សម្តេច​តេ​ជោ​ប្រាប់​មេទ័ព​សិង្ហ​បុរី​ថា ​រាល់​បញ្ហា​មិន​ចប់​ដោយ​ប្រើ​កម្លាំង​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ពុំ​មានការ​ជឿជាក់​ថា ការ​ប្រើកម្លាំង​អាច​ដោះ​ស្រាយ​បាន​រាល់​បញ្ហា​នោះ​ទេ​។ កម្ពុជា​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​កែប្រែ​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ជិត​ខាង ឲ្យ​ក្លាយជា​ព្រំប្រទល់សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ គឺ​កែប្រែ​តំបន់​អតីត​សមរ​ភូមិ ឲ្យ​ទៅ​ជា​តំបន់​ទីផ្សារ​និង​ការ​អភិវឌ្ឍ ។

លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាលពី​រសៀល​ថ្ងៃ្ង​ទី​២១ ខែមករា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការ​កងទ័ពជើងគោក​នៃប្រទេស​សិង្ហ​បុរី បាន​ជម្រាប​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ថា ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​នៅ​ពេល​នេះ គឺ​លោក​មាន​អារម្មណ៍​ថា​កម្ពុជា​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​នោះ​សោត គឺជា​ការ​អភិវឌ្ឍ​រយៈពេល​២០​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។

លោក​មេបញ្ជាការ​មាន​ប្រសាសន៍​ថា សន្តិភាព​ដែល​ទទួល​បាន​មកនេះ គឺ​បាន​ដោយ​ពិបាក​ហើយ​សន្តិភាព​នេះ​ស្ថិត​នៅ​ជា​កត្តា​ដ៏​សំខាន់​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​ថែម​ទៀត ។ លោក​បាន​បង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​មក បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ជួប​ពិភា​ក្សា​ការងារ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពង្រីក​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ ការ និង​ចំណងមិត្តភាព​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​រួម​ជាមួយនឹង​លោក​ឧត្តម សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា ធ្វើ​យ៉ាងណា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ រួម​ទាំង​ផលប្រយោជន៍​អាស៊ាន​ផង​ដែរ​។

លោក Goh Si Hou មេបញ្ជាការ​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផង​ដែរ​ថា កងទ័ព​ទាំង​ពីរ​កន្លង​មក​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​យ៉ាងល្អ ហើយ​រូប​លោក​និង​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​នូវ​ទំនៀមទម្លាប់​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ល្អ​នេះ​ជា​បន្ត​ទៀត ។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ហ៊ុន សែនបាន​​ទទួល​ការ​ស្វាគមន៍ និង​កិច្ច​ពិភាក្សា​រវាង​លោក​មេបញ្ជាការ​និង​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​តហើយ​សម្ដេច​តេ​ជោ ក៏​មាន​ប្រសាសន៍​ដែរ​ថា ជាការ​ពិត​ណាស់ កង​ទ័ព​ទាំង​ពីរ​ចាំបាច់​ត្រូវ​ចែករំលែក​​បទ​ពិសោធន៍​រវាង​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ការ​ហ្វឹកហាត់​រួម​គ្នា​ផង​ដែរ ។ សម្ដេច​តេ​ជោ មាន​ប្រសាសន៍​បញ្ជាក់​ថា នៅពេល​នេះ​ពិភពលោក​មានការ​រត់ប្រណាំង​ស​ព្វាវុ​ធ​កាន់តែ​ខ្លាំង​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ជំនាន់ សង្គ្រាមត្រជាក់ ក្នុង​ន័យ​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ​ពិតជា​មាន​សារៈសំខាន់ ។

សម្ដេច​តេ​ជោ ក៏​បាន​ជម្រាប​ជូន​លោក Goh Si Hou អំពី​នយោបាយ​របស់​កម្ពុជា គឺ​ប្រជាជនជា​ខឿន​ការពារ​ជាតិ​កម្ពុជា កងទ័ព​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការពារ​ជាតិ ក៏​ប៉ុន្តែ​ក្រៅពី​នេះ​កងទ័ពកម្ពុជា ក៏​មាន​តួនាទី​ចូលរួម​ក្នុង​ការ​ជួយ​បង្កបង្កើនផល ចូលរួម​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ពេល​មានគ្រោះ​អន្តរាយ និង​ចូលរួម​ថែរក្សា​សន្តិភាព​ក្រោម ឆត្រ​អង្គការសហប្រជាជាតិ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ថា សម្ដេចពុំ​មានការ​ជឿជាក់​ថា​ការ​ប្រើ​កម្លាំង​សុទ្ធតែ​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​ចរចាកិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ទេ ដែល ដោះស្រាយ​បាន​រាល់​បញ្ហា​ទាំងឡាយ ។ ក្នុង​ន័យ​នេះ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថាកម្ពុជា​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​កែប្រែ​ព្រំ​ប្រទល់​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង ឲ្យ​ក្លាយជា​ព្រំប្រទល់​សន្តិភាព មិត្តភាព កិច្ច​សហ​ប្រ​តិប​ត្តិ​ការ និង​ការ​អភិវឌ្ឍ ។ លើស​ពី​នេះ​ទៀត​គឺ​ការ​កែប្រែ​តំបន់​ដែល​ធ្លាប់​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅ​ជា​តំបន់​ទីផ្សារ និង​ការ​អភិវឌ្ឍ ។

សូម​រំឭក​ថា មុន​ពេល​ចូល​ជួប​សម្តែង​ការ​គួរសមជា​មួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហុ​៊​ន សែន នៅ​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក​នៃ​កងយោធពលខេមរភូមិន្ទ នា​រសៀល​ថ្ងៃ​ទី​២០ ខែមក​រា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ពជើងគោក បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ឧត្តមសេនីយ៍ទោ Goh Si Houមេ​បញ្ជាការ កងទ័ពជើងគោក​សិង្ហ​បុរី ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ជំនួប​នេះ ក្នុង​នាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​មេ​បញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី មក​កាន់​ព្រះរាជាណា​ចក្រ​កម្ពុជា​នេះ ដែល​អាច​ចាត់​ទុក​ថា​ជា​និ មិត្ត​រូប​នៃ​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរឱ្យ​កាន់តែ​រឹង​មាំ ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ ថែ្ល​ង​អំណរ​គុណ​កងទ័ព សិង្ហ​បុរី ដែល​កន្លង​មក​តែង​បាន​ជួយ​បណ្តុះបណ្តាលនាយទាហាន​វ័យក្មេង​កម្ពុជា និង​សំណូមពរ​ឱ្យ​សិង្ហ​បុរី​បន្ត​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​លើ​វិស័យ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ។
លោក​ឧត្តមសេនីយ៍ទោ Goh Si Hou បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគម​ន៍​ដ៏​កក់ក្តៅ និង​បាន​បង្ហាញ​ភាព​រីករាយ​ចំពោះការ​បាន​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​នៅ​ខេត្តសៀមរាប ព្រមទាំង​បាន​កត់សម្គាល់​អំពី​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៃ​រាជធានី​ភ្នំពេញ ក្នុង​បរិ​យាស​កាស​ប្រកបដោយ​សុខ​សន្តិភាព​។

លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​ថា ដំណើរទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​លោកនា​ពេល​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ហើយនឹង​បន្ត​ជំរុញ​អនុវត្ត​ការងារ​ដែល​បាន​ពិភាក្សា និង​ឯកភាព​ព្រមព្រៀង​គ្នា​កន្លង​មក​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ