រាជធានីភ្នំពេញ ៖ សន្ទុះនៃកំណើនក៏ដូចជាការវិនិយោគនៅក្នុងវិស័យសំណង់និងអចលនទ្រព្យជិត១ទសវត្សរ៍ចុងក្រោយនេះកើនឡើងគួរចាប់អារម្មណ៍។ ទន្ទឹមនឹងវិស័យមួយនេះបន្តមានការរីកចម្រើនខ្លាំងពីឆ្នាំទៅមួយឆ្នាំ ក៏ត្រូវបានស្ថាប័នរូបិយវត្ថុជាតិ ឬធនគារជាតិនៃកម្ពុជាដាក់បញ្ចូលទៅក្នុងចំណុចនៃផែនការតាមដានរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាទន្ទឹមនឹងវិស័យធនាគារនិងហិរញ្ញវត្ថុបន្តមានការរីកចម្រើននិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងវិស័យសំណង់និងអចលនទ្រព្យនេះ ទាមទារត្រូវបន្តតាមដាននិងដាក់ចេញនូវវិធានការណ៍គ្រប់ជ្រុងជ្រោយការអនុវត្តវិស័យមួយនេះដោយផ្អែកតាមបទពិសោធន៍វិស័យនេះមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ២០១៩និងលើកទិសដៅបន្តកាលពីថ្ងៃទី១៧ ខែមករាថា យើងត្រូវបន្តតាមដានការអនុវត្តរបស់វិស័យសំណង់និងអចលនទ្រព្យ ដោយសារវិស័យនេះនិងវិស័យធនាគារមានទំនាក់ទំនិងយ៉ាងជិតស្និទ្ធទាំងនៅរូបភាពជាវត្ថុបញ្ចាំនិងឥណទានក្នុងវិស័យធនាគារទៅកាន់វិស័យអចលនទ្រព្យ។ លោកទេសាភិបាលគូសបានបញ្ជាក់ថា «បច្ចុប្បន្ននេះវិស័យសំណង់និងអចលនទ្រព្យមានការកើនឡើងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកំណើន ។ តែទោះយ៉ាងណាតាមបទពិសោធន៍អន្តរជាតិវឌ្ឍនៈភាពលើវិស័យសំណង់និងអចលនទ្រព្យអាចប្រែប្រួលយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមានការដាក់ចេញនូវវិធានការណ៍ប្រុងប្រយ័ត្ននិងធ្វើការវាយតម្លៃឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយជាមួយកិច្ចសហប្រតិបត្តិការក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដូចជាការដាក់ពន្ធលើប្រតិបត្តិការទិញលក់ ការរក្សារអចលនទ្រព្យ និងជ្រើសរើសគម្រោងដែលមានគុណវុឌ្ឍ និងការដាក់កម្រិតកំណត់លើអនុបាតកម្ចីប្រៀបធៀបទៅនឹងតម្លៃ»។
លោកបានលើកឡើងថា វិស័យសំណង់វាល្អ តែវាថ្មីបញ្ហារីកចម្រើន និងប្រឈមយើងត្រូវមានការប្រុងប្រយ័ត្នការពារជាមុន។យើងធ្វើការត្រួតពិនិត្យដោយផ្អែកទៅលើទស្សនៈអនាគត វាសំខាន់ណាស់ដើម្បីធានាកុំឱ្យកើតមានជាយថាហេតុ។ធនាគារកណ្តាលយើងត្រូវប្រុងប្រយ័ត្នជាមុន។ទន្ទឹមនឹងស្ថាប័នរូបិយវត្ថុជាតិបង្ហាញផែនការតាមលើប្រតិបត្តិការនៅក្នុងវិស័យសំណង់និងអចលនទ្រព្យបង្ការកុំឱ្យកើតមានបញ្ហាជាយថាហេតុ ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏បានបង្ហាញការរឹតបណ្តឹងការអនុវត្តច្បាប់សំណង់ ខណៈវិស័យនេះមានការបាក់រលំអគារពីរនៅខេត្តព្រះសីហនុនិងខេត្តកែបកាលថ្មីៗនេះ។
លោក ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានប្រសាសន៍ថ្មីៗនេះថាវិស័យសំណង់នៅឆ្នាំ២០១៩ វិស័យសំណង់មានចំនួនរហូតទៅដល់១ម៉ឺន១ពាន់លានដុល្លារសហរដ្ឋអាមេរិកស្មើនឹង៩៨%បើប្រៀបនឹងឆ្នាំ២០១៨ មានតែ៥ពាន់លានដុល្លារអាមេរិក។ ច្បាប់សំណង់នេះចាត់ទុកថាបានផ្តល់នូវជំនឿជឿជាក់របស់រាជរដ្ឋាភិបាលដល់អ្នកវិនិយោគ បោះទុននៅក្នុងព្រះ រាជាណាចក្រកម្ពុជាមានការសម្រុកច្រើន ដែលតម្រូវឱ្យច្បាប់សំណង់នេះឆ្លើយតបទៅនិងកិច្ចការដែលយើងចង់បាន។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «កាលពីមុនវិស័យសំណង់អត់មានច្បាប់ តែពេលនេះមានច្បាប់ហើយជឿជាក់ចុះថាខ្ញុំនឹងអនុវត្តន៍បាន ។ ពីមុនអត់ច្បាប់ខ្ញុំមិនដឹងធ្វើម៉េចដែរអង្វរគេក៏គេអត់ស្តាប់យើង ទៅសំពះក៏មិននិយាយរក។ប៉ុន្តែឥឡូវអត់ទេគឺធ្វើទៅតាមច្បាប់ ម្តងទៅត្រួតពិនិត្យមានឯកសាររុញទៅធ្វើដើមបណ្តឹងទៅតុលាការ។បើយើងបានយ៉ាងដូច្នេះទើបយើងសម្រេចបាននូវគោលបំណងនៃច្បាប់សំណង់នេះ»។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅការងារឆ្នាំ២០២០របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅថ្ងៃទី២៥ធ្នូ២០១៩នេះបង្ហាញថា ទិន្នន័យសណង់ទូទាំងប្រទេសមានចំនួន៤.៤៤៦គម្រោងមានផ្ទៃក្រឡាសំណង់សរុបជាង១៨លានម៉ែត្រការ៉េ តម្លៃប៉ា់ន់ស្មានទុនវិនិយោគប្រមាណ៩.៣៥៣លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨មានចំនួន៨៦៧គម្រោង មានផ្ទៃក្រឡាសំណង់ជាង១១លានម៉ែត្រការ៉េត ហើយមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង៥.២២៨លានដុល្លារអាមេរិក កើនឡើង៧៨,៨៨%៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ