តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United និង Real Madrid បានទៅលេងនៅលីគអាមេរិក ក្នុងនាមជាកីឡាកររកចំណូលបានច្រើនជាងគេនៅក្នុងលីគ។ នៅល្ងាចថ្ងៃអង្គារនេះ ក្រុម LA Galaxy របស់ក្របខ័ណ្ឌ Major League Soccer បានបញ្ជាក់ពីការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមនិងក្រុមអធិរាជស Javier Hernandez ពីក្រុម Sevilla ដែលស្ថិតនៅ LaLiga ។

យោងតាមគេហទំព័រ Sports Illustrated បានអោយដឹងថា ក្លិបអាមេរិកបានចំណាយ៩,៤លានដុល្លារ ដើម្បីទិញយក Hernandez និងបានអោយគាត់ចុះកិច្ចសន្យា៣ឆ្នាំ ដែលគាត់នឹងទទួលបានប្រាក់ខែប្រចាំឆ្នាំប្រហែល៦លានដុល្លារបូករួមទាំងការលើកទឹកចិត្ត។ នេះធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងលីគ។

លោក Dennis te Kloese អ្នកចាត់ការទូទៅរបស់ Galaxy បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា «Javier បានរកគ្រាប់បាល់នៅក្នុងលីគកំពូលៗនៅទូទាំងពិភពលោក និងបានក្លាយជាកីឡាករដែលទទួលបានជោគជ័យបំផុតរបស់ប្រទេស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ»។

លោកបន្តថា៖ «គាត់គឺជាកីឡាករដែលបានបង្ហាញពីភាពជោគជ័យក្នុងកម្រិតខ្ពស់បំផុត និងបានរកគ្រាប់បាល់បានច្រើនជាងគេក្នុងចំណោមក្រុមល្អបំផុតនៅក្នុង CONCACAF ។ យើងគិតថា គាត់អាចជាកីឡាករមួយក្នុងចំណោមខ្សែប្រយុទ្ធដ៏ល្អបំផុតរបស់ Major League Soccer»។
គួរបញ្ជាក់ផងដែរថា Hernandez បានចំណាយពេល៥ឆ្នាំនៅ Old Trafford ចន្លោះឆ្នាំ២០១០ និង២០១៥ ដែលជាពេលគាត់ចំណាយពេលមួយរដូវដើម្បីខ្ចីជើងនៅ Real ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏ធ្លាប់បានបង្ហាញមុខមាត់នៅ Bayer Leverkusen និង West Ham United ដែរ៕ (កែសម្រួលដោយ ៖ ធីតា )
ចែករំលែកព័តមាននេះ