ទីក្រុង​ហានូយ​នឹង​មាន​សាច់​ជ្រូក​គ្រប់គ្រាន់​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ខាង​មុខ​ឬទេ?


ហានូយ​៖ មន្ត្រី​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រាជធានី​ហានូយ​នៃ​ប្រទេស​វៀតណាម​បាន​និយាយ​ថា​ទីក្រុង​ធំ​មួយ​នេះ​នឹង​មិន​ត្រូវ​ប្រឈម​បញ្ហា​កង្វះ​សាច់​ជ្រូក​ក្នុងអំឡុងពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ចិន​-​វៀតណាម​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ បើ​ទោះបីជា​ប្រទេស​មួយ​នេះ​ពើបប្រទះ​បញ្ហា​នៃ​ការ​ផ្ទុះ​និង​រីក​រាលដាល​នៃ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ក្តី ។

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Vietnamnews កាលពី​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ខ្វះខាត​នូវ​សាច់​ជ្រូក​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម​បាន​កើតឡើង​អស់​រយៈពេល​ប្រហែលជា ១០ ខែ​មក​ហើយ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ជំងឺ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ដែល​បាន​ធ្វើ​ឲ្យ​វៀតណាម​ជួប​វិបត្តិ​សាច់​ជ្រូក​ធ្ងន់ធ្ងរ ។

​អ្នក​នាង Trần Thị Phương Lan អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រាជធានី​ហានូយ​បាន​និយាយ​ថា​តម្រូវការ​សាច់​ជ្រូក​របស់​អ្នក​រស់នៅ​ទីក្រុង​ហានូយ​នឹង​ត្រូវ​បាន​បំពេញ​បាន ពីព្រោះ​អ្នក​ផ្គត់ផ្គង់​មក​ពី​ខេត្ត​និង​ក្រុង​ជិតខាង​របស់​ហានូយ បាន​ប្តេជ្ញា​ផ្តល់​ទីក្រុង​មួយ​នេះ​នូវ​បរិមាណ​សាច់​ជ្រូក​ប្រមាណ ៤៣.០០០ តោន​ក្នុង​ឱកាស​វិស្សមកាល​នៅ​ចុង​ខែមករា​នេះ​។ ​តំរូវការ​សាច់​ជ្រូក​របស់​ទីក្រុង​ហានូយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​មាន​ប្រហែល ២២.៣០០ តោន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ ។

តម្លៃ​សាច់​ជ្រូក​នៅ​តាម​ផ្សារ​មួយ​ចំនួន​នៅ​វៀតណាម មាន​តម្លៃ​ចាប់ពី ១៣០,០០០- ដុ​ង ទៅ​ដល់ ១៨០,០០០ ដុ​ង (​ប្រមាណ​ជាង ៥.៦ ទៅ ៧.៧៤ ដុល្លារ​អា​មេ​រិ​ក ) ដែល​គិត​ទៅ​វា​មាន​តម្លៃ​ខ្ពស់​ជាង​មុន ប្រហែល​ពី ៥០.០០០ ដុ​ង​ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀបធៀប​នឹង​តម្លៃ​កាលពី​ពេល​នា​រដូវ​កាល​បុណ្យ​ទាន​ដែល​មាន​តម្រូវការ​សាច់​ជ្រូក​ខ្ពស់​នោះ ។

ខណៈ​តម្លៃ​សាច់​ជ្រូក​នៅ​តាម​ទីផ្សារ​ធម្មតា​ឡើង​ខ្ពស់ នៅ​តាម​ផ្សារ​ទំនើប​ជា​ច្រើន​តម្លៃ​សាច់​ជ្រូក​បែរជា​ចុះថោក​ទៅ​វិញ ។ ជាក់ស្តែង​ផ្សារ​ទំនើប Co.op នៅ​ហានូយ តម្លៃ​សាច់​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​ភី (CP) បាន ថយ​ចុះ​គឺ​ចាប់ពី ៥,០០០ ដុ​ង ទៅ​ដល់ ១០,០០០ ក្នុង​មួយ​គីឡូ​បើ​ធៀប​នឹង​មួ​យស​ប្តា​ហ៍​មុន​។
បើ​ទោះបីជា​សាច់​ជ្រូក​នៅ​តាម​ផ្សារ​ទំនើប​ធ្លាក់​ថ្លៃ​ក៏​ពិតមែន តែ​ពុំ​មាន​អតិថិជន​ច្រើន​បាន​ជាវ​នោះ​ទេ នេះ​បើ​យោង​តាម​អ្នកលក់​សាច់​ជ្រូក ។

អ្នកស្រី ង្វៀ​ន ធូ​ណា (Nguyễn Thị Na) កម្មករ​នៅ​សួនឧទ្យាន​ឧស្សាហកម្ម​កូ​ឌឿ​ន (Cầu Diễn) បាន​និយាយ​ថា​តម្លៃ​សាច់​ជ្រូក​នៅ​ហាង​នេះ​គឺ​មាន​តម្លៃ​ចាប់ពី ១៣០.០០០ ដុ​ង (​ប្រមាណ​ជាង ៥ ដុល្លារ​អា​មេ​រិ​ក​) ដល់ ១៥០,០០០ ដុ​ង (​ជាង ៧ ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​គីឡូក្រាម ដូច្នេះ​នាង​ពុំ​មាន​លទ្ធភាព​ទិញ​រាល់ថ្ងៃ​នោះ​ទេ អ​ញ្ចឹ​ង​មាន​តែ​កាត់​បន្ថយ​មក​ទិញ​សាច់​ជ្រូក​ត្រឹម ម្តង​ឬ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

ចំពោះ​ការ​នាំ​ចូល​សាច់​ជ្រូក​អ្នកស្រី Trần Thị Phương Lan បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​បាន​ដឹកនាំ​អាជីវកម្ម​ទូ​ទាំង​ប្រទេស​រួម​ទាំង​អ្នក​មក​ពី​ហានូយ ផង​ដែរ​ក្នុង​ការ​នាំ​ចូល​សាច់​ជ្រូក​ប្រមាណ ១០០,០០០ តោន​នៅ​ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ​នេះ​។

​អ្នកស្រី​បាន​អះអាង​ថា​ទីក្រុង​ហានូយ​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​អ្នក​នាំ​ចូល​ប្រសិនបើ​វា​ខ្វះ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​ឆ្លើយ​តប​នឹង​តម្រូវការ​សាច់​ជ្រូក​នោះ ។ ​របាយការណ៍​របស់​ការិយាល័យ​គយ​ហានូយ​បាន​បង្ហាញ​ថា​ទីក្រុង​បាន​នាំ​ចូល​សាច់​ជ្រូក​ជិត ១០ ម៉ឺន​គីឡូក្រាម​កាលពី​ខែធ្នូ​ឆ្នាំ​មុន​។​អ្នកស្រី​បាន​បន្ត​ថា «​យើង​មិន​ទាន់​បាន​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​នាំ​ចូល​សាច់​ជ្រូក​ទេពី​ព្រោះ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ទីក្រុង​ក្នុង​ឱកាស​វិស្សមកាល​នេះ​» ៕ កែស​ម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ