រាជធានីភ្នំពេញ ៖ លោកម៉ម ប៊ុនហេង បានអះអាងរហូតមកដល់ពេលនេះ កម្ពុជាមិនទាន់ មានករណីឆ្លងមេរោគឆ្លងផ្លូវដង្ហើមនៅឡើយទេ ហើយអ្នកវិទ្យាសាស្ត្រមិនទាន់រកថ្នាំព្យាបាលបានដែរ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ត្រូវបានគេហទំព័រក្នុងស្រុកស្រង់សំដីផ្សាយ នៅថ្ងៃទី២៦ ខែមករាថា ក្រសួងបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានការការពារទប់ស្កាត់ការឆ្លងវិរុសផ្លូវដង្ហើមប្រភេទថ្មី (Corona virus) ។ រហូតមកដល់ពេលនេះ (គិតត្រឹមព្រឹកថ្ងៃទី២៦ មករា) ក្រុមវេជ្ជបណ្ឌិតជំនាញៗលើពិភពលោកមិនទាន់រកឃើញថ្នាំសម្រាប់ព្យាបាលវិរុសផ្លូវដង្ហើមប្រភេទថ្មីនៅឡើយនោះទេ ហើយកម្ពុជាក៏មិនទាន់រកឃើញមានករណីឆ្លងវិរុសនេះនៅឡើយដែរ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ៖« មកទល់ពេលនេះគេពុំទាន់រកឃើញថ្នាំព្យាបាលសម្លាប់ Corona virus ប្រភេទថ្មីនៅឡើយទេ ហើយកម្ពុជាមិនទាន់រកឃើញមានករណីឆ្លងវិរុសនេះដែរ» ។ លោកបានបន្តថា ក្រុមការងាររបស់ក្រសួងសុខាភិបាលបាននឹងកំពុងតាមដានយ៉ា ងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់នៅតាមព្រលានយន្តហោះ និងតាមច្រកព្រំដែននានា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ។ គិតត្រឹមថ្ងៃទី២៦ ខែមករានេះ វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះបានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀតនៅតាមបណ្តាទីក្រុងធំៗរបស់ចិន ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ៖«ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីដែលអាចកើតមានជាយថាហេតុ ដូច្នេះសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថា មានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើម នៅទីកន្លែងដែលដឹងថា មានជំងឺបាននិងកំពុងកើតមាន ឬកំពុងផ្ទុះរាតត្បាត» ។ លើសពីនោះ ប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី លោកអ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់ នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវជម្រាបជូនមន្ត្រីសុខាភិបាលអំពីប្រវត្ដិជំងឺ និងប្រវត្តិនៃការធ្វើដំណើរ ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ក្រសួងសុខាភិបាលក៏បានដាក់ម៉ាស៊ីនស្កេនកំដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ ។ មានមន្ទីរពិសោធន៍ជាតិត្រៀមជាស្រេច ដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ ។
ប្រសិនបើសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ៣៨អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើមប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាសត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការ ណ៍១១៥ ដោយឥតគិតថ្លៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ