ខេត្តសៀមរាប ៖កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់ទៅទស្សនាប្រាសាទ នៅទីតាំងផ្លូវចូលប្រាសាទនាគព័ន្ធ ។
ផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាផ្សាយថា លោកយិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍ថា ដើមចំបក់មួយដើមនេះងាប់ជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើ ដែលអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទនាគព័ន្ធនេះ ។
ដោយសារមើលឃើញនូវបញ្ហានេះ ទើបក្រុមការងារសម្រេចកាប់ដើមចំបក់នេះចោល ក្នុងបំណងបង្ការ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ការពារកុំឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងដើម្បីរក្សាសោភ័ណបរិវេណប្រាសាទផង ។
ប្រភពដដែលបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារបានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងពេលកាត់ដើមចំបក់ ។
អាជ្ញាធរជាតិអប្សរា បានសុំការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ហើយចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា ។ នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ