពលដល់ម្ល៉ឹង? ខាងក្រោមនេះជាការបង្ហាញពីលក្ខណៈរបស់អគតិ៤យ៉ាង ៖
១-ឆន្ទាគតិ លម្អៀងព្រោះស្រលាញ់ ដោយសារតែការស្រលាញ់បើទោះជាទង្វើខុសឆ្គងយ៉ាងណា ការងារធ្វើមិនត្រូវយ៉ាងណា…មិនលុះក្នុងការអប់រំយ៉ាងណាក៏នៅតែល្អ នៅតែស្រលាញ់ពេញចិត្តរហូត ។
២-ទោសាគតិ លម្អៀងព្រោះស្អប់ បើទោះជាបុគ្គលនោះប្រឹងប្រែងធ្វើការយ៉ាងណា ព្យាយាមស៊ូទ្រាំនឹងសម្ពាធផ្សេងៗកម្រិតណាក៏គ្មានន័យអ្វីដែរ ព្រោះចិត្តដែលត្រាំដោយការសម្អប់នៅតែស្អប់ដដែល ។
៣-មោហាគតិ លម្អៀងព្រោះល្ងង់ ដោយសារតែមិនសូវយល់ការ ក៏ចេះតែយល់ព្រម ចេះតែអូខេដោយមិនខ្វល់ពីការកើតមានវិបត្តិនៅពេលក្រោយឡើយ ។
៤-ភយាគតិ លម្អៀងព្រោះខ្លាច គឺខ្លាចចំពោះរឿងដែលមិនគួរខ្លាចដូចជាខ្លាចបុគ្គលនោះជាកូនចៅអ្នកធំ បុគ្គលនោះជាអ្នកមានទ្រព្យ បើទោះជាធ្វើក្តី មិនធ្វើក្តី ច្រឡើសបើសក្តីពុំហ៊ានស្តីបន្ទោសឱ្យទេចេះតែទ្រាំទៅ ។
បើបុគ្គលអ្នកប្រព្រឹត្តយកការស្រឡាញ់, ស្អប់, ល្ងង់, ខ្លាច មកជាត្រីមុខយ៉ាងនេះហើយ រមែងខូចយុត្តិធម៌ ជាការមិនល្អឡើយ ហេតុនេះគួរលះបង់ចោលមិនគួរប្រព្រឹត្តជាដាច់ខាត ៕ សាន សារិន
ចែករំលែកព័តមាននេះ