អាសូរ​ស្រែអំបិល​ ចែក​កេរ​អស់ហើយ ខ្លះ​លក់​ឱ្យ​ចិន


ខេត្តកំពត ៖ ផ្ទៃដី​ស្រែអំបិល​ជាង​៤០០០​ហិ​កតា ត្រូវ​បាន​ពុះ​ចែក​គ្នា ខណៈ​ពេល​សហគមន៍​អ្នក​ផលិត​អំបិល ត្រូវ​បាន​រំសាយ​អស់​សកម្មភាព​ផលិត​ហើយ ។ សូម​រំលឹក​ថា ខេត្តកំពត​គឺជា​ខេត្ត​មួយ​ជាប់មាត់​សមុទ្រ និង​មាន​ភាព​ល្បីល្បាញ​តាំងពីយូរលង់​មក​ហើយ ពី​ការ​ផលិត​អំបិល​បាន​រាប់​មឺ​ុ​ន​តោន​ក្នុង​មួយ​រដូវ​ៗ ដោយ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ប្រទេស​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ ។

ប៉ុន្តែ​ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​សហគមន៍​អ្នក​ផលិត​អំបិល ផលិត​លែង​បាន​ដោយសារ​តែ​ការ​ផលិត​អំបិល​តាម​ប្រពៃណី​បង្ហូរទឹក​ចូល​ស្រែ​រំពឹង​លើ​ថាមពលព្រះអាទិត្យ​ប្រៀប​ដូច​ធ្វើស្រែ​ប្រវាស់​មេឃ​នោះ ពិតជា​ជួប​បញ្ហា​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឱ្យ​ចំនួន​ទិន្នផល​អំបិល​បាន​ថយ​ចុះ ម្យ៉ាងទៀត​អំបិល​ប្រឡាក់​ដី​មិន​ស្អាត និង​មិន​មានការ​ដាក់​អុ​ី​យ៉ូ​ត​ផង​នោះ បាន​ក្លាយជា​ការ​ប្រឈម​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឱ្យ​ទីផ្សារ​អំបិល​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អំបិល​នាំ​ចូល ។

លោក អុំ ឈុ​ន នាយក​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សហគមន៍​អ្នក​ផលិត​អំបិល​ត្រូវ​បាន​រំសាយ​អស់ហើយ ។ លោក អុំ ឈុ​ន បាន​ប្រាប់​បន្ត​ថា ការ​រំសាយ​សហគមន៍​អ្នក​ផលិត​អំបិល​នេះ ដោយសារ​តែ​ផលិត​អំបិល​លែង​បាន​មូលហេតុ មក​ពី​អាកាសធាតុ​មិនល្អ ។
លោក អុំ ឈុ​ន និយាយ​ថា​ក្នុង​ឆាំ្ន​២០១៨-២០១៩​កន្លង​ទៅ​នេះ រដូវប្រាំង​ដែល​ផលិត​បាន បែរជា​មាន​ភ្លៀងរលឹម​ធ្វើ​ឱ្យ​សហគមន៍​អ្នក​ផលិត​អំបិល ខាតបង់​រហូត​ដល់​រំសាយ​អ្នកធ្វើការ​ទាំងអស់ ។

ខេត្ត​កែប​និង​ខេត្តកំពត​មាន​ផ្ទៃដី​សម្រាប់​ផលិត​អំបិល​ចំនួន​៤​ពាន់​៥​រយ​ហិ​កតា ត្រូវ​បាន​បែងចែក​ភាគហ៊ុន​គ្នា​អស់ហើយ ។ ប៉ុន្តែ​ក៏​មាន​ដី​ភាគហ៊ុន​ឯកជន​ខ្លះ គេ​កំពុង​តែ​ផលិត​អំបិល​ឡើង​វិញ​ដែរ​គ្រាន់តែ​តិចតួច​ប៉ុណ្ណោះ ។ លោកនាយក​រដ្ឋបាល​រូប​នោះ​មិន​បាន​និយាយ​ពី​រឿង​គេ​លក់​ដីស្រែ​អំបិល​ទេ តែ​គេ​បាន​មើល​ឃើញ​ថា ដីស្រែ​អំបិល​បច្ចុប្បន្ន​ម្ចាស់​ដី​កំពុង​លក់​ទៅ​ឱ្យ​ជនជាតិ​ចិន ខណៈ​ពេល​សហគមន៍​អ្នក​ផលិត​អំបិល​បាន​បិទទ្វា​របស់​ខ្លួន ។ សូ​ម្បី​រោង​ឃ្លាំង​ផ្ទុក​អំបិល​ក៏​ត្រូវ​បោះបង់​ដួល​រលំ​លែង​ប្រើប្រាស់​ដែរ ។

លោកតា អ៊ុ​ក សុខ ពេល​នេះ​អាយុ​៨៩​ឆាំ្ន និង​ជា​អតីត​រាជការ​បាន​និយាយ​ថា ខេត្តកំពត​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​យូរ​ឆាំ្ន​មក​ហើយ​រឿង​ផលិត​អំបិល ប៉ុន្តែ​សម្រាប់​រូប​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ នៅ​តែ​ស្ដាយ​ដែល​បច្ចុប្បន្ន​ខេត្តកំពត​ផលិត​អំបិល​លែង​បាន ។ គេ​នៅ​ចង​ចាំ​បាន​ថា កាលពី​ជាង​១០​ឆ្នាំ​មុន​លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត និង​លោក ហាស់ សា​រ៉េ​ត អភិបាលខេត្ត​កែប​បាន​ថ្លែង​ថា ស្រប​ពេល​សម្ភោ​ធ​អគារ​សហគមន៍ អ្នក​ផលិត​អំបិល​បាន​ហាមឃាត់​ថា​មិន​ឱ្យ​នរណា​អាច​យក​ដីស្រែ​អំបិល​លក់ដូរ​ក្រៅពី​ការ​ផលិត​អំបិល​បាន​ទេ ។

ទោះបីជា​បែប​នេះ​ក្តី បន្ទាប់​ពី​ការ​ផលិត​អំបិល​តាម​ប្រពៃណី​លែង​បាន​ហើយ រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជា​ទិញ​អំបិល​រាប់​ម៉ឺន​តោន​ពី​ប្រទេស​ចិន និង​បច្ចុប្បន្ន​ក៏​មានការ​ទិញ​អំបិល​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ ទើប​ការ​ផលិត​អំបិល​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​ឯកឯង ។ សម្រាប់​អនាគត​ការ​ផលិត​អំបិល គប្បី​ផលិត​តាម​បែប​ឧស្សាហកម្ម​ទើប​ធានា​និរន្តរភាព​បាន ហើយ​ការ​ផលិត​អំបិល​ប្រវាស់​មេឃ​ដូច​សព្វថ្ងៃ​អាច​នឹង​បាត់បង់​ដោយ​ស្វ័យប្រវត្តិ ៕

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ