រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំអ្នកជាប់សែស្រឡាយចិនតែងតែទៅកាត់ឆុងតាមជំនឿលើក្បួនចិនសែ ។ ការកាត់ឆុងនេះនៅមុនបុណ្យចូលឆ្នាំថ្មីមកដល់ គឺឆ្នាំជូត ។
របៀបសែនកាត់ឆុង គឺសាច់ជ្រូកបីជាន់ឆៅបីចម្រៀក ពងទាឆៅបីគ្រាប់ ផ្លែឈើ និងក្រដាសកាត់ឆុង ។ លោកតាអាចារ្យប្រចាំវិហារព្រះចៅ នៅលើវត្តភ្នំបានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា អ្វីដែលមិនបំភ្លេចនោះគឺរឿង «ឆ្នាំឆុង» ព្រោះបើតាមទំនៀមទម្លាប់ជនជាតិចិន គឺមានអបិយជំនឿទាក់ទងនឹងរឿងឆុងឆ្នាំយ៉ាងខ្លាំង ដោយក្នុងនោះពួកគេតែងគិតថា វាជាហេតុផលដែលបណ្ដាលឲ្យយីអ៊ុនធ្លាក់ចុះ រកស៊ី មិនរីកចម្រើន ឬមានជំងឺជាដើម ។ ច្បាស់ជាធ្លាប់ជ្រាបហើយថា សត្វខ្លា.ស នៅរមណីយដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញអាចជួយចម្លងគ្រោះឆ្នាំឆុងបានយ៉ាងពូកែសក្តិសិទ្ធិ ។ ព្រោះទីនោះជាកន្លែងសក្ការបូជាដែលគេតែងល្បី តៗ គ្នាថា បារមីសត្វខ្លា.ស អាចជួយរំដោះគ្រោះទាំងឡាយដល់អ្នកដែលមានឆ្នាំឆុង ។
សម្រាប់ឆ្នាំថ្មី «ឆ្នាំជូត» នេះ តើមានឆ្នាំអ្វីខ្លះដែលឆុង ហើយគួរធ្វើបែបណាដើម្បីកាត់គ្រោះ ស៊យទាំងនោះ? លោកតាឡាបានឲ្យដឹងថា តាមក្បួនចិន ក្នុងឆ្នាំចិន ឆ្នាំជូត ឆ្នាំ២០២០នេះ មានឆ្នាំឆុងចំនួន៥ នោះគឺឆ្នាំជូត ឆ្នាំមមី ឆ្នាំរកា ឆ្នាំថោះ ឆ្នាំមមែ ប៉ុន្តែឆ្នាំដែលឆុងខ្លាំងជាងគេដល់ទៅ១០០ភាគរយ នោះគឺឆ្នាំមមី បន្ទាប់មកមានឆ្នាំជូត៧៥ភាគរយ ឆ្នាំរកា៥០ភាគរយ ឆ្នាំថោះ២៥ភាគរយ និងមមែធម្មតាប៉ុណ្ណោះ ។
លោកតាបានប្រាប់អំពីវិធីរំដោះគ្រោះ ខ្លះៗ សម្រាប់អ្នកដែលមានឆ្នាំឆុងទាំងអស់ អាចអនុវត្តវាបានដោយខ្លួនឯង ដោយត្រូវយកពងមាន់ ឬពងទាចំនួន២គ្រាប់ សាច់ជ្រូកបីជាន់ឆៅ ទៅសែននៅទីណាក៏បាន ឲ្យតែមានរូបសំណាកខ្លា.ស ប៉ុន្តែបើរូបសំណាកខ្លា.ស នៅក្នុងវត្តទើបសក្តិសិទ្ធិជាង រួចអុជធូបចំនួន៣សរសៃ និយាយបែបន់ ។ បន្ទាប់មកយកសាច់ជ្រូកបីជាន់ញាត់ចូលមាត់រូបសំណាកខ្លា.ស រួចយកពងទៅគោះជាមួយនឹងក្បាល រូបសំណាកខ្លា.សឲ្យបែក ទើបយកពងនោះទៅគប់ចោលដើម្បីឲ្យគ្រោះស៊យចេញឆ្ងាយទៅតាមនោះ ។ ការធ្វើបែបនេះអាចជួយរំដោះគ្រោះទាំងពួង ដែលអាចកើតឡើងជាយថាហេតុ ដូច្នេះជនប្រុសស្រីដែលមានឆ្នាំឆុង សូមប្រញាប់មកកាត់គ្រោះដើម្បីសេចក្ដីសុខអ្នកទាំងអស់គ្នា ។
លោកតាឡាបញ្ជាក់ថា យ៉ាងណាមិញសម្រាប់អ្នកដែលរវល់គ្មានពេលទំនេរទេ អាចធ្វើកិច្ចជំនួស ដោយឲ្យអ្នកផ្ទះយកសម្លៀកបំពាក់បុគ្គលដែលមានឆ្នាំឆុងដូចបានរៀបរាប់ទៅរៀបចំពិធីរំដោយគ្រោះជំនួសក៏បានដែរ ។
លោកគ្រូម៉េងឲ្យដឹងដែរថា «ក្នុងករណីអ្នកដែលខកខានមិនបានកាត់គ្រោះទេនោះ គ្រោះចង្រៃអាចធ្វើឲ្យយើងជួបរឿងមិនល្អ ដូចជា អាចនឹងជួបគ្រោះថ្នាក់តាមផ្លូវក៏ថាបាន ឬរឿងល្អប្ដូរទៅជាអាក្រក់ ពេលខ្លះអាចនឹងមានការទាស់ទែងពាក្យសម្ដីគ្នា និងឈានដល់ការប្រើហិង្សាទៀតផង ។ ជាក់ស្ដែងមានអ្នកខ្លះខំប្រុងប្រយ័ត្នណាស់ដែរ តែបើគ្រោះមកដល់ទោះខំគេចក៏មិនផុត ដូច្នេះវិធីដ៏ល្អបំផុត គឺត្រូវរៀបចំពិធីនេះឲ្យបានរួសរាន់ទាន់ពេល ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលខ្លួនកំពុងមានឆ្នាំឆុងបែបនេះ ។
សម្រាប់អ្នកតាមថែរក្សានៅទីនេះមិនដែលប្រកាន់ទោសទណ្ឌអ្វីនោះទេ ព្រោះយើងក៏មិនបានទៅរំខានសុខទុក្ខអ្វីគេដែល គ្រាន់តែរៀបពិធីរំដោយគ្រោះសន្សំសុខ ដូច្នេះនេះមិនមែនជាបញ្ហាចោទនោះទេ »។
ចំពោះបច្ច័យសម្រាប់ជូនលោកតា គឺមិនកំណត់ទេ ទៅតាមទឹកចិត្តសទ្ធាប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ