រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាខ្ញុំសូមសម្ដែងនូវការសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់វៀតណាម ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហ ភាពអឺរ៉ុប ដែលបាន និងកំពុងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ ជាមួយនឹងលំហូរវិនិយោគបរទេសក្នុងប្រទេសវៀតណាម ក៏ដូចជាបណ្ដាប្រទេសជិតខាងក្នុងតំបន់រួមទាំងកម្ពុជាផងដែរ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសយើងទាំងពីរ ។
សម្ដេចតេជោបានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ២០២០ ជាមួយសហគមន៍ និងធុរកិច្ចវៀត ណាមនៅកម្ពុជានារាត្រីថ្ងៃទី១៧ មករា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដើម្បីបង្ហាញអំពីទិដ្ឋភាពជាប្រពៃណី ជាពិសេសការពង្រឹងភាពជាដៃគូលើគ្រប់ភាគីពាក់ព័ន្ធរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ។
សម្ដេចតេជោមានប្រសាសន៍ថា លោកប្រធានក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា បានលើកពីទំហំពាណិជ្ជកម្មលើសពី៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ តួលេខនេះគឺជាតួលេខដែលយើងជឿជាក់បាន ព្រោះថាអ្វីដែលជាតួលេខដែលយើងបានកត់ត្រាតាមរយៈគយ នោះមិនមែនមិនឆ្លុះបញ្ចាំងការពិតនោះទេ ។
យ៉ាងហោចណាស់វៀតណាមបានជួយទិញស្រូវពីកម្ពុជាក្នុងចន្លោះពី១លានទៅ២លានតោនក្នុងមួយឆ្នាំ ហើយមិនបានកត់ត្រានៅក្នុងជើងលេខរបស់គយនោះទេ ។ មូលហេតុនេះហើយដែលយើងអំពាវនាវឱ្យមិត្តវៀតណាមឲ្យមកវិនិយោគនៅកម្ពុជាដោយសារវៀតណាមមានលទ្ធភាពច្រើននៅក្នុងការកែច្នៃ ដូច្នេះការវិនិយោគទៅលើឧស្សាហកម្មកែច្នៃនៅកម្ពុជាគឺមានប្រយោជន៍ដល់ប្រជាជនកម្ពុជាក៏ដូចជាធុរកិច្ចវៀត ណាមដែលធ្វើសកម្មភាពនៅកម្ពុជា ។
ទន្ទឹមនេះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម បច្ចុប្បន្នក៏ដូចជាបណ្ដាឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿទុកចិត្តគ្នា ការជួយគ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរសម្រេចបាននូវវឌ្ឍនភាពបានល្អប្រសើរទាំងវិស័យសេដ្ឋកិច្ច-នយោបាយ និងការទូត ។
សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំមានសុទិដ្ឋិនិយមចំពោះវិស័យវិនិយោគិនជាតិនិងបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាមដែលជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលនៃវិនិយោគដំបូងឬការពង្រីកសេវាកម្មរបស់ខ្លួនបន្តទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលស្ដីពីការលើក ទឹកចិត្តសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចដោយគ្មានការរើសអើងដែលមានលក្ខណៈប្រកួត ប្រជែងស្មើភាពរាល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់ការវិនិយោគលើគ្រប់វិស័យដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរសម្រេចបានគោលដៅដែលបានគ្រោងទុក ។
ខ្ញុំពិតជាមានការរីករាយដែលខ្ញុំបានអនុវត្តនូវការសន្យារបស់ខ្ញុំនៅទីក្រុងហាណូយនៅពេលទស្សនកិច្ចរបស់ខ្ញុំនៅទីនោះ ហើយដែលមានសំណូមពរឱ្យមានការជួបជុំគ្នាប្រចាំឆ្នាំ ។ សម្ដេចតេជោបញ្ជាក់ថា នេះជាឆ្នាំទី១ដែលជួបជុំគ្នា ហើយខ្ញុំសង្ឃឹមថា ឆ្នាំក្រោយមុនពេលចូលឆ្នាំវៀតណាម យើងនឹងមានការជួបជុំគ្នាជាបន្តទៀត សង្ឃឹមថា យើងនឹងជួបគ្នាបែបនេះដើម្បីពង្រឹងនូវចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក ជាពិសេសគឺពង្រឹងនូវការជឿទុកចិត្តសម្រាប់វិនិយោគិនវៀតណាមនៅកម្ពុជា ។
នៅក្នុងឱកាសរីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមឆ្នាំ២០២០ ដែលនឹងឈានមកដល់ក្នុងពេល ឆាប់ៗខាងមុខនេះ សម្ដេចតេជោមានប្រសាសន៍ថា សូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់លើកកែវឡើងដើម្បីចំណងមិត្តភាព និងសាមគ្គីភាពភាពរឹងមាំរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ជាពិសេសដើម្បីសុខភាពបរិបូណ៌និងជោគជ័យគ្រប់ភារកិច្ចរបស់លោក-លោកស្រីទាំងអស់នៅទីនេះ ៕
ចែករំលែកព័តមាននេះ