ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សិស្សានុសិស្សនៃវិទ្យាល័យបន្ទាយឆ្មារ ចំនួន៣៥នាក់បានដួលសន្លប់បន្តបន្ទាប់ ក្រោយពីមានអាការឈឺក្បាល វិលមុខ និងចុកពោះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពបន្ទាយឆ្មារ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

បើតាមលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ថាក្រោយពីទទួលព័ត៌មានដឹងភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាលអធិការដ្ឋានចុះអន្តរាគមន៍ជួយដឹកសិស្សវិទ្យាល័យបន្ទាយឆ្មារ ដែលមានអាការៈឈឺក្បាល វិលមុខ និងចុះពោះ បណ្តាលឱ្យដួលសន្លប់ជាបន្តបន្ទាប់ បញ្ជូនទៅកាន់មណ្ឌលសុខភាពបន្ទាយឆ្មារ ដើម្បីសង្គ្រោះបន្ទាន់។
លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពេលមានសិស្សានុសិស្សចំនួន៣៥នាក់មានអាការៈឈឺក្បាល វិលមុខ និងចុះពោះ បណ្តាលឱ្យដួលសន្លប់ នៅវិទ្យាល័យបន្ទាយឆ្មារ ហើយត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាពជាបន្តបន្ទាប់ចាប់ពីម៉ោង១០និង៣០នាទីព្រឹកនោះ គឺមានសិស្សម្នាក់អាការៈធ្ងន់ធ្ងរជាងគេ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួកភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។ ក្រៅពីនោះត្រូវបានសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាយឆ្មារ ដោយត្រូវបានគ្រូពេទ្យដាក់សេរ៉ូម ចាក់ថ្នាំ និងលេបថ្នាំ។

លោកបានបញ្ជាក់ថា ក្រោយពេលដែលសង្គ្រោះសិស្សានុសិស្សដែលសន្លប់រួច គឺមន្ត្រីជំនាញបានចុះទៅពិនិត្យនៅវិទ្យាល័យបន្ទាយឆ្មារ ហើយយកចំណីអាហារដែលសង្ស័យទៅពិនិត្យមើល ដើម្បីមូលហេតុ ។
លោកបញ្ជាក់ទៀតថា លុះរហូតមកដល់ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ គឺសិស្សដែលដួលសន្លប់នោះ មានសភាពបានធូរស្រាលប្រសើរឡើងវិញហើយ ដោយរង់ចាំអស់សេរ៉ូមនោះ នឹងត្រូវឪពុកម្តាយសាច់ញាតិមកទទួលយកទៅផ្ទះវិញ។ ចំណែកមូលហេតុដែលបណ្តាលឱ្យសិស្សដែលមានអាការៈដួលសន្លប់នេះ នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ រង់ចាំលទ្ធផលសិន៕ (កែសម្រួលដោយ ៖ បុប្ផា)








 
                        
			         
				
ចែករំលែកព័តមាននេះ