ខេត្តបាត់ដំបង ៖ ជារៀងរាល់ឆ្នាំមុនថ្ងៃប្រលងបាក់ឌុបមួយថ្ងៃ គេសង្កេតឃើញក្រុមយុវសិស្សដែលត្រូវប្រលងភាគច្រើនបាននាំគ្នាយ៉ាងពពាក់ពពូនទៅអុជធួបលត់ជង្គង់នៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូងទៅតាមជំនឿរបស់ពួកគេដែលមានទាំងតង្វាយផ្លែឈើនានាផង ដើម្បីបន់ស្រន់សុំឲ្យបារមីដ៏ពូកែសក្ដិសិទ្ធរបស់លោកតាដំបងគ្រញូងជួយឲ្យពួកគេបានប្រលងជាប់។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី០៣ សីហា រហូតមក យុវសិស្សទាំងប្រុស-ស្រី ហាក់មានការមមាញឹកយ៉ាងខ្លាំងនៅតាមមណ្ឌលប្រលង ខណៈនៅឯរង្វង់ មូលរូបសំណាកលោកតាដំបងគ្រញូង ពួកគេក៏បានមកប្រមូលផ្ដុំគ្នាណែនតាន់តាប់ដែរដើម្បីបន់ស្រន់។ ផ្សែងធូបហុយទ្រលោមមិនដាច់គ្របដណ្ដប់ លើរូបសំណាកតាដំបងគ្រញូង ដែលមានទំហំប៉ុនយក្សខុសពីថ្ងៃសីល និងថ្ងៃធម្មតា។
ក្រុមយុវសិស្សដែលមានជំនឿយ៉ាងមុតមាំ បាននាំគ្នាលុតជង្គង់នៅចំពោះមុខលោកតាដំបងគ្រញូងជាមួយនឹងតង្វាយបាច់ផ្កា និងផ្លែកចេក ប៉ុន្តែគ្មានតង្វាយមាន់ស្ងោរ មាន់ដុត ទាខ្វៃ ឬក្បាលជ្រូកទេ។ យុវជនឈ្មោះនួប ចាន់ណា អាយុ២១ឆ្នាំ មកពីស្រុកមោងឬស្សីបាននិយាយថា «ខ្ញុំមានចេក១ស្និត មកបន់ស្រន់សុំឲ្យបារមីលោកតាដំបងគ្រញូងជួយឲ្យខ្ញុំបានប្រលងជាប់ ហើយខ្ញុំមានជំនឿយ៉ាងខ្លាំងលើបារមីលោកតាដំបងគ្រញូង ដែលមនុស្សទូទៅតែងមកបន់ស្រន់មិនថា មានរឿងអ្វីទេ»។
រីឯកញ្ញាគុណ សម្បត្តិ វ័យ១៩ឆ្នាំ មកពីស្រុកថ្មគោលក៏បាននិយាយដោយទឹកមុខញញឹមផ្ទុយពីយុវជនចាន់ណាថា ការប្រលងនេះនាងត្រូវពឹងផ្អែកទាំងស្រុងទៅលើចំណេះដឹងរបស់នាង តែនាងមកអុជធូបបន់ស្រន់នេះ គឺគ្រាន់តែសុំឲ្យបារមីលោកតាដំបងគ្រញូងជួយដល់ស្មារតីនាងកុំឲ្យភ័យរន្ធត់នៅថ្ងៃប្រលង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ