ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចប្រទះឃើញកូនដំរីព្រៃមួយក្បាលដែលទើបនឹងកើតថ្មីៗ ហើយសង្ស័យថា វង្វេងហ្វូងរបស់វា នេះបើតាមបញ្ជាក់ពីមន្ត្រីជំនាញកូនដំរីនេះ មានអាយុត្រឹមប្រហែល១០ថ្ងៃប៉ុណ្ណោះ ។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានប្រទះឃើញកូនសត្វដំរីព្រៃនេះកាលពីថ្ងៃ១៧ មករា ឆ្នាំ២០២០ ខណៈដែលមន្ត្រីបរិស្ថានដើរល្បាតក្នុងព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច លោកបញ្ជាក់ថា ពីដំបូងកូនសត្វដំរីនេះ មានសភាពដុនដាបយ៉ាងខ្លាំង ហើយមកដល់ល្ងាចថ្ងៃទី១៨ មករានេះ សុខភាពរបស់វាមានសភាពប្រសើរបន្តិចវិញហើយ ។
លោកប្រធានមន្ទីរបរិស្ថានក៏ឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញកំពុងយកចិត្តយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះកូនសត្វដំរីមួយក្បាលនេះ ហើយមន្ត្រីជំនាញមិនយកវាចេញឆ្ងាយពីកន្លែងកើតហេតុទេ ដោយខ្លាចមេរបស់វាមករកមិនឃើញ ហើយប្រសិនមេរបស់វាមិនត្រឡប់មករកកូនវាវិញទេ មន្ទីរជំនាញ និងមានវិធានការជួយសង្គ្រោះវាទៅទីកន្លែងសុវត្ថិភាព ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ