ខេត្តប៉ៃលិន ៖ បើយោងតាមដីកាបង្គាប់ចេញដោយលោក ជា លាង អគ្គព្រះរាជអាជ្ញាតុលាការកំពូល ចុះលេខ ០១/០២០ ម.អ.ក. នៃអគ្គព្រះរាជអាជ្ញាតុលាការកំពូល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានសម្រេចដោះលែងជនត្រូវចោទឈ្មោះ រឿន ចរិយា ជាស្ត្រីមន្ត្រីសុរិយោដី ដែលឆបោកប្រាក់គេរាប់សែនដុល្លារ ឱ្យនៅក្រៅការឃុំខ្លួនហើយ ប្រសិនបើជននោះ មិនត្រូវបានជាប់ឃុំខ្លួនពីបទល្មើសអ្វីផ្សេងទៀតនោះទេ ។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ត្រីម្នាក់ឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ដែលជាជនឆបោកប្រាក់គេរាប់សែនដុល្លារ ហើយត្រូវបានអគ្គព្រះរាជអាជ្ញាមហាអយ្យការ អមសាលាឧទ្ធរណ៍ បើកសាវនាការជំនុំជម្រះលើសំណុំសាកសួរ រួចបន្តឃុំខ្លួន ដោយមិនអនុញ្ញាតិឱ្យស្ត្រីរូបនេះនៅក្រៅឃុំឡើយ ។ ទោះបីជាស្ត្រីខាងលើ សុខចិត្តជាប់ពន្ធនាគារ ដោយមិនសងលុយគេសូម្បីតែបន្តិចនោះ ព្រោះមានដើមបណ្តឹងយ៉ាងតិច៥នាក់ កំពុងដាក់ពាក្យបណ្តឹងឱ្យស្ត្រីរូបនេះ សងលុយទៅពួកគេវិញ ។ តែក្រោយមកស្ត្រីរូបនេះ ក៏បន្តដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំនៅក្រៅឃុំ រហូតទាល់តែបានសម្រេច ។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ រឿន ចរិយា ជាមន្ត្រីសុរិយោដីផ្នែកសំណង់ បានឆបោកប្រាក់គេអស់រាប់សែនដុល្លារ ហើយត្រូវម្ចាស់យ៉ាងតិច៥នាក់ បានប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួន យកទៅដាក់នៅពន្ធនាគារខេត្តប៉ៃលិន ។ ហើយស្ត្រីរូបនេះ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្នុងករណីឆបោកប្រាក់គេរាប់សែនដុល្លារ ។
ដោយស្ត្រីមន្ត្រីសុរិយោដីរូបនេះ ពូកែទ្រឹស្តី និយាយសម្តីផ្អែមពីរោះ ធ្វើឲ្យគេជឿទុកចិត្ត រហូតដល់ម្ចាស់ប្រគល់ប្រាក់រាប់សែនដុល្លារ ដើម្បីឲ្យយកទៅទិញដី រត់ការប្លង់ ស្រាប់តែរូបគេយកទៅទិញដីដាក់ឈ្មោះខ្លួនឯង និងយកប្រាក់មួយចំនួនទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួន (យីហោ កូឡាប៉ៃលិន) ។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រភពព័ត៌មានបានបង្ហើបឱ្យភ្នាក់ងារយើងដឹងថា ស្ត្រីខាងលើត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំហើយ បើទោះបីជាខាងភាគីម្ចាស់ប្រាក់កើតទុក្ខមិនសុខចិត្ត ដោយរកមេធាវីជួយយ៉ាងណា ក៏នៅតែត្រូវបានដោះលែងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ដោយជោគជ័យ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ