ហេតុ​អ្វី​ក៏​មិន​ហ៊ាន​ដក​ជើងធូប​មុន​ថ្ងៃ​សែន​គម្រប់​១​ឆ្នាំ ?


ប្រពៃណី​របស់​ប្រជាជន​ចិន​ក៏​ដូច​ប្រជាជន​វៀតណាម ឬ​អ្នក​កាត់​ចិន​-​វៀតណាម​កាន់​តាម​ត្រណម​ខ្លាំង​ណាស់​គឺ​មិន​ហ៊ាន​ដក​ជើងធូប​មុន​ថ្ងៃ​កំណត់​ទេ ត្រូវ​រង់ចាំ​រយៈពេល​១​ឆ្នាំ​ពេញ​បរិបូណ៌ ពោល​គឺ​ចាប់ពី​ដើមឆ្នាំ​រហូត​ដល់​ចុងឆ្នាំ ទើប​គេ​ហ៊ាន​ធ្វើ​ពិធី​សែន​ដើម្បី​រុះរើ និង​ដក​ជើងធូប​ពី​កំប៉ុង ផើង​ចេញ​បាន ។

ដោយ​ហោចទៅ​អ្នក​កាត់​ចិន​-​វៀតណាម កុំ​ថា​ឡើយ​ដល់​ទៅ​ដក​ជើងធូប​ចេញពី​កំប៉ុង សូ​ម្បី​តែ​កំប៉ុង​ជើងធូប​ក៏​មិន​ហ៊ាន​ទៅ​ប៉ះពាល់​ផង យ៉ាងច្រើន​ហ៊ាន​ត្រឹមតែ​ជូត​សម្អាត​ធូលី ផេះ​តិចតួច​ប៉ុណ្ណោះ ។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បានជា​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​សែន​ដក​ជើងធូប​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ ទើប​ហ៊ាន​ដក​ជើងធូប​ចេញពី​កំប៉ុង​នោះ ? ចំណុច​នេះ​ពុំ​សូវ​មាន​ជនជាតិ​ចិន​រូប​ណា​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ទេ ដោយ​ពួក​គេ​ភាគច្រើន​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា​ថា វា​ជា​ទម្លាប់ គឺ​ធ្វើ​តាម​អ្វី​ដែល​គេ​ធ្លាប់​ឃើញ​ចាស់​ៗ​ធ្វើ​ត​ៗ​គ្នា​មក តែបើ​ហ៊ាន​ដក​ជើងធូប​ចេញពី​កំប៉ុង ឬ​រុះរើ​កំប៉ុង​ជើងធូប ខ្លាច​ដាក់​រាសី រកស៊ីមិនឡើង ឬ​ជួប​គ្រោះកាច​ចង្រៃ​ផ្សេង​ៗ ។

ចំពោះ​ត្រណម​នេះ ព្រឹទ្ធាចារ្យ ហេង លី​ហៀ​ង ជា​អ្នក​ស្នង​រូប​តាំងពី​ក្មេង​មក​បាន​ពន្យល់​ថា កុងម៉ា​និង​ទេវតា​ដែល​ជា​ម្ចាស់​កំប៉ុង​ជើងធូប​មិន​ចង់ មិន​ចូល​ចិត្ត​ឱ្យ​អ្នក​ណា​ប៉ះពាល់​កំប៉ុង​ជើងធូប​របស់​គាត់​ទេ ដោយ​ចាត់​ទុក​ការ​ប៉ះពាល់​នោះ​ថា​ជា​ការ​រំខាន​ភាព​ស្ងប់​សុខ​របស់​ពួក​គាត់ ឬ​ជា​ការ​មិន​គោរព​ចំពោះ​ពួក​គាត់ ។ បើ​មាន​អ្នក​ប៉ះពាល់​កំប៉ុង​ជើងធូប ដែល​ជា​ការ​រំខាន​ដល់​កុងម៉ា​និង​ទេវតា​នោះ ព្រលឹង​អ្នក​ទាំងនោះ​មិន​សប្បាយចិត្ត​អាច​នឹង​បង្ក​គ្រោះ​មិនល្អ​ណាមួយ​ដល់​ម្ចាស់ផ្ទះ ឬ​មិន​ជួយ​ការពារ និង​មិន​ឱ្យ​ចម្រុងចម្រើន​ឡើយ ។

ទោះជា​យ៉ាងនេះ​ក្តី លោក​ព្រឹទ្ធាចារ្យ​បាន​បញ្ជាក់​ថា ប្រពៃណី​ជា​អ្វី​ដែល​គេ​គប្បី​ថែរក្សា​មែនហើយ ប៉ុន្តែ​សុវត្ថិ​ភាព​ក៏​ជា​អ្វី​ដែល​គេ​មិន​គប្បី​ធ្វេសប្រហែស​ដែរ ដ្បិត​គេ​បានដឹង​ឮជា​ហូរហែ​មក​ហើយ​ថា អគ្គិភ័យ​កើត​ពី​កំប៉ុង​ជើងធូប​នេះ​ក៏​មិន​តិច​ដែរ ៕ សាន សារិន

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ