ខេត្តបាត់ដំបង ៖ «អាងខ្នងគូ» គឺជាឈ្មោះអតីតទីតាំង «បន្ទាយកងទ័ពជំនាន់សម័យលោកម្ចាស់» ដែលមានប្រវត្តិជាង១០០ឆ្នាំគិតដល់ពេលនេះ ។ បច្ចុប្បន្ន ដីក្នុងតំបន់នេះ ត្រូវបានរក្សាទុកជាសម្បត្តិរដ្ឋគ្រប់ គ្រងរួមគ្នា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ។ ប៉ុន្តែសព្វថ្ងៃ ទីតាំងដីប្រវត្តិ សាស្ត្រនេះមួយផ្នែកធំ ត្រូវបានជនខិលខូច ដែលមានមន្ត្រីខ្លះជាបង្អែកផង បានឃុបឃិតហែកចែកគ្នាអង្កន់លក់ប្រមូលយកលុយយ៉ាងស្ងាត់ស្ងៀម ក្រោមគំនិតទុច្ចរិត «ឈ្នះបានដី ចាញ់បានលុយ»។
«អាងខ្នងគូ» មានទីតាំងនៅត្រើយខាងកើតនៃដងស្ទឹងសង្កែ និងនៅទល់មុខនិងប្រាសាទភ្នំបាណន់ ដែលមានទំហំ៨០០ម៉ែត្រ គុណ១,២០០ម៉ែត្រ ស្ថិតក្នុងភូមិកំប៉ង់កើត ឃុំកន្ទឺរ២ ស្រុកបាណន់ ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបាននិយាយថា បច្ចុប្បន្ន ផ្ទៃដីទាំងអស់នៅក្នុងតំបន់«អាងខ្នងគូ» គឺជាដីកសិកម្មដែលគ្រប់គ្រងដោយប្រជាពលរដ្ឋរាប់សិបគ្រួសារ តែគ្មានប្លង់កម្មសិទ្ធិទេ ។ ប៉ុន្តែផ្ទៃដីមួយចំនួន ត្រូវបានគេលក់ដូរបន្តគ្នាយ៉ាងអនាធិបតេយ្យ ដោយគ្មានអាជ្ញាធរ ឬមន្ទីរពាក់ព័ន្ធណាមួយ មានវិធានការទប់ស្កាត់ឡើយ នាពេលកន្លងមកនេះ។ បើតាមប្រភពដដែលបានបញ្ជាក់ថា ដីដែលក្រុមជនខិលខូចលួចអង្កន់ចែកគ្នាលក់ដូរនោះ ភាគច្រើនជាដីនៅជាប់ដងផ្លូវ (ជុំវិញទំនប់អាងខ្នងគូ) នៃតំបន់នោះតែម្ដង។
កោះសន្តិភាពបានជួបសួរនាំដោយផ្ទាល់ ជាមួយពលរដ្ឋដែលរស់នៅជុំវិញតំបន់ប្រវត្តិសាស្ត្រមួយនេះ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយពួកគេបានប្រាប់ថា ដីនៅក្នុងតំបន់ «អាងខ្នងគូ» នេះ មិនត្រូវបានអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឲ្យកាន់កាប់ស្របច្បាប់ទេ ។ ប៉ុន្តែពលរដ្ឋដែលធ្លាប់បង្កបង្កើនផលលើផ្ទៃដីនៅក្នុងតំបន់នោះ ពួកគេអាចដាំដុះបាន តែត្រូវប្រគល់ជួនរដ្ឋវិញ ដោយគ្មានសំណងប្រសិនបើរដ្ឋត្រូវការអភិវឌ្ឍន៍តំបន់នោះ ។ អ្នកភូមិបាននិយាយថា កន្លងមក ដោយសារតែអាជ្ញាធរ ឬមន្ត្រីនៃមន្ទីរពាក់ព័ន្ធ មិនសូវអើពើយកចិត្តទុកដាក់ថែរក្សាដីនៅតំបន់នោះ ទើបធ្វើឲ្យជនខិលខូច និង មន្ត្រីមួយចំនួន មានឱកាសឃុបឃិតគ្នាលួចបែងចែកដីនៅក្នុងតំបន់នោះ ពុះជាឡូត៍ៗលក់ដូរយ៉ាងអនាធិបតេយ្យ ។ ជាពិសេសដីនៅជាប់ដងផ្លូវជុំវិញតំបន់ «អាងខ្នងគូ»នេះតែម្ដង។
បើតាមប្រភពដដែលបានបញ្ជាក់ថា តំលៃដីនោះក្នុងមួយប្លង់ចាប់ពី២.០០០ដុល្លារ រហូតដល់៥.០០០ដុល្លារ ទៅតាមទំហំក្បាលដីតូចឬធំ។ បច្ចុប្បន្ន ដីដែលនៅជាប់តាមដងផ្លូវ ត្រូវគេបោះបង្កោលកំណត់ព្រំប្រទល់ជាឡូត៍ៗ រីឯកន្លែងខ្លះត្រូវគេសាងសង់ជាលំនៅឋានហ៊ុមព័ទ្ធទៅដោយរបងជុំវិញ ។ អ្នកភូមិបានប្រាប់ថា អ្នកដែលទិញដីតំបន់ប្រវត្តិសាស្ត្រទាំងនោះ មានទាំងប្រជាពលរដ្ឋ មានទាំងក្រុមគ្រួសារមន្ត្រីរាជការ ។ ពួកអ្នកច្បាមប្រមូលទិញដីនោះ ហាក់បានដឹងរួចស្រេចហើយថា «វាជាដីរបស់រដ្ឋ និង ជាតំបន់អភិរក្ស សម្រាប់វប្បធម៌ និងទេសចរណ៍» ទៀតផង តែពួកគេនៅតែវិនាសទិញ ដោយឈរលើទ្រឹស្ដីមួយ«ឈ្នះបានដី ចាញ់បានលុយ»។ អ្នកភូមិម្នាក់និយាយទៀតថា ប្រពន្ធលោកមន្ត្រីកងរាជអាវុធហត្ថម្នាក់នៅស្រុកនោះ បានកេណ្ឌគ្នាទៅទិញដីនៅតំបន់នោះ នៅប៉ែកខាងជើង នៃអាងខ្នងគូ ដោយឈរលើគំនិតទុច្ចរិត«ឈ្នះបានដី ចាញ់បានលុយ» នេះឯង។
ពាក់ព័ន្ធនឹងករណីទិញលក់ដីរដ្ឋ នៅក្នុងតំបន់ប្រវត្តិសាស្ត្រ ខាងលើនេះ អភិបាលស្រុកបាណន់ លោកប៉ែន សារីយូ បានថ្លែងប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២២ មករា យ៉ាងដូច្នេះថា «ខ្ញុំបានដឹងដែរ អំពីរឿងជនខិលខូចលួចអង្កន់ដីនៅតំបន់អាងខ្នងគូនេះលក់ ហើយខ្ញុំក៏កំពុងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ និង ធ្វើការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជាបន្ទាន់ផងដែរ នៅពេលនេះ»។ លោកអភិបាលស្រុករូបនេះ បានបញ្ជាក់ថា បើតាមលោកចុះពិនិត្យជាក់ស្ដែង លើផ្ទៃដីនៅក្នុងតំបន់ «អាងខ្នងគូ» នេះ គឺមានកន្លែងខ្លះត្រូវគេចាក់ដីលុបបម្រុងសាងសង់លំនៅឋាន និងកន្លែងខ្លះទៀត នៅជុំវិញនៃតំបន់វប្បធម៌នេះ ត្រូវគេបោះបង្កោលព្រំធ្វើជារបង ដែលមានរលក្ខណៈអង្កន់ជាដីឡូត៍ ។ លោកប៉ែន សារីយូ បានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញបានចុះស្រង់របាយការណ៍ និងស្រង់ឈ្មោះម្ចាស់ដី និងឈ្មោះអ្នកទិញដីទាំងនោះ។ ប៉ុន្តែនៅចំពោះមុខដំបូង យើងនឹងមានវិធានការទប់ស្កាត់នូវចលនាលួចលក់ដីនៅតំបន់នោះសិន ហើយយើងនឹងធ្វើរបាយការ៍បញ្ជូនទៅថ្នាក់លើ ដើម្បីរងចាំចំណាត់ការបន្ត ។
បើតាមប្រវត្តិ «អាងខ្នងគូ» គឺជាស្លាកស្នាមប្រវត្តិសាស្ត្រ ដែលជាតំបន់ទីតាំង «បន្ទាយកងទ័ពនៅជំនាន់សម័យលោកម្ចាស់» និងមានផ្ទៃក្រឡាចំនួន១.០០០ហិកតា ដែលមានបន្ទាយលោកម្ចាស់ស្នាក់នៅចំកណ្ដាល ហើយវាស្ថិតនៅប៉ែកខាតកើត នៃប្រាសាទភ្នំបាណន់។ នេះបើយោងតាមចំណារ នៅក្នុងសៀវភៅ«ផែនការអភិវឌ្ឍន៍ និងការការពារ តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តបាត់ដំបង» ដែលបោះពុម្ភនៅឆ្នាំ២០០៨ ។ ក្នុងចន្លោះពីទសវត្សឆ្នាំ៨០ ដល់ទសវត្សឆ្នាំ៩០ មានមនុស្សជាច្រើនក្រុម បាននាំគ្នាឈ្មុសឈ្មុលជីកកកាយរុករកវត្ថុបុរាណនៅក្នុងបន្ទាយលោកម្ចាស់នេះ ។ ពួកគេបានរកឃើញវត្ថុបុរាណជាច្រើនប្រភេទ ដែលមានអាយុកាលដំណាលគ្នានិងអគារសាលាខេត្តបាត់ដំបង (អគារចាស់ អាយុជាង១០០
ឆ្នាំ)។
ពិតមែនតែតំបន់«អាងខ្នងគូ» ទាំងមូលជាសម្បតិ្តរដ្ឋ ដែលគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ផង។ ប៉ុន្តែបច្ចុប្បន្ននេះ ដីនៅក្នុងតំបន់អាងខ្នងគូទាំងមូល បានប្រែក្លាយជាដីកសិកម្មរបស់ប្រជាពលរដ្ឋរាប់សិបគ្រួសារ ដែលរស់នៅតំបន់នោះ ហើយក៏ត្រូវគេឃុំឃិតគ្នា លួចពុះជ្រៀកជាឡូត៍ៗលក់ដូរយ៉ាងអាណាធិបតេយ្យទៀតផង ។ ប៉ុន្តែយ៉ាងណា បើតាមលោកប៉ែន សារីយូ អភិបាលស្រុកបាណន់ បានអះអាងថា ពេលនេះលោកបានចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យនិងស្រាវជ្រាវរកមុខអ្នកលួចលក់ដីតំបន់អតីត«បន្ទាយកងទ័ពជំនាន់សម័យលោកម្ចាស់»ដែលមានអាយុជាង១០០ឆ្នាំ នោះហើយ ដើម្បីរាយការណ៏ជួនថ្នាក់ដឹកនាំជ្រាប និងមានវិធានការបន្ត ៕
ចែករំលែកព័តមាននេះ